ស្នាមញញឹម របស់តាៗធាក់ស៊ីក្លូ ជាច្រើនរយនាក់ បានអង្រួនដួងចិត្តរបស់តារាចម្រៀងករុណា ពេជ្រ អោយស្រក់ទឹកភ្នែក អួលដើមកទៅវិញ ខណៈដែលតារាចម្រៀងរូបនេះ បានរៀបចំពិធីជួបជុំ និងពិសារអាហារនៅភោជនីយដ្ឋានវីហ្វ្រេនស្ពានបាឡេ កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី៤ កុម្ភៈ ២០២១។
តារាចម្រៀងរូបនេះ បានអោយដឹងថា គ្រាដែលបានជួបផ្ទាល់ជាមួយនឹងលោកតា ពូ អុំ ធាក់ស៊ីក្លូ និងបានអញ្ជើញគាត់មកពិសាហារមួយពេល ដែលមានរស់ជាតិឆ្ងាញ់ គឺម្ហូបទាំងអស់គឺជាមុខម្ហូបតុកា អោយពួកគាត់បានឆ្ងាញ់ម្តង ទាំងនោះហើយគឺជាសេចក្តីសុខផ្លូវចិត្ត ដែលបានកើតឡើង និងរំភើបរហូតស្រក់ទឹកភ្នែក។ និយាយទាំងអួលដើមក ពេលដែល តាតាស៊ីក្លូ ជាងបីរយ នាក់បានដឹងរឿងពិតអំពីលោកឳពុក របស់ ករុណា ពេជ្រ ឈឺដោយមិនដឹងឮអ្វីទាំងអស់ ពោលគឺជាមនុស្សរុក្ខជាតិ តាតា ទាំងនោះបានជូនពរសូមអោយឳពុក របស់ករុណា បានដឹងខ្លួនស្គាល់កូន ឡើងវិញ ពេលនោះហើយដែលតារាចម្រៀង រូបនេះ អួលដើមក និយាយមិនចេញ ក្រៅពីសម្រក់ទឹកភ្នែក។
លោកថា ការរៀបចំនេះ គឺធ្វើឡើងនៅចំថ្ងៃទិវានៃក្តីស្រលាញ់១៤ កុម្ភៈ ប៉ុន្តែដោយជាន់ថ្ងៃជាមួយនឹងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន ដូច្នេះលោកនិងក្រុមការងារបានសម្រេចផ្លាស់ប្តូរមកថ្ងៃ៤កុម្ភៈវិញម្តង។ លោកក៏បានអរគុណ សប្បុរសជន ទាំងក្នុងនិងក្រៅប្រទេស ដែលបានរួមចំណែក ចូលជាថវិកា និង សម្ភារៈមួយចំនួន។