បន្ទាប់ពីចាកចេញពីផលិតកម្មថោន ធ្វើឱ្យហ្វេនជាច្រើនភ្ញាក់ផ្អើលកាលពីពាក់កណ្តាលឆ្នាំ២០២០ នៅពេលនេះកំពូលតារាចម្រៀងសំឡេងផ្អែម មាស សុខសោភាព បានសម្រេចចិត្តទៅជ្រកក្រោមទ្រនំថ្មីជាផ្លូវការហើយ ពោលផលិតកម្មថ្មីនោះ គឺមានឈ្មោះថា «រាម»។
ដំណឹងចូលជ្រកក្រោមទ្រនំថ្មីនេះ ត្រូវបានមាស សុខសោភា បង្ហោះឱ្យដឹងនាពេលថ្មីៗនេះថា បច្ចុប្បន្ននាងបានសម្រេចចិត្តចុះកុងត្រៀម ចូលធ្វើជាតារាចម្រៀងពេញសិទ្ធ ក្នុងផលិតកម្មថ្មីមួយហើយ គឺផលិតកកម្ម រាម ខណៈព្រឹត្តិការណ៍សម្ពោធផលិតកម្មរាម និងការស្វាគមន៍វត្តមានរបស់ មាស សុខសោភា មកកាន់ផលិតកម្មរាម គឺនឹងត្រូវធ្វើឡើងនៅថ្ងៃទី ១៩ ខែកុម្ភៈ ក្នុងពេលជាមួយគ្នាតែម្តង។
កំពូលតារាចម្រៀងស្រីរូបនេះ មាស សុខសោភា បានបញ្ជាក់ថា ខណៈដែលបទចម្រៀងមួយចំនួនបានត្រៀមរួចជាស្រេច ជាមួយនឹងការសម្រិតសម្រាំងផលិត ដោយបច្ចេកទេស ពិសេសកាំមេរ៉ាដែលផលិតកម្មនេះប្រើគឺមានតម្លៃថ្លៃកប់ពពកមិនធ្លាប់មានប្រើនៅកម្ពុជា ហើយក៏ជាបច្ចេកវិទ្យាកាំមេរ៉ាទំនើបចុងក្រោយដែលក្រុមហ៊ុនលំដាប់ហូលីវូដប្រើប្រាស់ផងដែរ។ យ៉ាងណាមិញ នៅថ្ងៃទី១៩ កុម្ភៈខាងមុខនេះ គឺជាថ្ងៃបើកមុខទំព័រផលិតកម្មថ្មីហើយ បទចម្រៀងនីមួយៗសុទ្ធសឹងតែសម្រិតសម្រាំងគុណភាពជាចំបង ដោយមិនផលិតតែបរិមាណបទ។ មានការលើកឡើងផងដែរថាក្រៅពីតារាចម្រៀង មាស សុខសោភា ផលិតកម្មនេះក៏នឹងទាញយកតារាចម្រៀង តារាកំប្លែងមួយចំនួនចូលច្រៀងផងដែរ ដែលមានការបង្ហើបថា តារាកំប្លែង នាយគ្រឿន និងនាងខ្ញុងក៏នឹងចូលច្រៀងក្នុងផលិតកម្មថ្មីមួយនេះផងដែរ។
សូមជម្រាបដែរថា គេក៏នៅមិនទាន់អាចសន្និដ្ឋានបាននៅឡើយទេថាតើសន្ទុះទីផ្សារបទចម្រៀងក្នុងផលិតកម្មថ្មីរបស់នាងនឹងអាចហក់ឡើងបានកម្រិតណា ហើយការចុះកិច្ចសន្យារយៈពេល១ឆ្នាំរបស់នាងក៏ត្រូវបានគេដឹងថាដើម្បីបន្តស្ទាបស្ទង់ទីផ្សារមួយដើម្បីងាយបន្តឬបញ្ចប់កិច្ចសន្យាក្នុងរយៈពេលខ្លី៕