ភ្នំពេញ៖ បច្ចុប្បន្នគេសង្កេតឃើញថា ផលិតផលផ្លែម្រេចរបស់កសិករនៅតាមខេត្តមួយចំនួន មានការធ្លាក់ថ្លៃយ៉ាងខ្លាំងដែលធ្វើឱ្យពួកគាត់ស្ទើរតែបោះបង់របរនេះចោលទៀតផង។ តែទោះយ៉ាងនេះក្តី ម្រេចរបស់ក្រុមហ៊ុនធំៗមួយចំនួននៅតែមានទីផ្សារលក់ចេញទៅក្រៅប្រទេស និងទទួលបានការអនុគ្រោះពន្ធ100%ថែមទៀតផង តើប្រទេសដែលអនុគ្រោះពន្ធទាំងនោះមានប្រទេសណាខ្លះ?
ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានថ្លែងឱ្យដឹងថា បច្ចុប្បន្នកម្ពុជាមានផ្ទៃដីដាំដុះម្រេចសរុបប្រមាណ 6,678ហិកតា និងមានទិន្នផលចំនួនជាង 2ម៉ឺនតោន និងជាកាលានុវត្តភាពរបស់វិនិយោគិនក្នុង និងក្រៅប្រទេសលើដំណាំប្រភេទនេះ ហើយកម្ពុជាបានធ្វើការនាំចេញទៅទីផ្សារនៃប្រទេសក្នុងតំបន់ និងមួយចំនួនទៀតនាំចេញទៅទីផ្សារជប៉ុន សហគមន៍អឺរ៉ុប និងអាមេរិក ជាដើម ដែលជាទីផ្សារផ្តល់ភាពអនុគ្រោះពាណិជ្ជកម្មដល់កម្ពុជា ក្នុងការនាំចេញម្រេចដោយមិនចាំបាច់បង់ពន្ធនាំចូល។
ទន្ទឹមគ្នានេះក្រសួងពាណិជ្ជកម្មក៏បានធ្វើប្រតិភូកម្មការចេញលិខិតបញ្ជាក់ប្រភពដើមទំនិញលើផលិតផលកសិកម្មដល់មន្ទីរពាណិជ្ជកម្មខេត្តជាប់ព្រំដែនក្នុងការសម្រួលដល់កសិករឬផលិតករ និងពាណិជ្ជករក្នុងការនាំផលិតផលចេញ និងបានរៀបចំជាឯកសារយុទ្ធសាស្ត្រមួយចំនួនដូច៖
1.ការរៀបចំបង្កើត និងពង្រឹងឡើងវិញនូវសមាគមម្រេចក្នុងស្រុក និងខេត្តគោលដៅដើម្បីជាសេណារីយោប្រទាក់ក្រឡាមួយក្នុងការទទួលបានព័ត៌មាន និងសេវាកម្មផ្សេង។
2.បង្កើតឱ្យមានក្រុមការងារបច្ចេកទេស ដោយមានការចូលរួមពីអន្តរស្ថាប័នជាតិ និងអន្តរជាតិ ។
3. នៅពេលយន្តការទាំង2 ខាងលើរួចរាល់ ក្រសួងនឹងបន្តរៀបចំបង្កើតជាសហព័ន្ធម្រេចកម្ពុជាដែលជាក្បាលម៉ាស៊ីនដឹកនាំក្នុងការធ្វើជាដៃគូជាមួយរាជរដ្ឋាភិបាលសំដៅដោះស្រាយបញ្ហានានាដែលកើតមានដូចជា បញ្ហាទីផ្សារ ការនាំចេញ កិច្ចសម្របសម្រួលពាណិជ្ជកម្ម និងឈានទៅចូលរួមជាសមាជិករបស់សហគមន៍ម្រេចអន្តរជាតិនាពេលខាងមុខ។
គួរបញ្ជាក់ថា នៅក្នុងសិក្ខាសាលាថ្នាក់ជាតិកាលពីពេលថ្មីៗនេះលោកស្រី Hoang Thi Lein នាយិកាប្រតិបត្តិនៃសហគមន៍ម្រេចអន្តរជាតិបានថ្លែងថា (IPC) ដែលជាសហគមន៍អន្តរជាតិបានធ្វើកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាសមាជិករបស់ខ្លួនជាច្រើន ក្នុងនោះរួមមាន ប្រទេសឥណ្ឌា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ស្រីលង្កា និងប្រទេសវៀតណាម ក្នុងការលើកកម្ពស់ និងជំរុញផលិតកម្មម្រេចដោយអភិវឌ្ឍរោងចក្រទៅជាកសិ-ឧស្សាហកម្ម។ ក្នុងន័យនេះដោយមើលឃើញថា កម្ពុជាក៏ជាប្រទេសដែលមាននូវផលិតផលម្រេច ប្រកបដោយក្លិនឈ្ងុយនិងមានឱជារសល្អប្លែកគេ និងក្លាយជាផលិតផលដែលកំពុងមានសក្តានុពលលើទីផ្សារសហគមន៍អឺរ៉ុបក្នុងការផលិតផលិតផលម្រេចប្រមាណជាង 2ម៉ឺនតោនក្នុងមួយឆ្នាំៗ នាំឱ្យសហគមន៍មានការចាប់អារម្មណ៍ក្នុងការចង់ចូលរួមសហការដើម្បីជួយពង្រឹងវិស័យមួយនេះតាមរយៈការបង្កើតនូវគម្រោងនៅកម្ពុជា ក្នុងន័យជួយបង្កើនប្រាក់ចំណូល ដែលមានស្រាប់របស់ប្រជាកសិករ និងកែប្រែកម្រិតជីវភាពឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត៕