នៅចុងឆ្នាំ 2021 នេះ រដ្ឋាភិបាលកម្ពុជានឹងបើកដំណើរការជើងហោះហើរសាកល្បងសម្រាប់អាកាសយានដ្ឋានថ្មីដែលស្ថិតនៅក្នុងតំបន់តារាសាគរ ក្នុងស្រុកបទុមសាគរនៃខេត្តកោះកុង ដែលនេះគឺប្រសាសន៍របស់អភិបាលរងខេត្តកោះកុង។
នៅក្នុងសន្និសីទសារព័ត៌មានមួយដែលត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី 4 កុម្ភៈនេះ អភិបាលរងខេត្តកោះកុង លោក សុខ សុទ្ធី បានឱ្យដឹងថា ផ្លូវរត់សម្រាប់យន្តហោះនៃព្រលានយន្តហោះថ្មីនេះ ត្រូវបានសាងសង់រួចរាល់ជាស្ថាពរ នៅឡើយតែការបំពាក់ភ្លើងសញ្ញាប៉ុណ្ណោះ។
ទាក់ទងនឹងការដាក់ឱ្យដំណើរការព្រលានយន្ដហោះតារាសាគរ ដែលវិនិយោគដោយក្រុមហ៊ុន Union Development Group របស់ចិន ជាមួយនឹងទំហំទឹកប្រាក់ 150 លានដុល្លារនេះ លោកអភិបាលរងខេត្តកោះកុង បានសង្កត់ធ្ងន់ថា៖ «នឹងត្រូវពន្យារពេលរហូតដល់ត្រីមាសទីបួននៃឆ្នាំ 2021 នេះ» ដោយសារតែបញ្ហាវិបត្តិសុខភាពដែលបង្កឡើងដោយ Covid-19។
អាកាសយានដ្ឋានតារាសារគរនេះ មិនមែនជាព្រលានយន្តហោះថ្មីតែមួយនៅខេត្តកោះកុងនោះទេ អភិបាលរងខេត្តកោះកុង បានបង្ហើបឱ្យដឹងថា ព្រលានយន្តហោះថ្មីមួយផ្សេងទៀតដែលអាចនឹងត្រូវសាងសង់នៅត្រង់ព្រំប្រទល់នៃស្រុកកោះកុង និងស្រុកមណ្ឌលសីមា ក៏កំពុងត្រូវបានសិក្សាលម្អិតផងដែរ៕