កាលពីពេលថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវ ទើបតែរកឃើញកម្មវិធីមេរោគថ្មី នៅលើទូរស័ព្ទស្មាតហ្វូនដែលប្រើប្រព័ន្ធប្រតិបត្តិការ Android ដែលអាចឆ្លងរីករាលដាល ដោយស្វ័យប្រវត្តិ តាមរយៈកម្មវិធី WhatsApp។
វិធីសាស្ត្រនៃការចម្លងមេរោគនេះគឺ ពួកគេបានប្រើប្រាស់មុខងារឆ្លើយតប ដោយស្វ័យប្រវត្តិ ដែលមាននៅក្នុងប្រព័ន្ធប្រតិបត្តិការ Android និងកម្មវិធី WhatsApp។ នៅពេលទូរស័ព្ទ ដែលមានមេរោគទទួលបានសារ តាមរយៈកម្មវិធី WhatsApp ហើយ វានឹងឆ្លើយតបទៅអ្នកផ្ញើវិញ ជាមួយនឹងតំណភ្ជាប់ ឱ្យបញ្ចូលកម្មវិធីក្លែងក្លាយ “Huawei Mobile” តាមរយៈគេហទំព័រក្លែងក្លាយ ដែលមានរូបរាងស្រដៀងគ្នានឹង គេហទំព័រ Google Play Store។
បន្ទាប់ពីលោកអ្នកបញ្ចូលកម្មវិធីមេរោគនេះហើយ វានឹងធ្វើការស្នើសុំ ដើម្បីអាចផ្ញើសារចេញដោយស្វ័យប្រវត្តិ ដែលការណ៍នេះ នឹងធ្វើឱ្យទូរស័ព្ទលោកអ្នក ក្លាយជាឧបករណ៍ សម្រាប់ចែកចាយមេរោគ បន្តទៅទូរស័ព្ទផ្សេងៗទៀត។
ជាងនេះទៅទៀត ក្រុមអ្នកស្រាវជ្រាវ ក៏បានរកឃើញផងដែរថា មេរោគនេះ ក៏អាចបន្ថែមស្គ្រីនទៅលើកម្មវិធីផ្សេងៗទៀត ដើម្បីលួចយកព័ត៌មានសំខាន់ៗ ដូចជាឈ្មោះ និងលេខសម្ងាត់ជាដើមបានទៀតផង។
បច្ចុប្បន្នកម្មវិធីមេរោគនេះ អាចចម្លងបានតាមតែរយៈកម្មវិធី WhatsApp ប៉ុណ្ណោះ ប៉ុន្តែជនខិលខូចក៏អាចធ្វើការកែសម្រួលវា ដែលអាចឱ្យដំណើរការបាន ជាមួយនឹងកម្មវិធីទំនាក់ទំនងសង្គមផ្សេងៗទៀតនៅពេលអនាគត។
ដូច្នេះដើម្បីការពារសុវត្ថិភាពក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា សូមលោកអ្នក កុំធ្វើការទាញយកកម្មវិធី ពីតំណភ្ជាប់មួយណា ដែលមិនមានប្រភពច្បាស់លាស់ ហើយលោកអ្នកគួរតែទាញយកកម្មវិធី តែពីក្នុងកម្មវិធីផ្លូវការ ដែលមាននៅក្នុងទូរស័ព្ទស្រាប់៕