ដូចដែលយើងទាំងអស់គ្នា ធ្លាប់បានដឹងហើយថា កាលពីប៉ុន្មានខែមុន កម្មវិធីដែលបង្កើតឡើងដោយក្រុមអ្នកអភិវឌ្ឍន៍ចិន សរុបចំនួន 59កម្មវិធី ត្រូវបានរដ្ឋាភិបាលឥណ្ឌា ប្រកាសបិទបណ្ដោះអាសន្ន។ មកទល់ពេលនេះ ប្រទេសឥណ្ឌា បានប្រកាសម្ដងទៀត ដោយបានសម្រេចថា នឹងបិទចោលជារៀងរហូតតែម្ដង។
កម្មវិធីដែលបិទ នាពេលថ្មីៗនេះ មានដូចជា TikTok, WeChat, Baidu, Alibaba, UC Browser, Xiaomi និងសរុបទាំងអស់ ដែលរដ្ឋាភិបាលឥណ្ឌា បារម្ភរឿង data security និង privacy នោះ ត្រូវបានបិទអស់ 250កម្មវិធីមកហើយ។
ការបិទនេះ មានន័យថា ក្រុមហ៊ុនចិនដែលបង្កើតកម្មវិធីទាំងអស់នោះ លែងមានសិទ្ធិ អាចចរចា ស្នើសុំការអនុគ្រោះ ឬផ្លាស់ប្ដូរទៅប្រើវិធីសាស្ដ្រផ្សេង ដើម្បីចៀសវាងការហាមឃាត់នេះ ដូចកាលពីលើកមុនបានទៀតឡើយ។
គួរជម្រាបជូនដែរថា រដ្ឋាភិបាលឥណ្ឌា ក៏ធ្លាប់បានផ្ដល់ឱកាស ឱ្យកម្មវិធីចិនទាំងអស់នោះ មកចូលខ្លួនធ្វើការពន្យល់ដោយខ្លួនឯង ពីហេតុផលផ្សេងៗពាក់ព័ន្ធនឹងឯកជនភាព ដើម្បីបញ្ជាក់ថា ខ្លួនពិតជាមិនបានលួចទិន្នន័យទាំងនោះទេ ប៉ុន្ដែចម្លើយហាក់ដូចជាមិនរលូន និងមិនពេញចិត្តចំពោះការឆ្លើយតប ទើបបានជារដ្ឋាភិបាលឥណ្ឌា ធ្វើការសម្រេចចិត្ត ហាមឃាត់ជាអចិន្ត្រៃយ៍តែម្ដង៕