នៅពេល Jeff Bezos ចាកចេញពីតំណែងអគ្គនាយកប្រតិបត្តិ លោក Andy Jassy ដែលជាអ្នកបើកផ្លូវឱ្យយុគសម័យ cloud-computing នៅ Amazon នឹងចូលមកគ្រប់គ្រងតំណែង CEO នេះ។
ក្រុមហ៊ុន Amazon បានប្រកាសឱ្យដឹងថា ក្រោយរយៈពេល 27 ឆ្នាំ ស្ថាបនិក Jeff Bezos នឹងលែងជា CEO របស់ក្រុមហ៊ុននេះទៀតហើយ ចាប់ពីត្រីមាសទីបី ឆ្នាំ 2021។ នេះគឺជាលើកដំបូងដែលលោក Bezos ប្រគល់សិទ្ធិចាត់ចែងក្រុមហ៊ុនទៅឱ្យអ្នកផ្សេង រាប់ចាប់ពី Amazon នៅជាឃ្លាំងសៀវភៅអនឡាញដ៏តូចមួយកាលពីខែកក្កដា ឆ្នាំ 1994។
Andy Jassy កើតឆ្នាំ 1968 បានចូលបម្រើការនៅក្នុងក្រុមហ៊ុន Amazon ចាប់ពីឆ្នាំ 1997 បន្ទាប់ពីបានបញ្ចប់ការសិក្សានៅសាលាពាណិជ្ជកម្ម Harvard (HBS)។ «ខ្ញុំបានចូលរួមប្រលងលើកចុងក្រោយនៅ HBS ក្នុងថ្ងៃសុក្រដំបូងនៃខែឧសភា ឆ្នាំ 1997។ ខ្ញុំបានចូលធ្វើការនៅ Amazon នៅថ្ងៃចន្ទនៃសប្ដាហ៍បន្ទាប់នោះ។ ពេលនោះ សូម្បីតែការងារ ឬតំណែងសម្រាប់ខ្ញុំ ក៏ខ្ញុំមិនបានដឹងដែរ» Jassy ធ្លាប់បានប្រាប់ HBS កាលពីខែកញ្ញា ឆ្នាំ 2020។
ឆ្នាំ 2006 Jassy បានចូលរួមបង្កើត Amazon Web Services (AWS) ជាសេវាកម្មរក្សាទិន្នន័យ (cloud-computing) ដែលកំពុងត្រូវបានក្រុមហ៊ុន សាលារៀន និងរដ្ឋាភិបាលរាប់លានស្ថាប័នក្នុងពិភពលោកប្រើប្រាស់ដើម្បីដំណើរការគេហទំព័រ និងកម្មវិធីទូរស័ព្ទ (app)។ Jassy កាន់តំណែងជា CEO របស់ AWS ចាប់ពីឆ្នាំ 2016 ប៉ុន្តែ បច្ចុប្បន្ន Amazon មិនទាន់បានប្រកាសអំពីអ្នកដែលត្រូវឡើងមកជំនួសតំណែងរបស់លោកនៅឡើយ ក្រោយពីលោកក្លាយជា CEO របស់ Amazon។
ល្បីឈ្មោះជាគេហទំព័រផ្សារអនឡាញលំដាប់ទីមួយក្នុងពិភពលោក ប៉ុន្តែ ប្រភពចំណូលធំបំផុតរបស់ Amazon បែរជាបានមកពី AWS ទៅវិញ។ Amazon បានយកឈ្នះលើក្រុមហ៊ុនធំៗជាច្រើន ដូចជា Microsoft និង Oracle ជាដើម និងកំពុងកាន់កាប់ 30% នៃចំណែកទីផ្សារក្នុងវិស័យ cloud-computing។
លោក Jassy ត្រូវបានគេស្គាល់ថាជាអ្នកមានការយល់ដឹងច្បាស់អំពីបច្ចេកទេសលម្អិត និងជាទីប្រឹក្សារបស់ Bezos។ ជួនកាលលោកក៏ឡើង Twitter ចែករំលែកអំពីការយល់ឃើញផ្ទាល់ខ្លួនចំពោះបញ្ហានានាក្នុងសង្គមផងដែរ។
នៅក្នុងសំបុត្រផ្ញើទៅកាន់បុគ្គលិក Amazon លោក Jeff Bezos ធ្លាប់បានអះអាងថា លោក «ជឿជាក់ទៅលើ Andy Jassy ទាំងស្រុង ដោយថា Jassy នឹងជាអ្នកដឹកនាំពូកែបំផុត»។ អ្នកវិភាគ Dan Ives ក៏ធ្លាប់បានអធិប្បាយថា Jassy គឺជា «មេដឹកនាំម្នាក់ដែលមានអំណាចបំផុត» មិនត្រឹមតែនៅក្នុងវិស័យរក្សាទិន្នន័យប៉ុណ្ណោះទេ តែនៅក្នុងពិភពជំនួញទៀតផង។
លោក Jassy ជាមនុស្សម្នាក់ក្នុងចំណោមអ្នកដែលទទួលបានប្រាក់ខែខ្ពស់បំផុតនៅក្នុងក្រុមហ៊ុន Amazon ដោយទទួលបាន 20 លានដុល្លារក្នុងអំឡុង 3 ឆ្នាំកន្លងទៅនេះ។ ប្រភពព័ត៌មានមួយចំនួនបានឱ្យដឹងថា Microsoft និង Uber ក៏ធ្លាប់បានបញ្ចុះបញ្ចូល Jassy ឱ្យមកធ្វើជា CEO នៃក្រុមហ៊ុនទាំងនេះផងដែរ៕
ប្រភព៖ NYT