កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនអវកាសSpaceX បានប្រកាសឱ្យដឹងថា ពួកគេបានបង្កើតបេសកកម្មមួយ ដែលមានឈ្មោះថា Inspiration4 ដែលជាបេសកកម្មដំបូងគេបំផុតក្នុងពិពភលោក ដោយនឹងធ្វើការនាំយកជនស៊ីវិលចំនួន 4រូបទៅកាន់លម្ហ ដែលមិនធ្លាប់មានវត្តមានអាវកាសយានិក ទៅជាមួយនោះទេ។
បេសកកម្មនោះដែរ ត្រូវបាន SpaceX កំណត់យកពេលវេលា នៃការបើកដំណើរការនៅក្នុងអំឡុងត្រីមាសចុងក្រោយនៃឆ្នាំ2021 នេះ ចេញពីមជ្ឈមណ្ឌលលម្ហអវកាស Kennedy Space Center ។ ការនាំយកជនស៊ីវិលទាំង 4នាក់ ទៅកាន់លម្ហអាកាសនោះ គឺត្រូវប្រើប្រាស់យានអាវកាស Crew Dragon ។
អ្នកដឹកនាំក្នុងបេសកកម្មនោះ គឺលោក Jared Isaacman គឺជាស្ថាបនិករបស់ក្រុមហ៊ុន Shift 4 Payments ដើរតួធ្វើជាមេបញ្ជាការ ក្នុងចំណោមអ្នកដំណើរទាំងអស់។ គាត់នឹងក្លាយជាជនស៊ីវិល 1រូបក្នុងចំណោម 3រូបផ្សេងទៀត ដែលនឹងធ្វើដំណើរទៅកាន់លម្ហ ខណៈដែលជនស៊ីវិលទាំង 3នាក់ទៀតនោះ ត្រូវឆ្លងកាត់លក្ខខណ្ឌធ្វើតេស្ត ខាងកាយសម្បទាជាច្រើន។
បុគ្គលទាំង 4រូប ដែលនឹងត្រូវធ្វើដំណើរទៅកាន់លម្ហនោះ គឺនឹងទទួលបានការហ្វឹកហាត់ជាមុន ពី SpaceX នូវមុខជំនាញសំខាន់ៗជាច្រើន ដែលនឹងត្រូវប្រើប្រាស់ក្នុងការដំណើរនោះ ដែលរួមមានទាំងរបៀបប្រើប្រាស់យានអវកាស ក៏ដូចជារបៀបនៃការឆ្លើយតបបន្ទាន់ផងដែរ។
គោលបំណង នៃក្នុងបេសកកម្មខាងលើនោះ គឺដើម្បីរៃអង្គាសថវិកា សម្រាប់ផ្តល់ទៅឱ្យមន្ទីរពេទ្យ និងកន្លែងស្រាវជ្រាវ ទាក់ទងនឹងជំងឺរបស់កុមារមួយ ដែលមានឈ្មោះថា St. Jude Children’s Research Hospital។
លោក Jared Isaacman នឹងបរិច្ចាគ 2កៅអី ដែលនៅសល់ ទៅកាន់ជនស៊ីវិល 2រូបទៀត។ កៅអីនៅសល់នេះ នឹងផ្តល់ឱកាសយ៉ាងបើកចំហ ទៅកាន់អ្នកដែលបានចូលរួមក្នុងការបរិច្ចាគ ទៅមន្ទីរពេទ្យខាងលើដែរ ហើយកន្លែងសម្រាប់ម្នាក់ទៀត នឹងផ្តល់ជូនទៅឱ្យអតិថិជនចាស់ និងថ្មី នៃជំនួញតាមអ៊ីនធើណិត Shift4Shop របស់លោក Isaacman សម្រាប់កន្លែងមួយចុងក្រោយ ដែលនៅសល់នោះ គឺនឹងត្រូវផ្តល់ឱ្យទៅ ឯកអគ្គរដ្ឋទូតនៃមន្ទីរពេទ្យខាងលើ។
សូមជម្រាបជូនផងដែរថា ក្រុមហ៊ុនអវកាស SpaceX បានក្លាយជាក្រុមហ៊ុនឯកជនដំបូងគេ ដែលជោគជ័យលើការបាញ់បង្ហោះរ៉ុក្កែត ចូលទៅស្ថានីយអវកាសអន្តរជាតិ និងជាក្រុមហ៊ុនដំបូងគេ ដែលអាចផលិតបានយានអវកាស អាចធ្វើដំណើរទៅកាន់លម្ហ ដែលអាចវិលត្រឡប់មកផែនដីបាន៕