កាលពីថ្ងៃទី31 ខែមករា ឆ្នាំ2021 គម្រោង Neuralink របស់លោកElon Musk ទទួលបានជោគជ័យ ក្នុងការសាកល្បងដាំបន្ទះឈីបក្នុងខួរក្បាលសត្វស្វា ដែលអាចអនុញ្ញាតឱ្យសត្វស្វានោះ មានសមត្ថភាព ចេះលេងហ្គេម PingPong តាមរយៈខួរក្បាលរបស់វា។ នេះជាជោគជ័យលើកដំបូងហើយ ក្នុងការធ្វើតេស្ត និងជាជំហានថ្មីមួយទៀតក្នុងការសិក្សាស្រាវជ្រាវបន្ថែមទៀត។
ជម្រាបជូនផងដែរថា ក្រុមហ៊ុនបច្ចេកវិទ្យាណឺរ៉ូន កំពុងសិក្សា និងធ្វើតេស្តសាកល្បង Neuralink ដែលជាឧបករណ៍បង្កប់ក្នុងលលាដ៏ក្បាល ដែលរួមមានបន្ទះឈីបជាមួយនឹងខ្សែអេឡិចត្រូតតូចៗ ដែលមានសមត្ថភាពអាចភ្ញោចណឺរ៉ូន នៅក្នុងខួរក្បាលរបស់មនុស្សបាន។
ភាពជោគជ័យនៃដំណើរការគម្រោងនេះ នៅថ្ងៃអនាគត អាចជួយដល់មនុស្សដែលមានបញ្ហាឃាងសរសៃប្រសាទបាន ដូចជា បាត់ការចងចាំ ថ្លង់ ពិការភ្នែក ខ្វិន បាក់ទឹកចិត្ត ដេកមិនលក់ ឈឺចាប់រ៉ាំរ៉ៃ ប្រកាច់ ថប់អារម្មណ៍ បញ្ហាញៀននឹងអ្វីមួយ ដាច់សរសៃឈាមខួរក្បាល ឬបញ្ហាខូចខួរក្បាល ជាដើម៕