កាលពីដើមសប្ដាហ៍នេះក្រុមហ៊ុនបណ្ដាញទូរស័ព្ទ Smart បានធ្វើការបើកឱ្យដំណើរប្រព័ន្ធបច្ចេកវិទ្យា 4.5G ជាមួយនឹងទំហំទឹកប្រាក់វិនិយោគរហូតដល់ទៅ 80 លានដុល្លារ ដែលក្រុមហ៊ុនអះអាងថា ធ្វើឱ្យល្បឿនអ៊ីនធើណិតរបស់ខ្លួនមានល្បឿនលឿនជាងមុនរហូតដល់ទៅ 8 ដង ដែលវារឿងមួយគួរឱ្យរីករាយណាស់សម្រាប់ការប្រើប្រាស់ ប៉ុន្តែអ្វីដែលគួរឱ្យសោកស្ដាយនោះ គឺប្រព័ន្ធថ្មីនេះអាចប្រើបានតែលើស្មាតហ្វូនចំនួន 3 ម៉ូដែលប៉ុណ្ណោះនាពេលបច្ចុប្បន្ន។
តាមការបញ្ជាក់ពីនាយកប្រតិបត្តិក្រុមហ៊ុន Smart លោក ថូម៉ាស ហ៊ុន បានឱ្យដឹងថា បច្ចុប្បន្នប្រព័ន្ធបច្ចេកវិទ្យា 4.5G នេះមានល្បឿនអតិបរមា 1Gbps ដោយអាចប្រើបានលើទូរស័ព្ទម៉ូដែលចុងក្រោយបំផុតរបស់ក្រុមហ៊ុន Samsung ក្រុមហ៊ុន Sony និងក្រុមហ៊ុន Huawei។
លោកបញ្ជាក់ថា៖«អ្វីដែលយើងច្បាស់ការណ៍នៅពេលនេះ គឺមានតែ 3 ម៉ូដែលប៉ុណ្ណោះ ដែលអាចដំណើរការបច្ចេកវិទ្យា 4.5G នេះបាន ដូចជាទូរស័ព្ទ Samsung Galaxy S8 / S8 Plus, Huawei P10 / P10 Plus និងទូរស័ព្ទ Sony Xperia XZ Premium»។
យើងរំពឹងថា ក្រុមហ៊ុនផលិតស្មាតហ្វូនកាន់តែច្រើននឹងបញ្ចូលមុខងារគាំទ្របច្ចេកវិទ្យានេះតាមរយៈការ Upgrade Software នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ ការប្រើប្រាស់បច្ចេកវិទ្យា 256QAM 4×4 MIMO និងពហុបណ្តាញរួមគ្នា (Multi Carrier Aggregation) បណ្តាញសេវារបស់ Smart អាចសម្រេចបានរហូតដល់ 600 Mbps នៅក្នុងតំបន់មួយចំនួន គិតមកដល់បច្ចុប្បន្ន។
ទាំងអស់នេះមានន័យថា ក្រៅពីទូរស័ព្ទស្មាតហ្វូនដែលបានរៀបរាប់ខាងលើ គឺនៅមិនទាន់អាចទទួលបានបទពិសោធថ្មីនៃបច្ចេកវិទ្យា 4.5G នេះនៅឡើយទេ។ ទោះជាយ៉ាងណា Smart មិនបានបញ្ជាក់ពីរបៀបមើលដើម្បីដឹងថា តើត្រូវមើល ឬពិនិត្យលើលក្ខណសម្បត្តិស្មាតហ្វូនយ៉ាងណាទើបដឹងថាអាចប្រើបាន ឬមិនបាននោះទេ ប៉ុន្តែតាមការសន្និដ្ឋាន រាល់ស្មាតហ្វូនដែលបំពាក់នូវបន្ទះឈីប Qualcomm Snapdragon 835 ប្រហែលជាប្រើបានទាំងអស់ ខណៈស្មាតហ្វូនទាំង 3 ម៉ូដែលខាងលើនោះ សុទ្ធតែបំពាក់ដោយបន្ទះឈីបស៊េរីនេះទាំងអស់៕