យានអវកាស Starship គំរូថ្មីបំផុតរបស់ក្រុមហ៊ុន SpaceX បានផ្ទុះម្ដងទៀតនៅពេលកំពុងចុះចត បើទោះជាបានហោះចេញពីទីលានបាញ់បង្ហោះដោយជោគជ័យ។
គំរូយានអវកាស Starship ថ្មីបំផុតនេះ ត្រូវបានបាញ់បង្ហោះដោយជោគជ័យកាលពីថ្ងៃទី 2 កុម្ភៈ ប៉ុន្តែបានផ្ទុះដោយសារតែមានការប៉ះទង្គិចនៅក្នុងការព្យាយាមចុះចតតាមលក្ខណបញ្ឈរត្រង់។ យានគំរូនេះមានលេខសម្គាល់ជាលេខ 9 ឬ SN9។ វាត្រូវបានបាញ់បង្ហោះសាកល្បងក្នុងរយៈកម្ពស់ប្រហែល 10 គីឡូម៉ែត្រ ដូចទៅនឹងយាន Starship មួយគ្រឿងផ្សេងទៀតដែលបានហោះឡើងកាលពីខែធ្នូ ឆ្នាំ 2020។ យាន SN8 ក៏បានផ្ទុះនៅក្នុងពេលចុះចត។
John Insprucker ដែលជាវិស្វករសំខាន់របស់ SpaceX បានឱ្យដឹងនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា៖ «យើងត្រូវប្រឹងប្រែងតែបន្តិចទៀតប៉ុណ្ណោះ នឹងមានការចុះចតដោយជោគជ័យ»។
គំរូនៃយាន Starship របស់ Elon Musk ត្រូវបានរចនាឡើងដោយប្រើប្រាស់ដែកអ៊ីណុក ដូចទៅនឹងកំណែដំបូងដែលត្រូវបានប្រកាសកាលពីចុងឆ្នាំមុន។ ក្រុមហ៊ុន SpaceX កំពុងតែអភិវឌ្ឍយានអវកាស Starship ដើម្បីដឹកទំនិញ ឬមនុស្សឱ្យបាន 100 នាក់ ឡើងទៅកាន់ឋានព្រះចន្ទ និងពិភពព្រះអង្គារដោយចំណាយការហោះហើរតែមួយលើក។
លោក Musk បានបង្វែរចំណាប់អារម្មណ៍របស់សាធារណជន ទៅរកយាន Starship កាលពីខែឧសភា ក្រោយពី SpaceX ទទួលបានជោគជ័យក្នុងបេសកកម្មទេសចរណ៍អវកាសដំបូងរបស់ខ្លួន។ លោក Musk ចាត់ទុក Starship ជាអាទិភាពដំបូងរបស់ក្រុមហ៊ុន។ កាលពីឆ្នាំមុន ក្រុមហ៊ុនបានស្នើឱ្យមានការពន្លឿនកម្មវិធីនេះភ្លាមៗផងដែរ។
បើទោះជា SN9 មានវាសនាមិនខុសពី SN8 ដែលបានផ្ទុះកាលពីពីរខែមុន ប៉ុន្តែ SpaceX បានចាត់ទុកថា ការសាកល្បងហោះហើរនេះជាជំហានដ៏សំខាន់នៅក្នុងការអភិវឌ្ឍរ៉ុកកែតរបស់ខ្លួន។ SN10 អាចនឹងជោគជ័យក្នុងការហោះឡើង និងចុះចតនាពេលខាងមុខ៕
ប្រភព៖ CNBC