នារីជនជាតិមីយ៉ានម៉ាម្នាក់មានឈ្មោះថា Wai កំពុងតែធ្វើឱ្យកក្រើកបណ្ដាញសង្គម ដោយសារតែវីដេអូដែលបង្ហាញថា នាងរាំតាមចង្វាក់ភ្លេង aerobic យ៉ាងក្លាហាន ក្នុងពេលកងទ័ពមីយ៉ានម៉ាកំពុងធ្វើរដ្ឋប្រហារ។
ក្រូបង្វឹកផ្នែកលំហាត់ប្រាណ ឈ្មោះ Khing Hnin Wai កាលពីថ្ងៃទី 1 មករា បានបង្ហោះវីដេអូនៅលើ Facebook ដែលបង្ហាញអំពីសកម្មភាពដែលនាងកំពុងរាំហាត់ប្រាណនៅខាងក្រៅអគារមួយ ក្នុងគ្រាដែលក្បួនរថយន្តរបស់កងទ័ពកំពុងធ្វើដំណើរ និងទិដ្ឋភាពរណាំងដែកកំពុងត្រូវបានដាក់បញ្ឈរក្រោយខ្នងរបស់នាង។ នេះក៏ជាពេលដែលកងទ័ពមីយ៉ានម៉ា កំពុងធ្វើរដ្ឋប្រហារ និងចាប់ខ្លួនទីប្រឹក្សារដ្ឋ លោកស្រី Aung San Suu Kyi និងប្រធានាធិបតី រួមនឹងថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូបទៀតរបស់រដ្ឋាភិបាល។
ក្នុងរយៈពេលប្រហែល 3 នាទី នាង Wai ហាក់មិនបានដឹងអំពីហេតុការណ៍មិនប្រក្រតីដែលកំពុងកើតឡើងនៅក្រោយខ្នង ហើយនាងនៅតែបន្តចាក់ក្បាច់រាំតាមចង្វាក់តន្ត្រីធ្វើព្រងើយ។ មនុស្សជាច្រើនមានការសង្ស័យអំពីវីដេអូនេះ ប៉ុន្តែ ក្រោយមក នាង Wai បានបញ្ជាក់ឱ្យដឹងថា នាងពិតជាគ្រូបង្វឹកដែលបានថតវីដេអូរាំតាមចង្វាក់ aerobic នៅទីតាំងនេះប្រាកដមែន។
វីដេអូរបស់ Wai ដែលបានបង្ហោះនៅលើ Facebook ទទួលបានការចុចចូលចិត្តជាង 36,000 លើក និងមតិជាង 1,600 ដង រួមនឹងការចែករំលែកជាង 12,000 ដងផងដែរ។
សូមបញ្ជាក់ថា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (NLD) ដែលកំពុងកាន់អំណាចរបស់ទីប្រឹក្សារដ្ឋនៃប្រទេសមីយ៉ានម៉ា លោកស្រី Aung San Suu Kyi ទទួលបាន 346 ក្នុងចំណោមអាសនៈចំនួន 412 នៅសភាជាតិ ក្រោយការបោះឆ្នោតនៅចុងឆ្នាំ 2020។ ប៉ុន្តែ កងទ័ពមីយ៉ានម៉ាបានចោទថា មានការលួចបន្លំសន្លឹកឆ្នោតចំនួនជាង 10 លានករណី និងស្នើឱ្យគណកម្មការរៀបចំការបោះឆ្នោត ប្រកាសបញ្ជីឈ្មោះអ្នកបោះឆ្នោតដើម្បីពិនិត្យឡើងវិញ ប៉ុន្តែត្រូវបានបដិសេធ។
ប្រការខាងលើនេះហើយ ជាលេសមួយដែលត្រូវបានកងទ័ពប្រើប្រាស់ដើម្បីរដ្ឋប្រហារ និងបានប្រកាសអាសន្នទូទាំងប្រទេសដើម្បីគ្រប់គ្រងអំណាចក្នុងរយៈពេលមួយឆ្នាំ។ ក្រោយមក កងទ័ពក៏បានដកតំណែងរដ្ឋមន្ត្រី និងអនុរដ្ឋមន្ត្រីចំនួន 24 រូបរបស់បក្ស NLD ហើយបានតែងតាំងជំនួសដោយមនុស្សចំនួន 11 នាក់ ឱ្យកាន់កាប់ក្រសួងមួយចំនួន ដូចជា ក្រសួងហិរញ្ញវត្ថុ សុខាភិបាល ព័ត៌មាន ការបរទេស និងក្រសួងការពារជាតិ រួមនឹងក្រសួងមហាផ្ទៃនិងការពារព្រំដែនផងដែរ៕
ប្រភព៖ Sputnik