ក្មេងៗនៅអតីតកន្លែងចាក់សំរាមស្ទឹងមានជ័យ នៃមូលនិធិកុមារកម្ពុជា CCF ប្រមាណជាង 300 នាក់ បានទទួលការបណ្តុះបណ្តាលថ្មីលើជំនាញប្រើប្រាស់កុំព្យូទ័រលក្ខណៈមូលដ្ឋានគ្រឹះ ការប្រើប្រាស់បច្ចេកវិជ្ជាក្នុងជីវភាពប្រចាំថ្ងៃ និងវគ្គខ្លី Hour of Code ពីក្រុមហ៊ុន Microsoft។
លោកស្រី Marija Ralic ប្រធានគ្រប់គ្រងក្រុមមនុស្សធម៌របស់ក្រុមហ៊ុន Microsoft បានឱ្យដឹងថា Microsoft មានបេសកកម្មផ្តល់សិទ្ធិអំណាចដល់មនុស្សគ្រប់រូប និងគ្រប់អង្គការទាំងអស់នៅលើភពផែនដី ដើម្បីសម្រេចសមិទ្ធផលឱ្យបានកាន់តែច្រើនបន្ថែមទៀត។ បច្ចុប្បន្ននេះក្រុមហ៊ុនបានធ្វើការជាមួយអង្គការដៃគូមិនរកប្រាក់ចំណេញ ដូចអង្គការ CCF ដើម្បីធ្វើឱ្យយុវជនគ្រប់រូបនៅទូទាំងពិភពលោកអាចមានលទ្ធភាពប្រើប្រាស់ជំនាញឌីជីថល។
លោកស្រីបន្តថា សិស្សដែលបញ្ចប់កម្មវិធីសិក្សានេះនឹងទទួលបានការយល់ដឹងអំពីគោលគំនិត និងជំនាញកុំព្យូទ័រជាមូលដ្ឋាន។ ក្នុងនោះបុគ្គលិករបស់ Microsoft នឹងធ្វើការស្ម័គ្រចិត្តនៅក្នុងប្រទេសកម្ពុជាដើម្បីសម្របសម្រួល និងរៀបចំវគ្គបណ្ដុះបណ្ដាលសមត្ថភាពសម្រាប់បុគ្គលិក និងសិស្សានុសិស្សអង្គការមូលនិធិកម្ពុជា។ ចំពោះយុទ្ធនាការ Hour of Code គឺជាវគ្គបណ្តុះបណ្តាលរយៈពេល 60 នាទីបង្ហាត់បង្រៀនអំពីវិទ្យាសាស្ត្រកុំព្យូទ័រ និងរៀបចំឡើងដើម្បីស្វែងយល់អំពី “ការសរសេរកូដកុំព្យូទ័រ” និងដើម្បីបង្ហាញថា អ្នកណាក៏អាចរៀនមូលដ្ឋានគ្រឹះ និងពង្រីកការចូលរួមក្នុងការអភិវឌ្ឍឯកសារបង្រៀននៃកម្មវិធីហ្គេម Minecraft របស់ Microsoft និងអង្គការ Code.org បានដែរ។
លោកស្រី Marija Ralic ថ្លែងថា៖«ឱ្យតែនិយាយរឿងការសរសេរកូដ អ្នកសិក្សាភាគច្រើនតែងគិតថា វាលំបាក និងស្មុគស្មាញ ប៉ុន្តែថ្ងៃនេះយើងចង់បង្ហាញពួកគាត់ថា វាមិនមែនដូច្នោះទេ»។
កម្មវិធីសិក្សាផ្នែកចំណេះដឹងឌីជីថលរបស់ Microsoft មានចំនួន 5 កម្មវិធី រួមមានមូលដ្ឋានគ្រឹះកុំព្យូទ័រដោយប្រើប្រាស់កម្មវិធីអ៊ីនធើណេត និងផលិតភាពសុវត្ថិភាព ឯកជនភាព និងការប្រើប្រាស់បច្ចេកវិទ្យាក្នុងជីវភាពប្រចាំថ្ងៃ ដែលសិស្សនឹងទទួលបានការយល់ដឹងអំពីគោលគំនិត និងជំនាញកុំព្យូទ័រជាមូលដ្ឋាន។
លោក Scott Neeson ស្ថាបនិក និងជានាយកប្រតិបត្តិនៃមូលនិធិកុមារកម្ពុជាបានឱ្យដឹងថា តាមរយៈជំនួយឥតសំណងពី Microsoft កម្មវិធីសិក្សានេះកំពុងត្រូវបានបកប្រែជាភាសាខ្មែរដើម្បីចែកចាយដល់សាលារៀន និងអង្គការផ្សេងទៀតប្រើប្រាស់ ជាពិសេសកម្មវិធីសិក្សានេះមានតម្រូវការជាចាំបាច់នៅតាមបណ្តាខេត្តនានាដែលមានអ្នកចេះភាសាអង់គ្លេសមានកម្រិតទាបជាងរាជធានីភ្នំពេញ។ សាលាបឋមសិក្សា នីសិគ្រីប បានផ្តល់ឱកាសអប់រំប្រកបដោយស្តង់ដារខ្ពស់បំផុត ដល់កុមារក្រីក្របំផុតមួយចំនួនក្នុងចំណោមកុមារក្រីក្របំផុតទាំងឡាយនៅកម្ពុជា។
សមិទ្ធផលនេះសម្រេចបានតាមរយៈការកែលម្អទីតាំងសិក្សាឱ្យមានភាពប្រសើរឡើង និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ចុងក្រោយបំផុតដែលផ្តោតជាសំខាន់លើការអប់រំ STEM និងនៅក្នុងបរិយាកាសដែលអំណោយផលដល់ការយកចិត្តទុកដាក់រៀនសូត្រ និងការយល់ដឹងអំពីពិភពលោក។ សាលាបឋមសិក្សា នីសិគ្រីប និងសាលារៀននៅសហគមន៍ចំនួន 5 កន្លែងរបស់អង្គការ CCF បច្ចុប្បន្ននេះផ្តល់ការអប់រំកុំព្យូទ័រ ដល់សិស្សចំនួន 1,550 នាក់ តាមរយៈជំនួយឥតសំណងនៃគម្រោង YouthSpark ហើយពេលនេះអង្គការក៏បានចុះកិច្ចសហការជាមួយក្រុមហ៊ុន Microsoft មួយទៀតដើម្បីផ្ដល់នូវកម្មវិធីសិក្សា និងវគ្គជំនាញខ្លី៕