ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាបានលើកឡើងថា កម្ពុជានឹងក្លាយជាប្រទេសផលិតប្រេងដ៏ធំមួយនាពេលអនាគត និងរំពឹងទុកថា សម្រាប់ដំណាក់កាលទាញយកប្រេងដំបូងនៅតំបន់1A និង1Bត្រូវបានប៉ាន់ស្មានថា អាចនឹងលើសពី30លានបារ៉ែលដែលអាចផ្តល់លទ្ធភាពពាណិជ្ជកម្មគ្រប់គ្រាន់ក្នុងការជំរុញឲ្យប្រទេសកម្ពុជាផលិតប្រេងឆៅប្រកបដោយសក្តានុពល។
ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានថ្លែងលើកឡើងនៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្រាប់ការអភិវឌ្ឍប្រេងកាតប្លុកA រវាងរាជរដ្ឋាភិបាល និងក្រុមហ៊ុនគ្រីសអេនើជី ( Kris Energy) នៅព្រឹកថ្ងៃទី23 ខែសីហា ឆ្នាំ2017នេះថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង អភិវឌ្ឍន៍អណ្តូងប្រេងកាតប្លុកAនាពេលនេះគឺជាសក្ខីភាពឆ្លុះបញ្ចាំងនូវសមិទ្ធផលដ៏អស្ចារ្យរបស់រាជរដ្ឋាភិបាលកម្ពុជា និងជាការចាប់ផ្តើមថ្មីមួយយ៉ាងសំខាន់ក្នុងដំណើរការឆ្ពោះទៅផលិតប្រេងឆៅលើកទី1 ចេញពីដែនសមុទ្ររបស់កម្ពុជា។
ឯកឧត្តមបន្តថា បរិមាណសក្តានុពលប្រេងកាតដែលបានសិក្សាឃើញ និងរំពឹងទុកសម្រាប់ដំណាក់កាលដំបូង 1A និង 1B ត្រូវបានប៉ាន់ប្រមាណថា អាចនឹងលើសពី30លានបារ៉ែលដែលអាចផ្តល់លទ្ធភាពពាណិជ្ជកម្មគ្រប់គ្រាន់ក្នុងការជំរុញឲ្យកម្ពុជាក្លាយជាប្រទេសផលិតប្រេងឆៅប្រកបដោយសក្តានុពល។ ក្នុងនោះការចាប់ផ្តើមអភិវឌ្ឍអណ្តូងប្រេងកាតប្លុកAនេះគឺបានជំរុញឲ្យមានការសិក្សាស្វែងរកដ៏ខ្លាំងក្លាថែមទៀតលើប្លុកប្រេងកាតដែលនៅទំនេរចំនួន5នៅដែនសមុទ្រ និង18ប្លុកផ្សេងទៀតនៅដែនគោកផងដែរ។
ឯកឧត្តមអូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងថា កម្ពុជាមានទិសដៅច្បាស់លាស់ គឺមិនបណ្តោយខ្លួនឲ្យក្លាយជាប្រទេសដែលពឹងផ្អែកលើចំណូលប្រេងកាត និងឧស្ម័នជាចរន្តដង្ហើមស្លាប់រស់នៃសេដ្ឋកិច្ចទេ ប៉ុន្តែនឹងប្រើប្រាស់ចំណូលនេះរួមចំណែកក្នុងការកែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ច ដើម្បីធានាចីរភាពកំណើនក្នុងរយៈពេលមធ្យម និងវែងផងដែរ។
ឯកឧត្តមបានលើកឡើងទៀតថា កម្ពុជាត្រៀមខ្លួនរួចរាល់ទាំងក្នុងក្របខ័ណ្ឌធនធានមនុស្ស ស្ថាប័ន និងគោលនយោបាយដើម្បីបញ្ចៀសនូវបណ្តាសារធនធាន និងជំងឺហូឡង់ (Dutch disease) ដោយបានសិក្សាពីបទពិសោធដ៏ជូរចត់កន្លងមករបស់ប្រទេសផលិតប្រេងមួយចំនួន និងបានគិតគូររួចជាស្រេចដើម្បីប្រែក្លាយចំណូលប្រេងកាតទៅជាកាតលីករពិតប្រាកដមួយក្នុងការអភិវឌ្ឍពិពិធកម្ម និងទំនើបកម្មសេដ្ឋកិច្ចដែលមានវិស័យឧស្សាហកម្មដើរតួកាន់តែសំខាន់ឡើងដើម្បីក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ2030 និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ2050 ។
ពាក់ព័ន្ធនឹងការអភិវឌ្ឍប្រេងកាតនេះ លោក ខេលវិន តាំង (Kelvin Tang) នាយកប្រតិបត្តិក្រុមហ៊ុន Kris Energy Ltd,បានថ្លែងនូវការប្តេជ្ញាចិត្តថា បន្ទាប់ពីការចុះហត្ថលេខាក្នុងពេលឆាប់ៗបន្ទាប់នេះ ក្រុមហ៊ុននឹងប្រកាសសេចក្តីសម្រេចចុងក្រោយលើការវិនិយោគ និងបន្តសម្រេចឲ្យបានដំណក់ប្រេងដំបូងក្នុងរយៈពេល24ខែ ក្នុងឆ្នាំ2019ខាងមុខនេះ៕