ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា នាព្រឹកថ្ងៃទី 29 មករា បានប្រកាសឱ្យដឹងថា “អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ Techo Digital Talent Scholarship” ដែលផ្ដល់ឱកាសដល់សិស្សចំនួន 100 នាក់ កំពុងទទួលបានចំណាប់អារម្មណ៍ខ្លាំងពីសំណាក់យុវជន យុវនារីនៅកម្ពុជា ក្រោយពីត្រូវបានប្រកាសព័ត៌មាន។
ក្រសួងប្រៃសណីយ៍បានបន្ថែមថា បេក្ខភាពចំនួន 2,207 នាក់ បានដាក់ពាក្យសុំអាហារូបករណ៍ខាងលើនៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីថលកម្ពុជា ក្នុងនោះមាននារីចំនួនជាង 800 នាក់ផងដែរ គិតត្រឹមថ្ងៃទី 22 ខែមករា ឆ្នាំ 2021។
អាហារូបករណ៍ខាងលើនេះនឹងផ្ដល់ជូនបេក្ខភាពជ័យលាភី ម្នាក់ៗ គិតជាទឹកប្រាក់សរុបប្រមាណ 17,000 ដុល្លារ សម្រាប់ការសិក្សារយៈពេល 4 ឆ្នាំ ក្នុងនោះមានប្រាក់ឧបត្ថម្ភ 120 ដុល្លារ/ខែ និងកុំព្យូទ័រយួរដៃមួយគ្រឿងទៀតផង។
បេក្ខភាពជ័យលាភីនៃអាហារូបករណ៍នេះនឹងត្រូវមកសិក្សានៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីថលកម្ពុជា (អតីតវិទ្យាស្ថានជាតិ NIPTICT) ដែលជាគ្រឹះស្ថានអប់រំស្រាវជ្រាវរបស់រដ្ឋឈានមុខគេក្នុងការបណ្តុះបណ្តាល ជំនាញបច្ចេកវិទ្យាឌីជីថល លើមុខជំនាញកម្រិតបរិញ្ញាបត្រ មានដូចជា ទីមួយគឺ «ទូរគមនាគមន៍និងបណ្ដាញ-Telecoms & Networking» ទីពីរគឺ «វិទ្យាសាស្ត្រកុំព្យូទ័រ-Computer Science» និងទីបីគឺ «ពាណិជ្ជកម្មអេឡិចត្រូនិក-e-Commerce»។
បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជាស្ថាប័នឧត្តមសិក្សាមួយដែលមានកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀនយ៉ាងសម្បូរបែប ដោយមានបញ្ចូលជំនាញបច្ចេកទេស (Technical Skill) ជំនាញទន់ (Soft Skill) សហគ្រិនភាព (Entrepreneurship) និងភាពជាអ្នកដឹកនាំ(Leadership)។
រដ្ឋមន្ត្រីនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឯកឧត្តម ជា វ៉ាន់ដេត បានអំពាវនាវដល់សិស្សដែលបានជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ តែមិនទាន់បានដាក់ពាក្យប្រឡង សូមមកកាន់បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថល ដើម្បីដាក់ពាក្យចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 14 ខែកុម្ភៈ ឆ្នាំ 2021។
បេក្ខជនដែលមានបំណងសុំអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ សូមចុះឈ្មោះប្រឡងប្រជែងតាមរយៈតំណរភ្ជាប់ https://bit.ly/ApplyNIPTICT ។ សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងបណ្ឌិត្យសភាឌីជីថលកម្ពុជា (អតីតវិទ្យាស្ថានជាតិ NIPTICT) តាមទូរស័ព្ទលេខ 010 340 000 ឬអ៊ីម៉ែល [email protected]។