ភាពយន្ដបែបប្រវត្តិសាស្ត្រ «ហ្លួងព្រះស្ដេចកន» ជាភាពយន្តកំពុងល្បីរន្ទឺបំផុតនៅទឹកដីសុវណ្ណភូមិនាពេលបច្ចុប្បន្ននេះ ហើយទទួលបានជោគជ័យយ៉ាងខ្លាំងក្លា ខណៈដែលកំពុងដាក់បញ្ចាំងគ្រប់រោងភាពយន្តទំនើបៗ ទាំងអស់ក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តដែលមានទស្សនិកជនទាំងក្មេងទាំងចាស់ប្រជ្រៀតគ្នាចូលមើលរាប់ម៉ឺននាក់ក្នុងមួយថ្ងៃៗ ដោយសំបុត្រលក់ដាច់អស់គ្មានសល់ឡើយ និងគ្រប់គ្នាបានស្គាល់តែតួអង្គហ្លួងព្រះស្ដេចកនដែលសម្ដែងដោយលោក រស់ សោភ័ណ ប៉ុណ្ណោះ ប៉ុន្ដែចំពោះតួអង្គឪពុករបស់ស្ដេចកនវិញ មិនមាននរណាម្នាក់ស្គាល់ឡើយថា តើសម្តែងដោយតារាម្នាក់ណាទៅ។
ថ្ងៃនេះគេហទំព័រសារព័ត៌មាន ឡារ៉ែន សូមជម្រាបជូនប្រិយមិត្តទាំងអស់គ្នាឱ្យបានដឹងថា លោក ជា សំនៀង មានវ័យ 62ឆ្នាំ គឺជាអ្នកសម្ដែងជាតួអង្គឪពុករបស់ ស្ដេចកន ក្រោមស្នាដៃដឹកនាំដោយឯកឧត្តម ម៉ៅ អាយុទ្ធ។ លោក សំនៀង គឺជាអតីតតួអង្គ “ចៅចិត្ត” ក្នុងល្ខោននិយាយរបស់មន្ទីសិល្បៈខេត្តបាត់ដំបងតាំងពីជំនាន់ជាមួយលោក ទេព រិន្ទដារ៉ូ មកម្ល៉េះ និងមានស្រុកកំណើតនៅក្នុងខេត្តបាត់តំបង។
វិរៈសិល្បកររូបនេះដំបូងឡើយត្រូវបានលោក ហ៊ុយ យ៉ាឡេង អញ្ចើញមកសម្ដែងដំបូងបង្អស់នៅក្នុងរឿង «ខ្មោចដើមចេកជ្វា» បន្ទាប់មកក៏បានបាត់មុខមួយរយៈទៅវិញ ដោយសាររោងកុននៅស្រុកខ្មែរបានបិទទ្វារ និងលក់រោងដើម្បីយកថវិការ។ ក្រោយមកទៀតលោក យ៉ាឡេង ដែលជាម្ចាស់ផលិតកម្ម មាតុចក្រ ក៏បានបន្ដទាក់ទងអ៊ំប្រុស សំនៀង ឱ្យមកសម្ដែងរឿងជាថ្មីម្ដងទៀតដូចជារឿង “អាព្រឿងស្លាប់ហើយ” រឿង “អាគុកអាច្រវ៉ា” និងរឿង “ធ្មប់” ជាដើម។
តាំងពីគ្រានោះមកអ៊ំប្រុសម្នាក់នេះ ក៏ទទួលបានការជ្រោមជ្រែងឱ្យសម្ដែងភាពយន្ដខ្នាតធំជាច្រើនរឿង និងទទួលបានប្រជាប្រិយភាពខ្លាំង បើទោះបីជាលោកមានវ័យចំណាស់បន្ដិចហើយក្ដី តែទេពកោសល្យសម្ដែងវិញប្រកបទៅដោយសមត្ថភាពខ្ពស់។ វិរៈសិល្បករ សំនៀង បានចាកចេញពីស្រុកកំណើតមករស់នៅទឹកដីភ្នំពេញ ដោយសារមូលហេតុតែម្យ៉ាងគត់គឺ ស្រឡាញ់វិស័យសិល្បៈសម្ដែង។ ដោយសារឆ្លងកាត់ការតស៊ូជីវិត និងប្រវត្តិជូរចត់របស់លោក ទើបធ្វើឱ្យលោកសម្រេចបានភាពជោគជ័យនៅក្នុងវិស័យភាពយន្ដ ក្នុងនោះដែរក៏មានរឿងភាគច្រើន និងចូលរួមសម្ដែងជាមួយបទចម្រៀងរបស់ផលិតកម្មរស្មីហង្សមាស ជាមួយលោក ព្រាប សុវត្ថិ ផងដែរ។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះលោក ជា សំនៀង បានចូលនិវត្តន៍ពីមន្ទីសិល្បៈខេត្តបាត់ដំបងហើយ ក៏ប៉ុន្ដែលោកនៅតែបន្ដរក្សាកេរ្ដិ៍ដំណែលសិល្បៈបុរាណដូនតាខ្មែរ និងបន្ដអាជីពជាតារាសម្ដែងសម្រាប់ព្រះរាជាណាចក្រកម្ពុជាយើងតទៅទៀត៕