ខឿនសេដ្ឋកិច្ចធំជាងគេបង្អស់ក្នុងពិភពលោកមួយនេះ បានរួញក្រញង់មកនៅត្រឹម 3.5% ដែលនេះគឺជាឱនភាពធំបំផុតរាប់ចាប់ពីឆ្នាំ 1946 ហើយវាក៏ជាឆ្នាំដំបូងនៃការដាំក្បាលចុះបន្ទាប់ពីវិបត្តិហិរញ្ញវត្ថុចន្លោះឆ្នាំ 2007-2009។
ក្រសួងពាណិជ្ជកម្មអាមេរិក កាលពីថ្ងៃទី 28 មករា បានប្រកាសថា ផលិតផលក្នុងស្រុកសរុប (GDP) ប្រទេសនេះកើន 4% ក្នុងត្រីមាសទី 4 នៃឆ្នាំ 2020។ អត្រាកំណើននេះ បានថយចុះយ៉ាងច្រើនបើធៀបនឹង 33.4% ក្នុងត្រីមាសទី 3។ មូលហេតុគឺដោយសារការយឺតយ៉ាវរបស់រដ្ឋាភិបាលក្នុងការបញ្ចេញកញ្ចប់ថវិកាជំនួយសេដ្ឋកិច្ចថ្មី និងសកម្មភាពរបស់បណ្ដាក្រុមហ៊ុនត្រូវបានផ្អាកដំណើរការព្រោះតែ Covid-19។
ជារួម ក្នុងឆ្នាំ 2020 ខឿនសេដ្ឋកិច្ចធំជាងគេលំដាប់ទីមួយក្នុងពិភពលោកនេះ បានថយចុះមកនៅត្រឹម 3.5% ដែលជាអត្រាទាបជាងគេដោយរាប់ចាប់ពីឆ្នាំ 1946 និងជាឱនភាពនៃឆ្នាំដំបូងរាប់ចាប់តាំងពីមានវិបត្តិហិរញ្ញវត្ថុដែលបានកើតឡើងចាប់ពីឆ្នាំ 2007 ដល់ឆ្នាំ 2009។ ឆ្នាំ 2019 GDP អាមេរិកកើន 2.2%។
វិស័យស្ទើរតែទាំងអស់នៅសហរដ្ឋអាមេរិក បានដាំក្បាលចុះ។ ការចាយវាយលក្ខណបុគ្គល ដែលកាន់កាប់ជាង 2/3 នៃទំហំសេដ្ឋកិច្ចជាតិ ក៏បានថយចុះមកនៅត្រឹម 3.9% កាលពីឆ្នាំមុន ដែលនេះក៏ជាឱនភាពធំបំផុតចាប់តាំងពីឆ្នាំ 1932។ សហរដ្ឋអាមេរិកបានធ្លាក់ចូលក្នុងឱនភាពសេដ្ឋកិច្ចចាប់តាំងពីខែកុម្ភៈ ឆ្នាំ 2020។
យ៉ាងនេះក្ដី GDP អាមេរិកក៏ត្រូវបានព្យាករថានឹងវិលត្រលប់ទៅរកស្ថានភាពមុនវិបត្តិសុខភាពនៅក្នុងត្រីមាសទី 2 ឆ្នាំ 2021។ ធនាគារកណ្ដាលអាមេរិក (FED) កាលពីថ្ងៃទី 27 មករា បានសម្រេចរក្សាអត្រាការប្រាក់ជិត 0%។ ទន្ទឹមនឹងនេះ FED ក៏បានសន្យាថានឹងបន្តបញ្ចេញកញ្ចប់ថវិកាជំនួយទៅក្នុងទីផ្សារសេដ្ឋកិច្ចតាមរយៈការទិញមូលបត្របំណុលផងដែរ។
ក្នុងគ្រាដែល Covid-19 នៅតែបន្តរាតត្បាត ក្រុមសេដ្ឋវិទូបានព្យាករថា កំណើនសេដ្ឋកិច្ចអាមេរិកនឹងបន្តធ្វើដំណើរយឺតៗ ដោយកើន 2% នៅក្នុងត្រីមាសដំបូងនៃឆ្នាំ 2021 នេះ។ បន្ទាប់មក GDP នឹងបង្កើនល្បឿននៅក្នុងរដូវក្ដៅ នៅពេលមានកញ្ចប់ថវិកាជំនួយ និងពេលដែលពលរដ្ឋអាមេរិកកាន់តែច្រើនត្រូវបានចាក់វ៉ាក់សាំង។
«យើងយល់ថា កំណើននៃការចាយវាយនឹងកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងឆ្នាំ 2021 នៅពេលគ្រួសារនានាទទួលបានខ្ទង់ជំនួយផ្នែកហិរញ្ញវត្ថុពីរដ្ឋាភិបាលរបស់លោក Biden ខណៈដែលពលរដ្ឋអាមេរិកប្រមាណជា 2/3 គិតដល់ខែកក្កដា ត្រូវបានចាក់វ៉ាក់សាំង រូករួមនឹងទីផ្សារការងារបានបង្កើនល្បឿននៅក្នុងរដូវផ្ការីក» លោក Gregory Daco ប្រធានផ្នែកសេដ្ឋកិច្ចប្រចាំក្រុមហ៊ុន Oxford Economics អះអាងដូច្នេះ៕
ប្រភព៖ Reuters