នៅចំពោះមុខសម្ពាធនៃការបញ្ចុះតម្លៃប្រាក់ដុល្លាររបស់អាមេរិក ខឿនសេដ្ឋកិច្ចនានាជាច្រើនដូចជា អឺរ៉ុប ថៃ និងឈីលីជាដើម ក៏ត្រូវបង្ខំចិត្តបញ្ចុះតម្លៃរូបិយប័ណ្ណក្នុងស្រុករបស់ពួកគេផងដែរ។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោកស្រី Janet Yellen កំពុងតែឈឺក្បាលយ៉ាងខ្លាំងដោយសារតែឧបសគ្គដ៏ធំមិនចាញ់ Covid-19 ប៉ុន្មានឡើយ នោះគឺសង្គ្រាមរូបិយវត្ថុ។
រាប់ចាប់តាំងពីបានឡើងដល់កម្រិតកំពូលកាលពីខែមីនា ឆ្នាំ 2020 រូបិយប័ណ្ណដុល្លារអាមេរិកបានធ្លាក់ថ្លៃ 13% ព្រោះតែធនាគារកណ្ដាលអាមេរិក (FED) បាន «ជះ» លុយចូលទៅក្នុងទីផ្សារសេដ្ឋកិច្ចជាបន្តបន្ទាប់ ក៏ដូចជាបានបញ្ចុះអត្រាការប្រាក់ដើម្បីជំរុញសកម្មភាពឥណទាន ក្នុងបំណងទប់ទល់នឹងផលប៉ះពាល់ពី Covid-19។ ប៉ុន្តែ ទន្ទឹមនឹងការជួយសង្គ្រោះសេដ្ឋកិច្ចនៅក្នុងវិបត្តិសុខភាព វិធានការខាងលើក៏កំពុងតែជំរុញឱ្យមានសង្គ្រាមរូបិយវត្ថុថ្មីមួយនៅក្នុងពិភពលោក។
នៅចំពោះមុខសម្ពាធនៃការបញ្ចុះតម្លៃប្រាក់ដុល្លាររបស់អាមេរិក ខឿនសេដ្ឋកិច្ចនានាជាច្រើនដូចជា អឺរ៉ុប ថៃ និងឈីលីជាដើម ក៏បាននាំគ្នាធ្វើតាមសហរដ្ឋអាមេរិក ដោយការបញ្ចុះតម្លៃរូបិយប័ណ្ណក្នុងស្រុករបស់ពួកគេ។
នៅក្នុងសវនាការមួយនៅសភាជាតិកាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក និងជាអតីតប្រធាន FED លោកស្រី Yellen បានបង្ហាញអំពីគំនិតបដិសេធការស្ដារកម្លាំងរូបិយវត្ថុអាមេរិក។ ជំនួសមកវិញ លោកស្រី Yellen ឱ្យដឹងថា នឹងបង្កើតសម្ពាធទៅលើបណ្ដាប្រទេសដែលហ៊ានលូកដៃចូលក្នុងរឿងបញ្ចុះតម្លៃរូបិយប័ណ្ណអាមេរិក។
មុននេះ កាលពីអំឡុងឆ្នាំ 2010-2011 សហរដ្ឋអាមេរិកក៏ធ្លាប់បានបញ្ចុះតម្លៃប្រាក់ដុល្លារ និងបង្កឱ្យមានផលប៉ះពាល់ដល់សេដ្ឋកិច្ចទូទាំងពិភពលោក។ ការចុះថ្លៃនៃប្រាក់ដុល្លារអាមេរិក បានធ្វើឱ្យផលិតផលនានាដែលជួញដូរដោយប្រើរូបិយប័ណ្ណដុល្លារអាមេរិកក្នុងទីផ្សារអន្តរជាតិ ត្រូវធ្លាក់ថ្លៃទៅតាមនោះដែរ។ ប្រការនេះក៏បាននាំឱ្យការមានប្រៀបក្នុងការនាំចេញរបស់អាមេរិកបានកើនឡើង ប៉ុន្តែមុខទំនិញដែលនាំចូលប្រទេសនេះបែរជាដាំក្បាលចុះ បណ្ដាលឱ្យប្រទេសជាច្រើនត្រូវខាតបង់ផ្នែកសេដ្ឋកិច្ច។
ដើម្បីដោះស្រាយបញ្ហា ប្រទេសជាច្រើនក៏បានបង្ខំចិត្តបញ្ចុះតម្លៃរូបិយប័ណ្ណក្នុងស្រុកដើម្បីរក្សាលំនឹងផ្នែកសេដ្ឋកិច្ច។ កាលណោះ រដ្ឋមន្ត្រីហិរញ្ញវត្ថុប្រេស៊ីល ក៏បានរិះគន់ដោយចំហចំពោះចំណាត់ការរបស់អាមេរិកថា នេះគឺជាសង្គ្រាមរូបិយវត្ថុ។
បច្ចុប្បន្ន ស្ថានភាពកំពុងតែអាក្រក់ជាងមុន នៅពេលដែលរដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក មិនមានគម្រោងណាមួយដើម្បីរក្សាលំនឹងចំពោះតម្លៃរូបិយវត្ថុដុល្លារ ក៏ដូចជាដើម្បីគេចពីសង្គ្រាមរូបិយប័ណ្ណ។ បើទោះជាត្រូវបានចោទថា កំពុងតែធ្វើអន្តរាគមន៍លើចំណាត់ការរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក ប្រទេសស្វីស និងឥណ្ឌា នៅតែបន្តបញ្ចុះតម្លៃរូបិយវត្ថុរបស់ពួកគេដដែល។
ក្នុងសម័យប្រធានាធិបតីអាមេរិក Donald Trump មុនពេលវិបត្តិ Covid-19 មកដល់ ប្រាក់ដុល្លារអាមេរិកត្រូវបានក្រុមអ្នកវិនិយោគយកចិត្តទុកដាក់ និងផ្ដល់តម្លៃជាខ្លាំង ដោយសារតែកំណើនសេដ្ឋកិច្ចសហរដ្ឋអាមេរិកកើនឡើងខ្ពស់ និងមានលំនឹងល្អ។ ក៏ប៉ុន្តែ Covid-19 បានធ្វើឱ្យប្រែប្រួលគ្រប់យ៉ាង ហើយសង្គ្រាមរូបិយវត្ថុថ្មីមួយនឹងអាចកើតឡើងទ្រង់ទ្រាយធំ នៅពេលដែលប្រទេសនានានាំគ្នាបញ្ចុះតម្លៃរូបិយប័ណ្ណក្នុងស្រុករបស់ពួកគេរៀងៗខ្លួន៕
ប្រភព៖ Bloomberg