នៅទីបំផុតវិវាទដ៏ចម្រូងចម្រាស់រវាង កញ្ញា សេង រដ្ឋា Miss Grand Cambodia 2020 និង គណកម្មការរៀបចំត្រូវបានបញ្ចប់ហើយ។ នេះប់យោងតាមការបង្ហោះជាផ្លូវការមុននេះ។
នៅលើផេក Miss Grand Cambodia បានសរសេរបង្ហោះកាលពីរសៀលថ្ងៃទី២៨ មករា ឆ្នាំ២០២១ថា”បន្ទាប់ពីបានជួបពិភាក្សាគ្នារវាងមេធាវីភាគីខាងក្រុមហ៊ុន និងមេធាវីភាគីខាងកញ្ញា សេង រដ្ឋា ដូចនេះគូភាគីទាំងពីរក៏បានសម្រេចធ្វើទៅតាមកិច្ចព្រមព្រៀងបញ្ចប់វិវាទតាមផ្លូវច្បាប់ដែលបានកំណត់ដូចខាងក្រោម សូមបណ្តាអ្នកគាំទ្រទាំងអស់មេត្តាពិនិត្យមើលកិច្ចព្រមព្រៀងចុងក្រោយ និងកុងត្រាដែលភាគីខាងក្រុមហ៊ុនបានធ្វើរួមគ្នាជាមួយ ភាគីខាងកញ្ញា សេង រដ្ឋា”។
ការបញ្ជាក់ក្នុងការបង្ហោះនេះ គឺស្ថិតនៅក្នុងកិច្ចព្រមព្រៀងទាំងស្រុងនៅក្នុងឯកសារ។ ដោយឡែកនៅលើហ្វេសប៊ុក របស់ លោក អ៊ិន សុភិន អគ្គនាយក Miss Grand Cambodia 2020 ក៏បានបង្ហោះថា “ពេលវេលាបានមកដល់ទីបញ្ចប់រវាង ក្រុមហ៊ុន Mohahang និង Miss Grand Cambodia 2020 មានតែផ្លូវច្បាប់ទេីបអាចដោះស្រាយ។ សូមអរគុណនូវការយកចិត្តតាមដានទាំងអស់គ្នា ពេលនេះការពិតបានលាតត្រដាងហេីយ ខ្ញុំសូមអស់យោបល់ហេីយសង្ឃឹម ថាអ្វីៗនឹងបានល្អប្រសេីរ យេីងជាខ្មែរដូចគ្នាត្រូវចេះដោះស្រាយដោយសន្តិវិធី ខ្ញុំបាទសូមសុំទោសជាសាធារណៈនូវពាក្យពេជ្រខុសឆ្គងកន្លងមកហេីយសូមសន្យាថាកម្មវិធី Miss Grand Cambodia 2021 នឹងរៀបចំអោយបានល្អជាងឆ្នាំ2020 អរគុណគ្រប់យ៉ាងដល់ក្រុមការងារនឹងអ្នកគាំទ្រ ដែលបានជួយលេីកទឹកចិត្តខ្ញុំកន្លងមក ស្រលាញ់អ្នកទាំងអស់គ្នាពេញបេះដូង។