ដោយសារតែក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បានរីកចម្រើនយ៉ាងឆាប់រហ័ស CEO Elon Musk ក៏ជិតទទួលបានប្រាក់រង្វាន់ដែលមានតម្លៃជិត 7 ពាន់លានដុល្លារអាមេរិក។ នៅក្នុងរដូវផ្ដល់រង្វាន់លើកមុន (ខែតុលា 2020) មហាសេដ្ឋីអាមេរិកដើមកំណើតអាហ្វ្រិករូបនេះ ទទួលបាន 2.9 ពាន់លានដុល្លារ។
នៅពេលដែលរបាយការណ៍សម្រាប់ត្រីមាសទី 4 ឆ្នាំ 2021 របស់ក្រុមហ៊ុន Tesla ត្រូវបានប្រកាស វានឹងអាចបើកផ្លូវឱ្យមានការផ្ដល់រង្វាន់ទី 5 តម្លៃ 7 ពាន់លានដុល្លារទៅឱ្យអគ្គនាយកប្រតិបត្តិ Elon Musk។ ប្រការនេះគឺយោងទៅតាមការព្យាករអំពីប្រាក់ចំណេញមុនបង់ពន្ធ និងការប្រាក់ដែលត្រូវសង (EBITDA) របស់ Tesla ដែលថា នឹងរកបានចំនួន 2.3 ពាន់លានដុល្លារ កើន 92% ធៀបនឹងដំណាក់កាលដូចគ្នាកាលពីឆ្នាំមុន។
តួលេខ EBITDA បែបនេះគឺគ្រប់គ្រាន់ដើម្បីអាចផ្ដល់រង្វាន់ទី 5 ក្នុងចំណោមរង្វាន់ទាំង 12 កម្រិតរបស់ក្រុមហ៊ុន Tesla សម្រាប់ CEO លោក Elon Musk ដោយយោងទៅលើកិច្ចព្រមព្រៀងកាលពីឆ្នាំ 2018 រវាងមហាសេដ្ឋីរូបនេះ ជាមួយនឹងភាគហ៊ុនិករបស់ Tesla។ គោលដៅនីមួយៗដែល Tesla សម្រេចបាន នឹងអនុញ្ញាតឱ្យ Elon Musk ទិញមូលបត្របន្ថែមចំនួន 8.4 លានហ៊ុន ក្នុងតម្លៃត្រឹមតែ 70 ដុល្លារអាមេរិក/ហ៊ុន។
Tesla មានរង្វាន់ចំនួន 12 កម្រិតសម្រាប់ CEO ដោយអាស្រ័យទៅលើតម្លៃមូលធនទីផ្សារគិតក្នុងអំឡុង 6 ខែម្ដង និងគោលដៅប្រាក់ចំណូល រួមនឹងប្រាក់ចំណេញមួយចំនួនទៀត។ ដោយសារតែមូលបត្រ Tesla កើនឡើងយ៉ាងឆាប់រហ័ស គោលដៅនៃតម្លៃមូលធនទីផ្សារក៏ងាយនឹងសម្រេចបាន ហើយ Elon Musk គ្រាន់តែរង់ចាំបញ្ចប់គោលដៅអមមួយចំនួនទៀតតែប៉ុណ្ណោះ មុននឹងទទួលបានរង្វាន់។
តម្លៃមូលបត្របច្ចុប្បន្នរបស់ Tesla គឺប្រមាណ 880 ដុល្លារ/ហ៊ុន ដូច្នេះ Elon Musk អាចទិញមូលបត្រនេះដោយមានការបញ្ចុះតម្លៃដល់ទៅ 90%។ គិតជាសរុប CEO របស់ Tesla អាចរកបានជិត 7 ពាន់លានដុល្លារពីរង្វាន់លើកនេះ។ រង្វាន់លើកមុន Elon Musk ទទួលបាន 2.9 ពាន់លានដុល្លារ នៅក្នុងខែតុលា ឆ្នាំ 2020៕
ប្រភព៖ Reuters