ដើម្បីជៀសវាងការជួបជុំគ្នាដែលមានមនុស្សច្រើន និងដើម្បីការពារបរិស្ថាន រដ្ឋាភិបាលប្រទេសសិង្ហបុរី បានចេញសេចក្ដីអំពាវនាវឱ្យពលរដ្ឋរបស់ខ្លួន ជូនអំណោយជាប្រាក់នាំសំណាង (អាំងប៉ាវ) ដោយប្រើប្រាស់រូបភាពឌីជីថល នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិននាពេលខាងមុខ។
នាយកដ្ឋានគ្រប់គ្រងហិរញ្ញវត្ថុរបស់ប្រទេសសិង្ហបុរី (MAS) បានអំពាវនាវឱ្យពលរដ្ឋចាត់ទុកអាំងប៉ាវអេឡិចត្រូនិកជា «បែបផែនធម្មតាថ្មីមួយ» នៅក្នុងវិបត្តិសុខភាពដែលបង្កឡើងដោយ Covid-19។ MAS សង្ឃឹមថា ប្រការនេះនឹងអាចកាត់បន្ថយការឆ្លងរាលដាលរបស់វីរុស ដោយសារមនុស្សមិនបានជួបជុំគ្នាច្រើន និងមិនបានកាន់អាំងប៉ាវដោយផ្ទាល់ដៃ ក៏ដូចជាជួយឱ្យបរិស្ថានមានភាពល្អប្រសើរ ព្រោះមិនត្រូវបោះពុម្ភក្រដាសប្រាក់ថ្មី។
ប្រជាជននៃប្រទេសសិង្ហបុរី ភាគច្រើនគឺជាពលរដ្ឋដើមកំណើតចិន។ រៀងរាល់រដូវបុណ្យចូលឆ្នាំចិន ពួកគេតែងតែជូនពរ និងជូនអំណោយដល់គ្នាដោយក្រដាសប្រាក់ដែលដាក់នៅក្នុងសំបុត្រពណ៌ក្រហម ដែលគេហៅថា អាំងប៉ាវ។ នៅប្រទេសចិនឯណោះវិញ ប្រព័ន្ធអាំងប៉ាវអេឡិចត្រូនិកបានក្លាយជាឧបករណ៍ពេញនិយម អនុញ្ញាតឱ្យគ្រប់គ្នាផ្ទេរប្រាក់តាមរយៈកាបូបអេឡិចត្រូនិកនៅក្នុងទូរស័ព្ទឆ្លាតវៃ មានដូចជាកម្មវិធី Wechat Pay ។ល។ សម្រាប់កម្ពុជា គេក៏ឃើញមានកាបូបអេឡិចត្រូនិកមួយចំនួន មានកម្មវិធី «អាំងប៉ាវ» ផងដែរ ដូចជា Wing ជាដើម។
យោងតាមសមាគមធនាគារសិង្ហបុរី ធនាគារចំនួន 6 របស់ប្រទេសនេះ កំពុងផ្គត់ផ្គង់ប្រាក់អេឡិចត្រូនិកសម្រាប់ជូនអាំងប៉ាវតាមរយៈ Paynow ជាសេវាដែលអ្នកប្រើប្រាស់អាចផ្ទេរប្រាក់ពីធនាគារមួយ ទៅធនាគារមួយទៀតដោយប្រើលេខទូរស័ព្ទ។
ក្រៅពីកម្មវិធីអាំងប៉ាវ MAS ក៏កំពុងតែធ្វើការជាមួយសមាគមធនាគារសិង្ហបុរីដើម្បីលើកទឹកចិត្តឱ្យ fintech (Financial technology) អភិវឌ្ឍ និងបង្កើតកម្មវិធីអាំងប៉ាវអេឡិចត្រូនិកប្រភេទផ្សេងផងដែរ។ MAS ជឿជាក់ថា ការធ្វើឌីជីថលឧបណីយកម្មលើសាច់ប្រាក់ គឺជាគន្លឹះសម្រាប់ការអភិវឌ្ឍរយៈពេលមធ្យម និងវែងរបស់សិង្ហបុរី។
ប្រទេសជិតខាងរបស់សិង្ហបុរី គឺម៉ាឡេស៊ី ជាប្រទេសដែលមានពលរដ្ឋដើមកំណើតចិនប្រមាណជា 20% ក៏អាចនឹងមានកម្មវិធីឌីជីថលសម្រាប់ប្រើប្រាស់ក្នុងការជូនអំណោយក្នុងរដូវបុណ្យចូលឆ្នាំចិនឆ្នាំនេះដែរ។ ម៉ាឡេស៊ី កំពុងតែទទួលរងរលកនៃការឆ្លងរាលដាល Covid-19 ថ្មី និងដាក់ប្រទេសក្នុងភាពអាសន្នចាប់ពីថ្ងៃទី 12 ខែមករា។ មូលហេតុនេះនឹងជួយឱ្យការប្រើប្រាស់អាំងប៉ាវឌីជីថល កើនឡើងថែមមួយកម្រិតទៀត៕
ប្រភព៖ Nikkei