ទស្សនាវដ្ដីពាណិជ្ជកម្ម Forbes បានបញ្ចេញបញ្ជីឈ្មោះស្ដីអំពីអ្នកមានជាងគេបង្អស់ប្រចាំទ្វីបអាហ្វ្រិកសម្រាប់ឆ្នាំ 2021 ដែលបង្ហាញថា ទ្វីបនេះមានមហាសេដ្ឋីត្រឹមតែ 18 នាក់ ហើយពួកគេមានទ្រព្យសរុបចំនួន 73.8 ពាន់លានដុល្លារអាមេរិក។
នៅក្នុងគ្រាដែល Covid-19 កំពុងតែធ្វើឱ្យប៉ះពាល់ដល់សកម្មភាពជំនួញ និងកំណើននៃទ្រព្យសម្បត្តិរបស់មហាសេដ្ឋីនានា មហាសេដ្ឋីមួយចំនួនទៀតបែរជាកាន់តែមានឡើងៗ ដោយសារតែមូលបត្រឡើងថ្លៃ។
ចំនួនមហាសេដ្ឋីដុល្លារនៅអាហ្វ្រិកបានថយចុះពី 20 នាក់កាលពីដើមឆ្នាំ 2020 មកនៅត្រឹម 18 នាក់នាដើមឆ្នាំ 2021 ប៉ុន្តែជាក់ស្ដែង ទ្រព្យសម្បត្តិរបស់ពួកគេនៅតែបន្តកើនឡើង បើទោះជាកើនមិនច្រើន។
មកដល់ដំណាក់កាលដើមឆ្នាំ 2021 នេះ ទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីអាហ្វ្រិកទាំង 18 នាក់ខាងលើ មានចំនួន 73.8 ពាន់លានដុល្លារអាមេរិក ច្រើនជាងបន្តិចបើធៀបនឹង 73.4 ពាន់លានដុល្លាររបស់មហាសេដ្ឋីទាំង 20 រូប កាលពីឆ្នាំ 2020។
ប្រការដែលគួរកត់សម្គាល់នោះគឺថា បញ្ជីឈ្មោះមហាសេដ្ឋីអាហ្វ្រិករបស់ទស្សនាវដ្ដី Forbes នេះ គឺគិតតែមហាសេដ្ឋីដែលកំពុងរស់នៅក្នុងទ្វីបអាហ្វ្រិក ជាកន្លែងដែលក្រុមហ៊ុន និងមូលបត្រត្រូវបានដាក់នៅក្នុងទ្វីបនេះ លើកលែងតែមហាសេដ្ឋី Mo Ibrahim សញ្ជាតិអង់គ្លេស ដើមកំណើតស៊ូដង់ និងមហាសេដ្ឋី Mohamed Al-Fayed ជនជាតិអង់គ្លេស ដើមកំណើតអេហ្ស៊ីប។
បើគិតទៅលើប្រទេស គេឃើញថា អាហ្វ្រិកខាងត្បូង និងអេហ្ស៊ីប គឺជាប្រទេសដែលមានមហាសេដ្ឋីច្រើនជាងគេ ដោយប្រទេសនីមួយៗមានមហាសេដ្ឋី 5 នាក់ ស្មើគ្នា បន្ទាប់មកគឺប្រទេសនីហ្សេរីយ៉ាមាន 3 នាក់ និងម៉ារ៉ុក (Morocco) មាន 2 នាក់៕
ប្រភព៖ Forbes