បន្ទាប់ពីស្វាមីបានប្រាប់អំពីដំណើរដើមទងនៃងសុបិន ស្ត្រីជាភរិយាក៏បានព្យាយាមចាក់ឆ្នោតផ្សងសំណាង ហើយចុងក្រោយក៏បានត្រូវឆ្នោតតម្លៃ 60 លានដុល្លារអាមេរិក ក្រោយការ «តស៊ូ» ចាក់ឆ្នោតមិនដាច់មួយថ្ងៃ។
ឆ្នាំ 2000 ស្វាមីរបស់អ្នកស្រី Deng Pravatoudom យល់សប្ដិចម្លែកមួយ ដោយឃើញលេខមួយខ្សែយ៉ាងច្បាស់នឹងភ្នែក។ ក្រោយពីបានឮស្វាមីរៀបរាប់ប្រាប់ អ្នកស្រី Pravatoudom ក៏ចាប់ផ្ដើមយកលេខនោះទៅចាក់ឆ្នោត។
ជីវភាពរបស់គ្រួសារខាងលើ ចេះតែបន្តទៅមុខដូចធម្មតា ហើយការចាក់ឆ្នោតលេខដដែលៗនេះក៏ចេះតែធ្វើឡើងជារៀងរាល់ថ្ងៃ រហូតដល់ 20 ឆ្នាំ។
ថ្ងៃទី 1 ខែធ្នូ ឆ្នាំ 2020 អ្នកស្រី និងស្វាមីក៏បានទៅទូទាត់វិក្កយបត្រនៅក្នុងធនាគារមួយ។ ខណៈដែលអ្នកស្រីកំពុងទូទាត់ប្រាក់ ស្វាមីអ្នកស្រីក៏ចាប់ផ្ដើមផ្ទៀងលេខឆ្នោត។ ពេលត្រលប់មកកាន់រថយន្ត ស្រាប់តែស្វាមីបានប្រាប់អ្នកស្រីថា «យើងត្រូវឆ្នោតហើយ!»។ ពួកគេត្រូវឆ្នោតដែលមានតម្លៃដល់ទៅ 60 លានដុល្លារអាមេរិក។ នេះបើតាមគេហទំព័រឆ្នោត Ontario ដែលបានចុះផ្សាយកាលពីថ្ងៃទី 25 មករាកន្លងទៅ។
អ្នកស្រី Pravatoudom ក៏បានស្រែកយំ ដោយសារថា អ្នកស្រីមិននឹកស្មានថា សុបិនអាចក្លាយជាការពិតយ៉ាងដូច្នេះសោះ។ ក្នុងពិធីប្រគល់រង្វាន់ឆ្នោត អ្នកស្រីប្រាប់ថា នឹងទិញផ្ទះមួយខ្នង ហើយដើរទេសចរណ៍ជុំវិញពិភពលោក ក្រោយពី Covid-19 បានស្ងប់ស្ងាត់។
បន្ទាប់ពីបានទទួលប្រាក់ អ្នកស្រីបានទិញពេជ្រជាច្រើនគ្រាប់សម្រាប់ខ្លួនឯង។ អ្នកទាំងពីរបានគិតគូរគ្នារួចហើយថា នឹងយកប្រាក់ខ្លះទៅទូទាត់បំណុលដែលនៅសល់ និងជួយដល់កូនចៅរបស់ពួកគាត់។
អ្នកស្រី Pravatoudom គឺជាជនជាតិឡាវដែលបានទៅរស់នៅក្នុងប្រទេសកាណាដាជាមួយនឹងបងប្អូនចំនួន 14 នាក់របស់ខ្លួន កាលពីឆ្នាំ 1980។ 40 ឆ្នាំកន្លងទៅនេះ អ្នកស្រី និងស្វាមី បានធ្វើការយ៉ាងហត់នឿយ និងបានសន្សំសំច័យប្រាក់យ៉ាងលំបាកដើម្បីចិញ្ចឹមកូន។
ការព្យាយាមពិតជាអាចធ្វើឱ្យសុបិនក្លាយជាការពិតបាន ក៏ប៉ុន្តែ បើតាម La Reine នេះគ្រាន់តែជារឿងចៃដន្យដ៏កម្រមួយតែប៉ុណ្ណោះ ហើយការចាក់ឆ្នោតគឺប្រៀបបានទៅនឹងការរាវរកម្ជុលនៅក្នុងព្រែកយ៉ាងដូច្នេះដែរ៕
ប្រភព៖ CNN