ក្រុមហ៊ុនផលិតរថយន្តវៀតណាម VinFast បានស្រាវជ្រាវ និងអភិវឌ្ឍដោយជោគជ័យនូវរថយន្តឆ្លាតវៃ 3 ម៉ូដែលដំបូងរបស់ខ្លួន ដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI/Artificial intelligence) រួមនឹងកាមេរ៉ាពិសេសៗ និងអង្គញាណជាច្រើនផងដែរ។
ក្រុមហ៊ុន VinFast ថ្មីៗនេះបានប្រកាសបង្ហាញម៉ូដែលរថយន្តប្រភេទ SUV ឆ្លាតវៃចំនួន 3 ម៉ូដែល បន្ទាប់ពីការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍអស់រយៈពេល 3 ឆ្នាំ។
ម៉ូដែលរថយន្តខាងលើនេះ មានឈ្មោះថា VF31, VF32 និង VF33 ក្នុងនោះ VF31 គឺជារថយន្តប្រភេទ SUV ខ្នាតតូច និងមានតែកំណែប្រើអគ្គិសនីប៉ុណ្ណោះ ចំណែក VF32 គឺជាប្រភេទ SUV ខ្នាតមធ្យម ខណៈដែល VF33 ជាប្រភេទ SUV ខ្នាតធំ។ VF32 និង VF33 សុទ្ធតែមានកំណែអគ្គិសនី និងកំណែសាំង។
VinFast VF31
រថយន្តទាំងនេះសុទ្ធតែមានបំពាក់មុខងារបើកបរស្វ័យប្រវត្តិកម្រិត 2-3។ មុខងារឆ្លាតវៃចំនួន 30 នៅលើក្នុងរថយន្តនេះត្រូវបានចែកជា 7 ប្រភេទ រួមមាន ប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ ប្រព័ន្ធគ្រប់គ្រងគន្លងចរាចរណ៍ ប្រព័ន្ធគ្រប់គ្រងការធ្វើដំណើរ ប្រព័ន្ធព្រមានការប៉ះទង្គិចពហុទិស ប្រព័ន្ធកាត់បន្ថយបញ្ហាប៉ះទង្គិចទូទៅ ប្រព័ន្ធចូលចតស្វ័យប្រវត្តិឆ្លាតវៃ និងប្រព័ន្ធតាមដានអ្នកបើកបរ។
កំណែលំដាប់ខ្ពស់របស់ VF31, VF32 និង VF33 ក៏សុទ្ធតែមានអង្គញាណ LiDAR កាមេរ៉ាមើលឃើញឧបសគ្គរយៈចម្ងាយ 687 ម៉ែត្រ ចំនួន 17 គ្រាប់ និងអង្គញាណ 360 អង្សាចំនួន 19 គ្រាប់ដែលអនុញ្ញាតឱ្យព្រមាន និងចាត់ការនៅក្នុងល្បឿនលើសពី 100 គម/ម៉ោង។
VinFast VF32
កំណែលំដាប់ខ្ពស់របស់ម៉ូដែលរថយន្តទាំងនេះក៏ត្រូវបានបំពាក់បន្ថែមនូវមុខងារបើកបរស្វ័យប្រវត្តិកម្រិត 4 មួយចំនួនទៀត ដូចជា ការបង្កើតផែនទី 3 ទិសស្វ័យប្រវត្ត រួមនឹងមុខងារតភ្ជាប់ប្រព័ន្ធចរាចរណ៍ឆ្លាតវៃ។
តាមគម្រោង VF31 កំណែស្ដង់ដានឹងចាប់ផ្ដើមទទួលការបញ្ជាទិញនៅវៀតណាម ចាប់ពីខែឧសភា ឆ្នាំ 2021 និងប្រគល់ជូនដល់ដៃអតិថិជនចាប់ពីខែវិច្ឆិកា ឆ្នាំ 2021។ VF32 និង VF33 នឹងទទួលការបញ្ជាទិញនៅវៀតណាមចាប់ពីខែកញ្ញា ឆ្នាំ 2021 និងប្រគល់ចាប់ពីខែកុម្ភៈ ឆ្នាំ 2022 ខណៈនៅអាមេរិក កាណាដា និងអឺរ៉ុប ទទួលការបញ្ជាទិញចាប់ពីខែវិច្ឆិកា ឆ្នាំ 2021 និងប្រគល់ចាប់ពីខែ មិថុនា ឆ្នាំ 2022៕
VinFast VF33
ក្រៅពីមានរោងចក្រទំនើបលេចធ្លោជាងគេនៅអាស៊ីអាគ្នេយ៍ប្រចាំនៅវៀតណាម ក្រុមហ៊ុន VinFast បច្ចុប្បន្នមានបណ្ដាញមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍ R&D (Research and development) នៅអូស្ត្រាលី អាល្លឺម៉ង់ និងអាមេរិក និងមជ្ឈមណ្ឌលធ្វើតេស្តរថយន្តទំនើបនៅអូស្ត្រាលីផងដែរ៕
ប្រភព៖ Vingroup, Taiwannews