កាលពីព្រឹកមិញនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា ស្ថាប័នរដ្ឋចំនួន 3 ទៀត នឹងត្រូវរើទៅតំបន់បឹងតាមោក ក្នុងនោះក៏មានអគ្គបញ្ជាការដ្ឋានកងទ័ពផងដែរ។
នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្ដីការក្រសួងសាធារណការនិងដឹកជញ្ជូនថ្មី នាព្រឹកថ្ងៃទី 22 ខែមករានេះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា អនុក្រឹត្យដែលត្រូវបានចេញកាលពីលើកមុនគឺខុសពីស្ថានភាពជាក់ស្តែងនៃបឹងលិចទឹកនៅខាងជើងទីក្រុងភ្នំពេញ ដូច្នេះ សម្តេចនឹងចេញអនុក្រឹត្យថ្មីដើម្បីកែប្រែអនុក្រឹត្យចាស់ ទាក់ទងនឹងទំហំផ្ទៃបឹងតាមោក។
ទាក់ទងនឹងតំបន់បឹងតាមោកនេះដែរ សម្ដេច មានបន្ថែមថា ការលុបបឹង ឬប្រឡាយ ដែលបិទមុខទឹកនៅតំបន់បឹងតាមោកនេះ សម្តេចមិនយល់ស្របនោះទេ។ យ៉ាងនេះក្ដី ប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ថា សម្ដេចគាំទ្រដល់ការលុបបឹង ប្រឡាយ ក្នុងបំណងអភិវឌ្ឍ និងពង្រីកទីក្រុងភ្នំពេញតែប៉ុណ្ណោះ។
នៅតំបន់បឹងតាមោក បច្ចុប្បន្នមានក្រុមហ៊ុនឯកជនជាច្រើនកំពុងតែមានគម្រោងអភិវឌ្ឍន៍ រួមនឹងសំណង់នានាគួរឱ្យកត់សម្គាល់ បន្ទាប់ពីរាជរដ្ឋាភិបាលមានគម្រោងអភិវឌ្ឍនៅតំបន់នេះ។ ប្រមុខរាជរដ្ឋាភិបាលមានប្រសាសន៍ថា ស្ថាប័នរដ្ឋចំនួន 3 ទៀត នឹងត្រូវរើទៅតំបន់បឹងតាមោក រួមមានអគ្គបញ្ជាការដ្ឋានកងទ័ព និងមន្ទីរពេទ្យចំនួន 2។
បឹងតាមោក ឬបឹងកប់ស្រូវដែលមានចម្ងាយពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញប្រមាណ 12 គីឡូម៉ែត្រ គឺជាបឹងធម្មជាតិធំជាងគេនៅរាជធានីភ្នំពេញនាបច្ចុប្បន្ន និងមានទីតាំងនៅភាគខាងលិចឈៀងខាងជើងតាមបណ្តោយមហាវិថីឈ្នះឈ្នះ លាតសន្ធឹងលើខណ្ឌចំនួន 2 សង្កាត់ចំនួន 6 និងភូមិចំនួន 25៕