ដំបូងគេបំផុត បើចង់ទៅលេងសមុទ្រ ឬទៅកន្លែងណា ដែលអាចប៉ះនឹងពន្លឺថ្ងៃខ្លាំងៗនោះ ត្រូវប្រយ័ត្នរឿងសក់ខូចដោយសារកម្ដៅថ្ងៃ ឬកាំរស្មី UVមុនគេ ហើយបើត្រូវហែលទឹកផង ទោះជាហែលក្នុងទឹកអាង ឬក្នុងទឹកសមុទ្រក៏ដោយ សុទ្ធតែធ្វើឱ្យសក់ខូចបានទាំងអស់ ដូច្នេះអ្នកជំនាញផ្នែកសក់ សូមណែនាំឱ្យទៅធ្វើ Treatment ស្រោបសរសៃសក់ ដើម្បីជាការបិទស្រកាសរសៃសក់ មុនពេលទៅសមុទ្រ ទើបជាការល្អ។
ពេលទៅដល់សមុទ្រហើយ មុននឹងចេញទៅត្រូវពន្លឺថ្ងៃ ចូរបាញ់ស្រ្បៃយ៍ការពារកាំរស្មី UV ជាមុនសិន ឬវិធីងាយៗជាងនេះ គឺអាចប្រើឃ្រីមការពារកម្តៅថ្ងៃ (មិនថាប្រភេទឃ្រីម ឬប្រភេទប្រេងនោះទេ)លាបលើសក់ ក៏បានដូចគ្នា។
ចំណែកវិធីធម្មជាតិ ដែលជួយអប់សក់ផងដែរនោះ គឺប្រើប្រេងដូង ឬប្រេងម្កាក់ លាបលើសក់ទុកចោល ព្រោះកម្តៅពីពន្លឺថ្ងៃ នឹងជួយបើកស្រកាសរសៃសក់ ធ្វើឱ្យជាតិប្រេង ចូលទៅបំប៉នបានយ៉ាងជ្រៅ និងជួយស្រោបសក់ មិនឱ្យសារធាតុគីមីនៅក្នុងទឹកអាង ឬទឹកសមុទ្រនោះ ចូលទៅបំផ្លាញបណ្តូលសរសៃសក់បានទៀតផង។
ម៉ូដសក់
ការពិតទៅ ការធ្វើម៉ូដសក់ ពេលទៅលេងសមុទ្រ គ្មានបែបបទតម្រូវឱ្យត្រូវតែធ្វើម៉ូដនេះ ឬម៉ូដនោះឡើយ ចំណុចសំខាន់ដែលត្រូវចងចាំនោះគឺ កុំធ្វើម៉ូដណា ដែលមើលទៅដូចអ៊ំស្រី ឬលោកយាយ ទៅបានហើយ។
សូមណែនាំថា មុននឹងទៅលេងសមុទ្រ គួរតែទៅតម្រឹមសក់ ឱ្យចេញជាម៉ូដបន្តិច តែហាមកាត់ ព្រោះក្នុងអំឡុងពេលដើរលេង យើងប្រហែលជាគ្មានពេលមើលថែទាំទេ ហើយទឹកសមុទ្រ អាចធ្វើឱ្យម៉ូដសក់ខូចបានយ៉ាងងាយទៀតផង។ គួរជ្រើសរើសម៉ូដណាដែលងាយស្រួលមើលថែទាំ និងងាយរៀបចំជារូបរាង ឬចងសក់បែបរលុងៗមកក្រោយក៏បានដែរ។
តិចនិក ១បែបទៀត ដែលឡា រ៉ែនចង់ណែនាំ ពេលទៅលេងសមុទ្រដែរនោះគឺ ការយកកន្សែងជូតមុខមករុំក្បាល ឬក៏យកកន្សែងបង់កវែងៗ ស្តើងៗ ពណ៌ស្រស់ៗ មកឃ្លុំលើក្បាលបែបរលុងៗ ហើយពាក់វ៉ែនតាខ្មៅការពារពន្លឺថ្ងៃបន្ថែមពីលើ ១ទៀតក៏មើលទៅស្រស់ស្អាត មិនធម្មតាដែរ៕