ដំណឹងដ៏គួរឱ្យសោកស្ដាយ ដែលថ្មីៗនេះ លោក Kwon Bong-seok ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន LG បានផ្ញើសារ ជាតម្រុយប្រាប់ទៅបុគ្គលិករបស់ខ្លួន ឱ្យបានដឹងមុនថា នាពេលខាងមុខនេះ វិស័យទូរស័ព្ទវៃឆ្លាតរបស់ខ្លួន អាចនឹងមានការផ្លាស់ប្តូរជាលក្ខណៈទ្រង់ទ្រាយធំតែម្តង។
ដោយនៅក្នុងសារនោះ បានសរសេរបញ្ជាក់ថា មិនថាមានការផ្លាស់ប្តូរអ្វីកើតឡើង ចំពោះផ្នែកវិស័យទូរស័ព្ទវៃឆ្លាតរបស់ខ្លួននោះទេ ការងារដែលបុគ្គលិកធ្លាប់ធ្វើពីមុនមក គឺនៅតែរក្សាដូចដើម ដដែលហើយមិនបាច់មានការព្រួយបារម្ភនោះទេ។
តាមរយៈគេហទំព័រក្នុងប្រទេសកូរ៉េខាងត្បូង បានរាយការណ៍មកថា 5ឆ្នាំមកនេះ LG ខាតបង់ សរុបជាទឹកប្រាក់ដល់ទៅខ្ទង់ 4.5ពាន់លានដុល្លារ ឯណោះ ទៅលើផ្នែកវិស័យទូរស័ព្ទវៃឆ្លាតរបស់ខ្លួន ហេតុដូច្នេះ ពួកគេអាចនឹងដកខ្លួនចេញពីវិស័យមួយនេះ។ ចំណែកទីផ្សារទូរស័ព្ទវៃឆ្លាត របស់ក្រុមហ៊ុន LG បានធ្លាក់ចុះកាន់តែខ្លាំងទៅៗ បើទោះបីជាពួកគេ ខំព្យាយាមប្រើប្រាស់យុទ្ធសាស្ត្រថ្មី ក៏ដូចជាផ្លាស់ប្តូរនាយកប្រតិបត្តិថ្មីក៏ដោយ។ កាលពីឆ្នាំ ២០២០ កន្លងទៅ មានប្រព័ន្ធផ្សព្វផ្សាយមួយចំនួន បានរាយការណ៍ថា LG បានធ្វើការកាត់បន្ថយចំនួនបុគ្គលិក លើផ្នែកវិស័យទូរស័ព្ទវៃឆ្លាតរបស់ខ្លួនថែមទៀតផង។
លោក Kwon Bong-seok បានបន្ថែមទៀតថា ចាប់តាំងពីមានការប្រកួតប្រជែងខាងផ្នែកទីផ្សារទូរស័ព្ទវៃឆ្លាត មានសម្ទុះកាន់តែខ្លាំងឡើងៗមក វាដល់ពេលដែល LG ត្រូវធ្វើការវិនិច្ឆ័យ និងសម្រេចចិត្តសាជាថ្មីម្តងទៀត លើវិស័យទូរស័ព្ទវៃឆ្លាតរបស់ខ្លួន ដោយក្រុមហ៊ុនកំពុងពិចារណ លើរាល់វិធានការទាំងអស់ ដោយក្នុងនោះ រាប់បញ្ចូលទាំងការលក់ ការដកខ្លួនចេញ ក៏ដូចជាកាត់បន្ថយផលិកម្មទូរស័ព្ទវៃឆ្លាតរបស់ខ្លួនផងដែរ។
សូមជម្រាបជូនដែរថា កាលពីលោក Kwon Bong-seok ឡើងកាន់តំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន LG កាលពីខែមករា ដើមឆ្នាំ2020 លោកបានប្តេជ្ញាថា នឹងធ្វើឱ្យមុខជំនួញទូរស័ព្ទវៃឆ្លាតរបស់ LG ងើបឡើងវិញជាថ្មីម្តងទៀត តែដោយសារវិបត្តិកូវីដ-19 វាយលុកពេក ពេលនេះ LG ក៏ដូចទៅនឹងក្រុមហ៊ុនបច្ចេកវិទ្យាឯទៀតៗដែរ គឺសុទ្ធរងផលប៉ះពាល់ដូចគ្នាទាំងអស់៕