ស្បែកមុខស្ងួត របកឡើងហុយ បើកញ្ញាៗយើងណា ធ្លាប់ជួបបញ្ហានេះ អាចបណ្តាលមកពីច្រើនមូលហេតុ ជាពិសេសកញ្ញាៗ ដែលត្រូវអង្គុយធ្វើការនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ជាប់រហូត រយៈពេលយូរ នឹងធ្វើឱ្យស្បែកមុខរបស់យើងស្ងួត ខ្វះសំណើម និងភាពស្រស់បស់។ ថ្ងៃនេះ យើងមានផ្លែឈើ ៥ប្រភេទមកណែនាំ ក្នុងការជួយថែបំប៉នស្បែកមុខរបស់កញ្ញាៗយើងឱ្យត្រឡប់មកមានសំណើមស្រស់បស់កាន់តែខ្លាំងឡើងវិញ តើមានអ្វីខ្លះនោះ សូមតាមដានជាបន្ត។
១.ប្រទាលកន្ទុយក្រពើ
ធាងប្រទាលកន្ទុយក្រពើ មានគុណសម្បត្តិ ជួយកាពារស្បែកមិនឱ្យស្ងួត បន្ថែមសំណើម ប្រឆាំងការរលាក ធ្វើឱ្យស្បែករាបរលោង និងការពារពន្លឺ UV។ ធាងប្រទាលកន្ទុយក្រពើ មានជ័រខាប់ៗ និងសាច់ថ្លាៗ ដែលអាចជួយរក្សាសំណើមនៅលើស្រទាប់ស្បែកខាងក្រៅបាន ក្រៅពីនេះនៅមានសារធាតុ Carboxypeptidase ដែលជួយភ្ជិតស្បែក ជួយបកស្រទាប់ស្បែកដែលក្រៀមស្ងួត ចេញ និងបង្កើតស្រទាប់ស្បែកថ្មីដែលរាបរលោងឡើងមកជំនួសវិញ។
២.ផ្លែត្រសក់
ផ្លែត្រសក់មានសារធាតុ Cystin និង Methionin និងនៅមានសារធាតុ ផូលីស៊ែកខារ៉ាយ ដែលជួយធ្វើឱ្យស្បែកមុខស្រស់ថ្លាមានសំណើម ប្រឆាំងនឹងការឡើងស្នាមកន្ទួលក្រហម ល្អសម្រាប់អ្នកដែលមានស្បែកមុខស្ងួត និងអ្នកមានមុខឡើងខ្លាញ់ បង្កើនភាពតឹងណែនរបស់ស្បែករក្សាភាពក្មេងជាងវ័យ និងថែមទាំងមានសារធាតុរ៉ែផ្សេងទៀត ដែលជួយធ្វើឱ្យកើតមានសំណើមតាមធម្មជាតិនៅលើស្រទាប់ស្បែកទៀតផង។
៣.ផ្លែម្នាស់
ផ្លែម្នាស់ ជួយការពារស្បែកពីសារធាតុរ៉ាឌីកាល់សេរី កាត់បន្ថយការរលាកក្លាយ។ មានអង់ហ្ស៊ីម Papain ជួយរំលាយកោសិកាដែលស្លាប់ហើយរបស់ស្រទាប់ស្បែក ឱ្យរបូតចេញ។ មានប្រយោជន៍សម្រាប់អ្នក ដែលមានមុនក្បាលខ្មៅ នៅលើផ្ទៃមុខ ធ្វើឱ្យស្បែកកាន់តែស្រស់ថ្លាឡើង។
៤.ផ្លែប៉េងប៉ោះទុំ
ផ្លែប៉េងប៉ោះទុំ ជួយបង្កើនសំណើម ធ្វើឱ្យស្បែកមុខស្រស់ថ្លា ការពារស្បែកពីរ៉ាឌីកាល់សេរី ធ្វើឱ្យផ្ទៃមុខ សឡើង។ ទឹកចម្រាញ់ពីផ្លែប៉េងប៉ោះ មានវីតាមីនច្រើនប្រភេទ និងមានសារធាតុ គ្លុយខូអាល់ខាឡយដ៍ ឈ្មោះ ថូម៉ាធីន ជាសារធាតុដែលមានឥទ្ធិពលភ្ជិតសន្លាកស្នាម ក្រៅពីនោះទឹកផ្លែប៉េងប៉ោះ ថែមទាំងជួយលាងផ្ទៃមុខឱ្យស្អាតទន់ភ្លន់ សម្រួលសភាពស្បែកមុខដែលស្ងួតក្រៀម ឱ្យមានសំណើមស្រស់ថ្លាឡើងវិញបានយ៉ាងល្អ។
៥.ផ្លែចេក
ផ្លែចេក មានសារធាតុរំអិល បង្កើនភាពស្រស់ស្រាយ និងថែមទាំងមានវិតាមីន សារធាតុរ៉ែ ប្រូតេអុីនច្រើនប្រភេទ ដែលមានប្រយោជន៍ដល់ស្បែក ក្នុងការបង្កើនសំណើម លុបស្នាមជ្រីវជ្រួញ ព្យាបាលសន្លាកស្នាម ធ្វើឱ្យស្បែកមុខស្រស់ថ្លា និងការពារស្បែកពីសារធាតុរ៉ាឌីកាល់សេរីទៀតផង។
អានរួចហើយ មិនគួរឱ្យជឿសោះថា បន្លែផ្លែឈើទាំងអស់នេះ មានគុណប្រយោជន៍ចំពោះស្បែកមុខរបស់យើងបានច្រើនដល់ថ្នាក់នេះ និងថែមទាំងមិនពិបាករកទៀតផង។ ចង់ឱ្យនារីៗយើងសាកល្បង យកមកថែបំប៉នស្បែកមុខ លមើល។ ចង់យកមកចិត ជាបន្ទះស្តើងៗ បិទលើផ្ទៃមុខ ឬយកមកកិនឱ្យម៉ដ្ឋ ហើយបំពោកលើផ្ទៃមុខ ទុកចោល ៣ – ៥នាទី ហើយលាងសម្អាតចេញដោយទឹកស្អាត ក៏បាន។ ក្រៅពីថែបំប៉នស្បែកមុខហើយ សូមកុំភ្លេចទទួលទានអាហារឱ្យគ្រប់ ៥ប្រភេទក្រុម គេងសម្រាក និងញ៉ាំទឹកឱ្យបានគ្រប់គាន់…តែប៉ុណ្ណឹងស្បែកមុខរបស់នារីៗយើង នឹងសស្អាត ភ្លឺរលោង តឹង លែងខ្មៅជ្រីញជ្រួញ តទៅទៀតមិនខាន៕