ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន បានសម្តែងនូវការព្រួយបារម្ភជាខ្លាំងអំពីបញ្ហាបរិស្ថាន ការគ្រប់គ្រងសំរាម និងសណ្តាប់ធ្នាប់នៅក្នុងប្រទេសកម្ពុជា បើទោះណាជាមានមជ្ឈដ្ឋានអន្តរជាតិមួយចំនួនបាននិងកំពុងសរសើរកម្ពុជាថា មានបរិស្ថានល្អស្អាតយ៉ាងណាក៏ដោយ។
រដ្ឋមន្ត្រីរូបនេះបានលើកឡើងនៅថ្ងៃម្សិលមិញនេះ បន្ទាប់ពីកម្ពុជាបានសម្រេចយកទីក្រុងស្អាតរបស់កម្ពុជាចំនួន7 ដែលរួមមានរាជធានីភ្នំពេញ ខេត្តបាត់ដំបង សៀមរាប ក្រុងព្រះសីហនុ កំពត កែប និងខេត្តកំពង់ចាម ទៅចូលរួមប្រកួតប្រជែងដណ្តើមយកជយលាភីឯកទីក្រុងស្អាតអាស៊ានលើកទី1 ដែលនឹងប្រកាសលទ្ធផលនៅខែមករាឆ្នាំ2018 ខាងមុខនេះ។
លោកបញ្ជាក់ថា អ្វីដែលក្រសួងទេសចរណ៍សំណូមពរ និងសុំឱ្យប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានសហការធ្វើឱ្យបាននោះ គឺការខិតខំគ្រប់គ្រងសំរាម ប្រមូលសំរាមឱ្យបានស្អាតនៅក្នុងមូលដ្ឋាន និងជុំវិញកន្លែងដែលយើងកំពុងរស់នៅ ការរៀបចំធ្វើឱ្យមានសណ្តាប់ធ្នាប់ល្អ និងខិតខំរៀបចំបង្គន់សាធារណៈជាដើម។ ព្រោះថាសំរាមជាប្រភពនៃមេរោគ និងធ្វើឱ្យបាត់បង់ភ្ញៀវទេសចរផងដែរ។ ដូច្នេះ យើងត្រូវតែចូលរួមសម្អាតទាំងអស់គ្នា ទើបមានបរិស្ថានស្អាតអាចទាក់ទាញភ្ញៀវទេសចរបាន។
ក្រុមអ្នកជំនាញទេសចរណ៍នានាសុទ្ធតែបានសម្តែងនូវការព្រួយបារម្ភពីបញ្ហានេះ ដោយសារកម្រិតនៃការយល់ដឹងរបស់ប្រជាពលរដ្ឋនៅមានកម្រិត និងមិនមានការផ្លាស់ប្តូរឥរិយាបទលើបញ្ហានេះ។
លោក លូ ម៉េង សហប្រធានក្រុមការងារឯកជនផ្នែកវិស័យទេសចរណ៍បានថ្លែងថា បញ្ហាសំរាមជាបញ្ហារបស់យើងទាំងអស់គ្នា និងទាមទារឲ្យមានការចូលរូមពីប្រជាពលរដ្ឋរបស់យើងទាំងអស់គ្នា ទើបប្រទេសយើងស្អាត និងទាក់ទាញបាននូវភ្ញៀវទេសចរកាន់តែច្រើន។ លោកបន្តថា ភ្ញៀវទេសចរអន្តរជាតិជាច្រើនពួកគេមានការខ្លាចរអា ខ្ពើមរអើម ពេលឃើញសំរាមចោលពាសវាលពាសកាលនៅតាមដងផ្លូវនានាកន្លងមក។
លោកបន្តថា “សូមប្រជាពលរដ្ឋយកចិត្តទុកដាក់ចំពោះបញ្ហានេះ ហើយចាប់ផ្តើមផ្លាស់ប្តូរឥរិយាបទរបស់ខ្លួនដើម្បីលើកកម្ពស់សោភ័ណភាពប្រទេសរបស់យើង”៕