ក្រោយពីអ្នកនាង សាធ រស្មី ប្រកាសថា នាងមិនមានពាក់ព័ន្ធនឹងអតីតស្វាមីរបស់ខ្លួនគឺលោក ជៀស ស្រួច ទេនោះ ស្រាប់តែថ្មីៗនេះលេចចេញនូវព័ត៌មានថ្មីមួយទៀតថា នាងបានសាងស្នេហ៍ជាមួយនឹងលោកម៉ារ៉ា បូណា្ណ។
ពាក់ព័ន្ធចំណងស្នេហ៍រវាងអ្នកនាង សាធ រស្មី និងលោក ម៉ារ៉ា បូណ្ណា ជាតារាចម្រៀង និងតារាសម្ដែងត្រូវបានគេមើលឃើញថា ទើបតែផ្ទុះរឿងឡើងរយៈពេលប៉ុន្មានថ្ងៃនេះប៉ុណ្ណោះ ពោលក្រោយពីនាងចាប់ផ្ដើមទទួលយកការសម្ដែងជាញឹកញាប់ជាមួយលោក ម៉ារ៉ា បូណ្ណា។ ក្រោយពីផ្ទុះរឿងនេះឡើងភ្លាម គេពុំបានឃើញភាគីខាងស្រីចេញមុខមកបកស្រាយនោះទេ ផ្ទុយទៅវិញបែរជាលោក ម៉ារ៉ា បូណ្ណា ជាអ្នកចេញមកបកស្រាយពាក់ព័ន្ធនឹងរឿងនេះទៅវិញ។
លោក ម៉ារ៉ា បូណ្ណា បានសំណូមពរកុំឱ្យមហាជនមានការយល់ច្រឡំមកលើរូបលោក និងអ្នកនាង សាធ រស្មី ថាមានទំនាក់ទំនងស៊ីជម្រៅគ្នានោះ គឺគ្មានទេ ពោលគឺគ្មានទេ ហើយលោកក៏មិនចង់ល្បីឈ្មោះដោយសាររឿងនេះដែរ។ លោកបន្ដថា៖«ខ្ញុំអត់មានស្នេហាស៊ីជម្រៅអីជាមួយ សាធ រស្មី នោះទេ យើងគ្រាន់តែជាអ្នកសិល្បៈសម្ដែងជុំគ្នាប៉ុណ្ណោះ មូលហេតុខ្ញុំចេញមកបកស្រាយ ព្រោះបងប្អូនចង់ដឹងពីរឿងនេះ។ សម្រាប់ខ្ញុំបើបងប្អូនមិត្ដភ័ក្ដិប្រហែលជាសម្បូរច្រើន ប៉ុន្ដែស្នេហាដូចជាអត់សូវមានទេ ដូច្នេះសូមឈប់យល់ច្រឡំទៅ»។
តារាចម្រៀងរូបនេះបន្ដថា រវាងលោក និងអ្នកនាង សាធ រស្មី មិនអាចយកទៅប្រៀបធៀបគ្នាបានទេ ព្រោះនាងមានរូបសម្រស់ស្អាតខ្លាំងដូចទេពអប្សរ បែរមកមើលរូបរាង និងសម្បុរស្បែករបស់លោកវិញ បើឈរជិតអ្នកនាង សាធ រស្មី ដូចក្អែកពាំពងមាន់អ៊ីចឹង ដូច្នេះរវាងលោក និងនាងគ្រាន់តែជាមិត្ដភ័ក្ដិតែប៉ុណ្ណោះ៕