ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា លោកជំទាវបណ្ឌិត ដេវីយ៉ានី ឧត្តាំ ខូប្រាហ្គាដ (H.E. Mrs. Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូត ដែលទើបតែងតាំងថ្មី នៃសាធារណរដ្ឋឥណ្ឌា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានជម្រាបសម្តេចពីគម្រោងជំនួយ និងការវិនិយោគជាច្រើន របស់ប្រទេសឥណ្ឌានៅកម្ពុជា។ ពិសេសលោកជំទាវ បានប្តេជ្ញាចិត្តនៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការជាប្រពៃណី ដែលមានតាំងពីយូរលង់ណាស់មកហើយ រវាងប្រទេសទាំង2 ឱ្យកាន់តែរឹងមាំថែមទៀត ទាំងនៅស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។
នៅក្នុងជំនួបសវនាការ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះ លោកជំទាវបណ្ឌិត ដេវីយ៉ានី ឧត្តាំ ខូប្រាហ្គាដ បានលើកឡើងថា ឥណ្ឌាមានគម្រោងចូលរួមជួយជួសជុលអភិរក្សប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោក ចូលរួមជំរុញលើកកម្ពស់ការប្រើប្រាស់ទឹកស្អាតនៅជនបទ និងជួយដល់វិស័យសុខាភិបាល ការប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ និងការកសាងសមត្ថភាពសមាជិក-សមាជិកានៃរដ្ឋសភា និងមន្ត្រីរាជការ ជាដើម។
ជាមួយគ្នានេះ លោកជំទាវ បានប្តេជ្ញាថា នឹងខិតខំជំរុញដល់អ្នកវិនិយោគិនពីប្រទេសឥណ្ឌា មកបណ្ដាក់ទុននៅកម្ពុជា ក្នុងវិស័យសុខាភិបាល ជំរុញឱ្យមានជើងហោះហើរត្រង់ រវាងប្រទេសទាំង2។ លោកជំទាវ ឯកអគ្គរដ្ឋទូត បានជម្រាប សម្តេចដែរថា ឥណ្ឌានឹងលើកកម្ពស់ការទំនាក់ទំនងរវាងប្រជាជន និងប្រជាជន តាមបែបឌីជីថល នៅក្នុងនោះមាន ប្រជាជនកម្ពុជា និងប្រជាជនឥណ្ឌា ប្រជាជនឥណ្ឌា និងប្រជាជនក្នុងតំបន់អាស៊ាន ហើយឥណ្ឌា នឹងកសាងផ្លូវគមនាគមន៍ដ៏ធំមកកាន់បណ្តាប្រទេសសមាជិកអាស៊ានផងដែរ។
លោកជំទាវ ឯកអគ្គរដ្ឋទូត បានជម្រាប សម្តេចប្រធានរដ្ឋសភា ផងដែរថា ចំពោះសំណើរបស់សម្តេចនាយករដ្ឋមន្ត្រី ដែលបានស្នើដល់ប្រទេសឥណ្ឌា ជួយផ្តល់ជំនួយមនុស្សធម៌វ៉ាក់សាំងការពារកូវីដ-១៩ ដល់ប្រទេសកម្ពុជានោះ លោកជំទាវ នឹងរាយការណ៍ជូនថ្នាក់ដឹកនាំឥណ្ឌាបានជ្រាប និងសម្រេចនៅក្នុងកិច្ចការនេះ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគាំទ្របេសកកម្មការទូតថ្មី របស់លោកជំទាវ នៅកម្ពុជា។ សម្តេចបានលើកឡើងថា បេសកកម្មនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការបន្តរួមចំណែកលើកកម្ពស់ទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំង2 ដែលមានស្រាប់ ឱ្យកាន់តែល្អប្រសើរ ថែមឡើងមួយកម្រិតទៀត។
កម្ពុជា-ឥណ្ឌា មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការទូតនេះ ជាមួយគ្នាជាយូរយារណាស់មកហើយ ទាំងផ្នែកសិល្បៈ វប្បធម៌ និងជំនឿសាសនា។ សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍ថា ឥណ្ឌាជាប្រទេសមួយ ក្នុងចំណោមប្រទេសមិនច្រើនទេ ដែលបានគាំទ្រដល់រដ្ឋាភិបាលកម្ពុជា នៅក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ខណៈប្រទេសជាច្រើន ពិសេសប្រទេសលោកខាងលិច បានហ៊ុមព័ទ្ធសេដ្ឋកិច្ចកម្ពុជា។
សម្តេចបានលើកឡើងថា រដ្ឋសភាកម្ពុជា មានការពេញចិត្ត ដោយសង្កេតឃើញពីវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសយើងទាំង2 កម្ពុជា-ឥណ្ឌា មានការរីកចម្រើនឥតឈប់ឈរ ទាំងវិស័យ នយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គមកិច្ច វប្បធម៌ អប់រំ សុខាភិបាល និងការអភិវឌ្ឍធនធានមនុស្ស។
ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណដល់ប្រទេសឥណ្ឌា ដែលរយៈពេលកន្លងមកនេះ បានជួយបណ្តុះបណ្តាលធនធានមនុស្ស រយៈពេលខ្លី និងវែង ដល់និស្សិត និងមន្ត្រីកម្ពុជា ជាង 1ពាន់នាក់ និងសូមស្នើឥណ្ឌា បន្តជួយបណ្តុះបណ្តាលជំនាញផ្សេងៗបន្ថែមទៀត។ សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា រដ្ឋសភាកម្ពុជាសូមអបអរសាទរ រដ្ឋាភិបាលប្រទេសទាំង2 ដែលបានចុះកិច្ចព្រមព្រៀង និងអនុស្សរណៈជាមួយគ្នា ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពជាច្រើន និងបានត្រៀមចុះហត្ថលេខាលើឯកសារសំខាន់ៗជាច្រើនទៀត។
លោកជំទាវ ដេវីយ៉ានី ឧត្តាំ ខូប្រាហ្គាដ បានស្នើសុំសម្តេច បន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងសភាប្រទេសទាំង2 ឱ្យកាន់តែរឹងមាំថែមទៀត និងបានគោរពអញ្ជើញសម្តេចដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌាក្រោយពេលជំងឺកូវីដ-១៩ បានធូរស្រាល។
សម្តេចប្រធាន បានទទួលយកសំណើនេះ និងបានគូសបញ្ជាក់ថា រដ្ឋសភាកម្ពុជា បានធ្វើកិច្ចសហប្រតិបត្តិការជាច្រើនជាមួយរដ្ឋសភាឥណ្ឌា នៅក្នុងក្របខ័ណ្ឌក្រុមមិត្តភាពសភាទាំង2 តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច ការគាំទ្រគ្នាទៅវិញទៅមក នៅលើវេទិកាអន្តរសភានានា នៅក្នុងតំបន់ និងសកលលោក ដែលមានជាអាទិ៍ អន្តរសភាអាស៊ាន និងសហភាពអន្តរសភា(IPU) ជាដើម៕