បន្ទាប់ពីបានទទួលបរាជ័យជាមួយនឹង startup ចុងក្រោយចំនួន 3 ទើប «កំពូលអ្នកសរសេរកូដ» រូបនេះ អាចបង្កើតបានជោគជ័យជាមួយនឹងកំពូលហ្គេម PUBG។
Kim Chang-han មានឈ្មោះបោះសំឡេងនៅក្នុងសហគមន៍អ្នកអភិវឌ្ឍហ្គេមនៅប្រទេសកូរ៉េខាងត្បូង ប៉ុន្តែ ក្នុងអាជីពជាអ្នកបង្កើតហ្គេម បុរសនេះបានឆ្លងកាត់បរាជ័យជាច្រើនគួរឱ្យកត់សម្គាល់។
ឆ្នាំ 2014 Kim Chang-han ត្រូវបង្ខំចិត្តបញ្ឈប់បុគ្គលិកចំនួន 1/3 ពីក្រុមហ៊ុនហ្គេមរបស់ខ្លួន។ ចាប់ពីឆ្នាំ 2020 លោក Kim Chang-han បង្កើតបានហ្កេមអនឡាញចំនួន 3 ជាមួយនឹងក្រុមហ៊ុនថ្មីចំនួន 3 ផ្សេងៗគ្នាផងដែរ។ ក៏ប៉ុន្តែ ចុងក្រោយ សុទ្ធតែត្រូវបរាជ័យ។
Kim Chang-han និយាយថា៖ «នោះគឺជាកាលៈទេសៈដ៏មហាសែនជូរចត់នៃជីវិតរបស់ខ្ញុំ»។ ក្នុងអំឡុងពេលបរាជ័យ គាត់បានលក់ក្រុមហ៊ុនទៅឱ្យ Krafton Inc និងចូលបម្រើការក្នុងក្រុមហ៊ុនថ្មីនេះដោយមានតួនាទីជានាយកផ្នែកផលិត។
ចាប់តាំងពីពេលនោះ អាជីពរបស់ Kim Chang-han ក៏ចាប់ផ្ដើមផ្លាស់ប្ដូរ។ គាត់បានសម្រេចចិត្តធ្វើការប្រឹងប្រែងជាលើកចុងក្រោយជាមួយនឹងក្ដីសង្ឃឹមថាអាចជោគជ័យក្នុងការងារនេះ នោះគឺ «បង្កើតហ្គេមអនឡាញមួយដែលអ្នកលេងប្រយុទ្ធគ្នាជាមួយនឹងអ្នកលេងដទៃ ហើយអ្នកចុងក្រោយដែលនៅមាន «ជីវិត» គឺជាអ្នកឈ្នះ។
Kim Chang-han បានបញ្ចុះបញ្ចូល Brendan Greene ឱ្យចូលមកជួយក្រុមហ៊ុននៅកូរ៉េខាងត្បូង ដោយឱ្យធ្វើជានាយកផ្នែកច្នៃប្រឌិតសម្រាប់ហ្គេមនេះ។
ឆ្នាំ 2017 Bluehole (ឈ្មោះចាស់របស់ Krafton) ក៏បានឧទ្ទេសនាមហ្គេមមួយដែលមានឈ្មោះថា PUBG ហើយវាក៏បានក្លាយជាហ្គេមមួយដែលមានឈ្មោះល្បីល្បាញ និងជោគជ័យបំផុតមិនធ្លាប់មានពីមុនមក ក្នុងនោះកំណែសម្រាប់កុំព្យូទ័រ លក់បានជាង 70 លានឈុតនៅទូទាំងពិភពលោក និងកំណែសម្រាប់ទូរស័ព្ទត្រូវបានទាញយកជាង 600 លានលើក។
បច្ចុប្បន្ន ក្រុមហ៊ុនកំពុងតែមានគម្រោងធ្វើ IPO (បោះផ្សាយលក់មូលបត្រដំបូងនៅផ្សារហ៊ុន) នៅពាក់កណ្ដាលចុងឆ្នាំ 2021 ហើយវានឹងអាចក្លាយជាករណី IPO ធំបំផុតនៅកូរ៉េខាងត្បូងក្នុងអំឡុងប៉ុន្មានឆ្នាំមកនេះ។
ការធ្វើ IPO របស់ក្រុមហ៊ុនថ្មីនេះ ត្រូវគេវាយតម្លៃថានឹងប្រមូលបានយ៉ាងតិច 30 ពាន់លានវ៉ុន ដែលប្រហាក់ប្រហែលនឹង 27.2 ពាន់លានដុល្លារអាមេរិក។ ការធ្វើ IPO ដែលធំបំផុតក្នុងប្រវត្តិសាស្ត្រកូរ៉េខាងត្បូងគឺ Samsung Life Insurance ដោយប្រមូលបានទុន 4.3 ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំ 2020។
ក្រុមហ៊ុន Krafton បច្ចុប្បន្នគ្រប់គ្រង studio ហ្គេមចំនួន 4 ប៉ុន្តែ PUBG រកបានចំណូល និងចំណេញច្រើនជាងគេបង្អស់។ PUBG រកបាន 1.1 ពាន់លានដុល្លារក្នុងរយៈពេល 9 ខែដើមឆ្នាំ 2020។
ស្ថាបនិករបស់ Krafton លោក Chang Byung-gyu បច្ចុប្បន្នជាម្ចាស់ភាគហ៊ុនធំជាងគេ ដោយកាន់កាប់ភាគហ៊ុន 17% គិតត្រឹមខែកញ្ញា។ តាមពីក្រោយគឺក្រុមហ៊ុន Tencent Holdings ដោយមានភាគហ៊ុន 16% ខណៈដែលលោក Kim Chang-han កាន់កាប់ 1.5%។
Kim Chang-han ធ្លាប់ទទួលបានជ័យជំនះនៅក្នុងការប្រកួតផ្នែកកុំព្យូទ័រដែលត្រូវបានរៀបចំដោយក្រសួងវិទ្យាសាស្ត្រកូរ៉េខាងត្បូងកាលពីឆ្នាំ 1985 នៅពេលគាត់មានវ័យទើបតែ 10 ឆ្នាំ។ ក្រោយមក លោកក៏ដណ្ដើមបានពានរង្វាន់ជាច្រើនផ្សេងទៀតដែលទាក់ទងនឹងការសរសេរកម្មវិធីកុំព្យូទ័រ។ លោក Chang-han ក៏ជាសហស្ថាបនិករបស់ហ្គេម Ginno Games កាលពីឆ្នាំ 2009 ក្រោយពីបរាជ័យជាមួយក្រុមហ៊ុនថ្មីចំនួន 2 មុននោះ។
ក៏ប៉ុន្តែ បរាជ័យទាំងនោះបានក្លាយជាអតីតកាលទៅហើយ ចំណែកបច្ចុប្បន្ន Chang-han កំពុងតែជួយ Krafton ក្នុងការធ្វើ IPO នាពេលខាងមុខ។ លោក Chan-han និយាយថា ការសម្រេចពង្រីកប្រភេទហ្កេមរបស់ក្រុមហ៊ុន ទទួលបានជោគជ័យលើសពីការរំពឹងទុកគ្រាដំបូង៕
ប្រភព៖ Bloomberg