Skip to content

ប្រយ័ត្ន! ទិញ​ទំនិញ​នៅ​ផ្សារ​ត្រូវ​មើល​កាលបរិច្ឆេទ​ផុតពេល​ប្រើប្រាស់​ឱ្យបាន​គ្រប់ពេល

ភ្នំពេញ៖ ការ​ពិនិត្យមើល​កាលបរិច្ឆេទ​ផលិត និង​ថ្ងៃ​ផុតកំណត់​ប្រើប្រាស់​នៅលើ​ទំនិញ​ដាក់លក់​នៅលើ​ទីផ្សារ​គឺជា​រឿង​មួយ​សំខាន់​ណាស់​ដែល​អាណាព្យាបាល ឬ​ស្ត្រី​មេផ្ទះ​ទាំងឡាយ​មិនត្រូវ​មើលរំលង​ឡើយ ព្រោះថា ការប្រើប្រាស់​ទំនិញ​ផុត​កាលបរិច្ឆេទ​ប្រើប្រាស់​គឺជា​ទំនិញ​ដែល​ខូចគុណភាព​ដែល​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​រាងកាយ​មនុស្ស​យើង​យ៉ាងធ្ងន់ធ្ងរ។នេះ​ជាការ​លើកឡើង​របស់​ម​ន្ត្រី​ជំនាញ។

ការលើកឡើង​នេះ​បាន​ធ្វើឡើង​នៅពេលដែល​មន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល​ខេត្តពោធិ៍សាត់ បាន​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​អាជ្ញាធរ​ដែនដី​នៅ​ថ្ងៃទី22 ខែសីហា​នេះ​រួមគ្នា​ចុះ​ពិនិត្យ​ទំនិញ​ម្ហូបអាហារ​នៅ​ផ្សារ​បន្ទាយ​យួន ស្ថិតក្នុង​ឃុំ​ស្យា និង​ផ្សារ​ភូមិ​ពោធិ ស្ថិតនៅក្នុង​ឃុំ​ស្រែ​ស្តុក ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ ហើយ​បាន​រកឃើញ និង​ធ្វើ​ការដកហូត​ទំនិញ​ផុត​កាលបរិច្ឆេទ​ប្រើប្រាស់ និង​ទំនិញ​ហាមឃាត់​សរុប​ចំនួន10មុខ ស្មើនឹង 594.3 គីឡូក្រាម​ដែល​កំពុង​ចរាចរ​ដាក់លក់​នៅលើ​ទីផ្សារ​ដើម្បី​យកទៅ​រក្សាទុក​សម្រាប់ធ្វើ​ការកម្ទេច​ចោល។

មន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល​និយាយថា ទំនិញ​ចំនួន10មុខ​ដែល​បាន​ដកហូត​នោះ​មានដូចជា ភេសជ្ជៈ​គ្រឿង​កំប៉ុង មី ចាហួយ​ដូង​យួន និង​គ្រឿងទេសផ្សេងៗដែល​ទាំងអស់នេះ​សុទ្ធតែជា​ទំនិញ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ និង​ត្រូវ​ហាមឃាត់​មិនឱ្យ​ដាក់លក់​នៅលើ​ទីផ្សារ ព្រោះ​វា​នឹង​បង្ក​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សុខភាព​មនុស្ស ពិសេស​អ្នក​ដែលជា​អ្នកប្រើប្រាស់​ដោយ​មិនបាន​ពិនិត្យមើល​កាលបរិច្ឆេទ​នេះ។

ក្នុង​យុទ្ធនា​ការចុះពិនិត្យ​ទំនិញ​ខាងលើ មន្ត្រី​សាខា​កាំកុងត្រូល​ក៏ដូចជា​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ណែនាំ​ដល់​អាជីវករ​កុំឱ្យ​លក់ដូរ​សម្ភារ​ប្រើប្រាស់ ភេសជ្ជៈ និង​អាហារ​ហូបចុកផ្សេងៗណា​ដែល​ផុតកំណត់​កាលបរិច្ឆេទ​ដូច្នេះ​ទៀត ដោយ​ត្រូវ​ចេះ​មើល​កាលបរិច្ឆេទ​ទំនិញ​ឱ្យបាន​ច្បាស់ មុននឹង​យកមក​ដាក់លក់​នៅលើ​ទីផ្សារ​ទៅឱ្យ​អតិថិជន​ប្រើប្រាស់។ ជាមួយគ្នានេះដែរ​អតិថិជន​ខ្លួនឯង ក៏ត្រូវ​ចេះ​ពិនិត្យមើល​ស្លាក​សញ្ញា កាលបរិច្ឆេទ​ប្រើប្រាស់​ឱ្យបាន​គ្រប់ពេល ចៀសវាង​ការបោកប្រាស់ ឬ​បន្លំ​ពី​ឈ្មួញ​ខិលខូច​ដែល​ចង់​បានតែ​ប្រា​ក់ដោយ​មិន​គិតពី​សុខភាព​អ្នកប្រើប្រាស់​ដូច្នេះ​នោះ៕

Leave a Reply

Your email address will not be published. Required fields are marked *