កាលពីថ្ងៃទី 13 ខែមករា ក្រុមហ៊ុនបច្ចេកវិទ្យា Intel បានប្រកាសថា CEO បច្ចុប្បន្នរបស់ពួកគេគឺលោក Bob Swan នឹងលាលែងពីតំណែងនៅខែក្រោយ ហើយ Pat Gelsinger (Patrick P. Gelsinger) នឹងចូលមកជំនួស។ នេះគឺជាការវិលត្រលប់មកវិញរបស់ «កូនក្បាលខូច» ព្រោះថា Gelsinger អាយុ 59 ឆ្នាំ ធ្លាប់បានតស៊ូជាមួយ Intel រយៈពេល 3 ទសវត្សរ៍ មុនពេលចូលបម្រើការឱ្យ EMC នៅឆ្នាំ 2009 និងក្រោយមកក៏បានក្លាយជាមេដឹកនាំកំពូលនៅ VMware។
Intel កំពុងតែជួបប្រទះការលំបាកខ្លាំងក្នុងការអភិវឌ្ឍឈីបកុំព្យូទ័រដើម្បីផ្គត់ផ្គង់ដល់ដៃគូរបស់ខ្លួន ដោយសារតែដៃគូជំនួញទាំងនេះ កំពុងចាកចោល Intel ម្ដងមួយៗ ខណៈដែលគូប្រជែងនានាក៏កំពុងពង្រីកឥទ្ធិពល និងដណ្ដើមទីផ្សារ។ ប្រការនេះបង្ហាញថា Intel ដល់ពេលត្រូវមានកំពូលយុទ្ធសាស្ត្រថ្មី ឬត្រូវប្ដូរថ្នាក់ដឹកនាំ ដែលនេះក៏អាចជាមូលហេតុដែល CEO បច្ចុប្បន្នរបស់ក្រុមហ៊ុននេះ សុំលាលែងពីតំណែង ហើយប្រការនេះដែរបាននាំឱ្យមានឱកាសសម្រាប់អតីតបុគ្គលិក Intel ម្នាក់ ក្នុងការត្រលប់មកវិញ នោះគឺ Pat Gelsinger។
ធំឡើងនៅក្នុងគ្រួសារចិញ្ចឹមសត្វគោ និងជ្រូក នៅក្នុងតំបន់ Amish ដែលជាជនបទមួយក្នុងរដ្ឋ Pennsylvania សហរដ្ឋអាមេរិក Gelsinger តែងតែត្រូវក្រោកពីព្រលឹមមុនថ្ងៃរះដើម្បីមើលថែជ្រូក និងគោ។ ភារកិច្ចចម្បងក្នុងពេលព្រឹករបស់ Gelsinger គឺ «ដើរតម្រង់ទៅកាន់កន្លែងពលកម្មដែលពោរពេញភាពកខ្វក់ ហើយត្រូវព្យាយាមគេចចេញពី “កណ្ដាប់ជើង” របស់សត្វគោទាំងផង» នេះបើតាមទស្សនាវដ្ដី Forbes។
ឪពុកម្ដាយរបស់ Gelsinger រៀនបានត្រឹមតែថ្នាក់ទី 7 ប៉ុណ្ណោះ ប៉ុន្តែ «កាលពីកូនៗនៅក្មេង ពួកគាត់តែងតែជំរុញឱ្យខំសិក្សារៀនសូត្រ»។ ដោយសារតែខំរៀន និងពូកែខាងគណិតវិទ្យា វិទ្យាសាស្ត្រ Gelsinger ក៏បានបញ្ចប់ការសិក្សាក្រោយពីទទួលបានអាហារូបករណ៍ពីសាខាមួយរបស់វិទ្យាស្ថានបច្ចេកទេស Lincoln។ នោះគឺជាកន្លែងដែល Gelsinger បានប៉ះកុំព្យូទ័រជាលើកដំបូងក្នុងជីវិត។ ក្រោយមក ព្រោះតែពូកែក្នុងវិស័យអេឡិចត្រូនិក ទើប Gelsinger ទទួលបានចំណាប់អារម្មណ៍ពីក្រុមហ៊ុន Intel។ បន្ទាប់មក Gelsinger ក៏បានជិះយន្តហោះជាលើកដំបូងដើម្បីទៅសម្ភាសការងារនៅជ្រលង Silicon។ ថ្វីបើមានអាយុទើបតែ 18 ឆ្នាំ និងមិនទាន់មានបរិញ្ញាបត្រ ប៉ុន្តែ Gelsinger នៅតែបានចូលធ្វើការងារក្នុងក្រុមហ៊ុន Intel ជាមួយនឹងតួនាទីជាបុគ្គលិកបច្ចេកទេសគ្រប់គ្រងគុណភាពក្នុងឆ្នាំ 1979។
ដោយបានប្រើប្រាស់កម្មវិធីបង់ថ្លៃសិក្សាដ៏ល្អរបស់ Intel និងម៉ោងធ្វើការដែលអាចបត់បែនបាននៅទីនេះ Gelsinger ក៏បានឆ្លៀតរៀនបន្ថែមរហូតទទួលបានបរិញ្ញាបត្រផ្នែកវិស្វកម្មអគ្គិសនីនៅសាកលវិទ្យាល័យ Santa Clara ក្នុងឆ្នាំ 1983 និងអនុបណ្ឌិតនៅ Stanford ក្នុងឆ្នាំ 1985 ដែលទាំងនេះបានកើតឡើងនៅក្នុងអំឡុងពេលកំពុងធ្វើការពេញម៉ោង។
ពេលធ្វើការនៅ Intel កំលោះ Gelsinger ទទួលបានការយកចិត្តទុកដាក់ច្រើនពីសំណាក់ CEO ដែលពេលនោះគឺលោក Andy Grove។ កាលនោះ Gelsinger ទទួលភារកិច្ចជាអ្នករចនាឈីប 486 ដ៏ល្បីឈ្មោះ ខណៈលោកមានអាយុ 20 ឆ្នាំ។ មិនយូរប៉ុន្មាន Gelsinger ក៏បានក្លាយជានាយកបច្ចេកវិទ្យាដំបូងរបស់ក្រុមហ៊ុននេះ នាឆ្នាំ 2001 ក្នុងពេលមានវ័យ 40 ឆ្នាំ។
បើទោះជាបានខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងរយៈពេលយ៉ាងយូរ ប៉ុន្តែចុងក្រោយ Gelsinger នៅតែមិនបានទទួលតំណែងខ្ពស់បំផុតក្នុងឆ្នាំ 2005 ដោយពេលនោះ Paul Otellini ជាអ្នកត្រូវបានជ្រើសរើស។ ដោយសារខកចិត្ត Gelsinger ក៏បានសុំឈប់ និងទៅធ្វើការឱ្យក្រុមហ៊ុនរក្សាទិន្នន័យ EMC ក្នុងឋានៈជាប្រធានផ្នែកមួយរូប នាឆ្នាំ 2009។
ក្នុងបំណងក្លាយជា CEO លោក Gelsinger បានស្នើឱ្យក្រុមហ៊ុន អនុញ្ញាតឱ្យខ្លួនបានចូលរួមកិច្ចប្រជុំនៃក្រុមប្រឹក្សាភិបាលរបស់ EMC ដែលក្រោយមកក៏ទទួលបានដំបូន្មានច្រើនពីសហស្ថាបនិក Jack Egan ក្នុងនោះក៏មានបញ្ហាទាក់ទងនឹងការស្លៀកពាក់ ការយល់ដឹងអំពីហិរញ្ញវត្ថុក្រុមហ៊ុន។ល។ ដូច្នេះ Gelsinger ក៏បានចំណាយពេលមួយឆ្នាំដើម្បីទទួលយកចំណេះដឹងពីសាស្ត្រាចារ្យផ្នែកហិរញ្ញវត្ថុម្នាក់នៅសាកលវិទ្យាល័យ Columbia។
ការប្រឹងប្រែងរបស់ Gelsinger ចុងក្រោយក៏ទទួលបានលទ្ធផលល្អ នៅពេលលោកបានឡើងគ្រប់គ្រងតំណែងខ្ពស់បំផុតនៅក្នុងក្រុមហ៊ុន VMware ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ EMC នាឆ្នាំ 2012។
ការដឹកនាំក្រុមហ៊ុននេះក្នុងគ្រាដំបូងរបស់ Gelsinger បានបរាជ័យ ទាក់ទងនឹងការទប់ទល់នឹងបច្ចេកវិទ្យា cloud computing។ ក្រោយមក បន្ទាប់ពីបានយល់ច្បាស់ពីបញ្ហា លោកក៏បានកែប្រែយុទ្ធសាស្ត្រទាំងស្រុង និងបានសហការជាមួយ Amazon និង Microsoft ទន្ទឹមនឹងការបង្កើតផ្នែកទន់ (software) ដើម្បីជួយដល់អតិថិជនរបស់ខ្លួន ក្នុងការងាកទៅរកបច្ចេកវិទ្យាខាងលើ។
ចំណេះដឹង និងបទពិសោធន៍ស៊ីជម្រៅរបស់ Gelsinger នឹងអាចជួយដឹកនាំ Intel ឱ្យគេចផុតពីការលំបាកនៅក្នុងវិស័យផលិតឈីបនាពេលខាងមុខ។ សូមរង់ចាំតាមដានមើលទាំងអស់គ្នា!