Skip to content

អ្នក​ទៅលេង​សៀមរាប​ខែ11 មាន​កន្លែង​សប្បាយ​ទៀតហើយ កុំ​ភ្លេច​ផ្សារ​កុងតឺន័រ! 

ភ្នំពេញ – ក្រៅពី​មាន​តំបន់​ប្រាសាទបុរាណ​ជាច្រើន​ដែលមាន​សក្ដានុពល​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​ហើយ​នោះ ក្នុង​ខេត្ដ​សៀមរាប​នៅ​ខែវិច្ឆិកា ឆ្នាំ2017ខាងមុខ​ភ្ញៀវ​ជាតិ និង​អន្ដរជាតិ​នឹង​បាន​កម្សាន្ដ​អារម្មណ៍​បន្ថែមទៀត​ជាមួយ​តំបន់​កម្សាន្ដ Palm Container Night Market ដែលមាន​បរិវេណ​ដ៏​ធំ​ទូលាយ។

លោក ចេង គឹម​សែ ជំនួយការ​ផ្នែក​លក់​នៅក្នុង​គម្រោង​ Palm Container Night Market បាន​និយាយថា មូល​ហេតុដែល​ឈានទៅដល់​ការវិនិយោគ​ផ្សារ​នេះ ព្រោះ​សៀមរាប​ជាទី​ក្រុងមាន​សក្ដានុពល​ផ្នែក​ទេសចរណ៍។ ជាងនេះទៀត តំបន់​ដែល​ក្រុមហ៊ុន​យើង​បានជ្រើសរើស​ធ្វើ  គឺជា​ទីប្រជុំជន ពិសេស​ជិត​ឃ្យុ​ង​យូ​ផង ដូច្នេះ​យើង​ជឿថា ក្រោយពី​គម្រោង​នេះ​ដំណើរការ​នឹងមាន​ភ្ញៀវ​អន្ដរជាតិ​មក​កម្សាន្ដ​នៅទីនេះ​ច្រើន​ជាមិនខាន»។

គម្រោង Palm Container Night Market ត្រូវបាន​អភិវឌ្ឍ​លើ​ផ្ទៃដី​ជាង2ហិកតា មាន​ទីតាំងនៅ​ទល់មុខ​សណ្ឋាគារ​សុខា ផ្លូវ60 ជិត​តំបន់​អង្គរ​ឃ្យុ​ង​យូ ជាការ​រួមសហការ​គ្នា​រវាង​អ្នកវិនិយោគ​កម្ពុជា និង​ថៃ។ បច្ចុប្បន្ន​គម្រោង​នេះ​សាងសង់​បាន30%ហើយ នឹង​ឈានទៅ​បញ្ចប់​នៅក្នុង​ខែវិច្ឆិកា​ខាងមុខ។ ក្នុងនោះ​មាន​ទូ​កុងតឺន័រ​ប្រមាណ​ជា100ទូ និង​តូប​លក់​ក្នុង​រង្វង់​ជាង 300តូប។ រហូតមកដល់​ពេលនេះ​មាន​អតិថិជន​កក់​តូប40% និង​បាន​ទិញយក​Pub ធំៗចំនួន4ហើយ  ពិសេស​មាន​ទីលាន​ដែល​អាច​ធ្វើជា​ចំណតរថយន្ត​បានជា​ច្រើន​រយ​គ្រឿង​ទៀតផង។ គម្រោង​នេះ​នឹង​អាច​ត្រូវ​បែង​ចែកជា​កន្លែង​លក់ និង​កន្លែង​កម្សាន្ដ PUB និង​កន្លែង​កម្សាន្ដ​រប​ស់​កុមារ​ដាច់ដោយឡែក​ពីគ្នា។

ជំនួយការ​ផ្នែក​លក់​នៅក្នុង​គម្រោង Palm Container Night Market បាន​លើកឡើងថា នៅ​ខែវិច្ឆិកា​ខាងមុខនេះ បងប្អូន​ប្រជាជន​កម្ពុជា និង​ភ្ញៀវ​អន្ដរជាតិ​ទាំងអស់​នឹង​ទទួលបាន​នូវ​អារម្មណ៍​សប្បាយរីករាយ​ជាមួយ​តំបន់​កម្សាន្ដ​នាពេល​រាត្រី​នោះ។ លោក​បន្ដថា នៅក្នុង​ក្រុង​សៀមរាប​មាន​កន្លែង​កម្សាន្ដ​នាពេល​រាត្រី​ច្រើន ប៉ុន្ដែ​ផ្សារ​កុងតឺន័រ ផាម ដែល​នឹង​ដំណើរការ​នៅ​ខែ11ខាងមុខនេះ គឺមាន​លក្ខណៈ​ធំ​ទូលាយ​ជាង និង​អាច​រក្សា​សុវត្ថិភាព​ជូន​អ្នក​ចូលទៅ​កម្សាន្ដ​នៅ​ទីនោះ​បាន​យ៉ាង100%។ ជាងនេះទៀត​យើង​នឹងមាន​រៀបចំ​កម្មវិធី​ការប្រគំ​តន្ដ្រី​នានា​ដែល​យើង​នឹង​អញ្ជើញ​តារាចម្រៀង​ថៃ​មក​ចូលរួម​ថែមទៀត​ផង។

លោក ចេង គឹម​សែ បញ្ជាក់ថា ក្រោយពេល​គម្រោង​នេះ​បើក​ដំណើរការ​ហើយ វា​នឹង​បង្កើន​ភាព​ទាក់ទាញ​ឱ្យ​ភ្ញៀវទេសចរ​កាន់តែច្រើន​ប​ន្ថែ​ម​ទៀត​ចូលមក​ទស្សនា​នៅក្នុង​ខេត្ដ​បុរាណ​មួយ​នេះ។ ជាងនេះទៀត ផ្សារ​កុងតឺន័រ ផាម ក៏បាន​ត្រៀម​រួចជាស្រេច​ដើម្បី​ទទួលភ្ញៀវ​ទេសចរ​ឱ្យមក​កម្សាន្ដ​យ៉ាង​មាន​សុវត្ថិភាព និង​គ្មាន​ការ​ណែន​ស្ទះ​នាំឱ្យ​ពិបាក​ឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *