កាលពីព្រឹកទៀបភ្លឺ ថ្ងៃព្រហស្បតិ៍ ទី14 ខែមករា ក្លិបបាល់ទាត់ FC Bayern Munich បានធ្លាក់ចេញពីពានរង្វាន់ DFB-Pokal 2021-2022 ក្រោយពីចាញ់ក្រុម Holstein Kiel ដោយបាល់ប៉េណាល់ទីកាត់សេចក្តី។
ការប្រកួតរវាងក្រុមខាងលើនេះ បានធ្វើឡើងនៅពានរង្វាន់ DFB-Pokal ឬហៅស្រួលស្ដាប់ថា Cup របស់អាល្លឺម៉ង់។ ការប្រកួតនេះ ក្រុម Bayern Munich បាននាំមុខមុន ដោយ Gnabry នៅនាទីទី14 មុនពេល Bartels របស់ក្រុម Holstein តាមស្មើបានវិញ នៅនាទី37។ ការប្រកួតឈានចូលតង់ទី2 Sane បានបើកការនាំមុខជាថ្មីម្ដងទៀត ឱ្យ Bayern Munich តែយ៉ាងណាមិញ ជិតចប់ការប្រកួត Wahl ក៏រកគ្រាប់បាល់តាមស្មើវិញបាន នៅនាទី90+5។
ដោយសារនេះ ជាការប្រកួតវគ្គជម្រុះ ដូច្នេះការប្រកួតត្រូវបានពន្យារពេល ដល់ការទាត់ប៉េណាល់ទី។ ការទាត់ប៉េណាល់ទីនេះ ក្រុមទាំង2 ស៊ុតចូលដូចគ្នាដល់ទៅ 5គ្រាប់។ តែអ្វីដែលគួរឱ្យសោកស្តាយសម្រាប់ Bayern Munich នោះគឺ គ្រាប់ទី6 កីឡាករ Marc Roca បែរជាស៊ុតមិនចូល ធ្វើឱ្យក្រុមជើងឯកចាស់ Bayern Munich ធ្លាក់ពីពាននេះត្រឹមវគ្គ 32ក្រុមចុងក្រោយ ដែលវាបានក្លាយជាកំណត់ត្រាដ៏អាក្រក់បំផុតរបស់ក្លិប ដ៏ខ្លាំងជាងគេរបស់អាល្លឺម៉ង់មួយនេះ៕