Skip to content

ធនាគារពិភពលោក​រៀ​ប​ចំ​គម្រោង​ថ្មី​មួយ​ជួយ​ដល់​កម្ពុជា​ផលិត​បន្លែ និង​ផ្លែឈើ​សរីរាង្គ

ភ្នំពេញ៖ លោកស្រី Inguna Dobraja ប្រធាន​ធនាគារពិភពលោក​ប្រចាំ​នៅ​កម្ពុជា​បាន​ថ្លែងថា​ធនាគារពិភពលោក​នឹង​ជួយ​ដល់​ភាគី​កម្ពុជា​ក្នុង​ការផលិត​ផលិតផល​បន្លែ និង​ផ្លែឈើ​សរីរាង្គ ដើម្បី​លើកកម្ពស់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ខ្មែរ​ក៏​ដួច​ជា​ពលរដ្ឋ​នៅ​ទូទាំង​ពិភពលោក​ដែរ។

ការ​ថ្លែង​បែបនេះ​ធ្វើឡើង​នៅពេលដែល​លោកស្រី និង​លោក Nathan M. Belete ប្រធាន​ធនាគារពិភពលោក​ប្រចាំ​អាស៊ី​ខាងកើត​បាន​ដឹកនាំ​ប្រតិភូ​ចូលជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​និង​គម្រោង​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​សម្រាប់​រយៈពេល5ឆ្នាំ​ផ្តោតជាសំខាន់​លើ​ការងារ​អភិវឌ្ឍន៍​ការស្រាវជ្រាវ និង​ហេដ្ឋារចនាសម្ព័ន្ធ។

ក្នុងជំនួប​ពិភាក្សា​ខាងលើ​លោកស្រី​បញ្ជាក់ថា គម្រោង​អភិវឌ្ឍន៍​សម្រាប់​រយៈពេល5ឆ្នាំ ដែល​ជំរុញ និង​លើកទឹកចិត្ត​លើ​ការផលិត​ផលិតផល​បន្លែ និង​ផ្លែឈើ​សរីរាង្គ ដោយ​មិនចាំបាច់​ពឹងផ្អែក​តែ​លើ​ផលិតកម្ម​ស្រូវ​ជា​ចម្បង អនុវត្ត​កសិកម្ម​ឱ្យបាន​ល្អប្រសើរ​សមស្រប​តាម​ស្ថានភាព​នៃ​ការប្រែប្រួល​អាកាសធាតុ លើកកម្ពស់ និង​យកចិត្តទុកដាក់​ដល់​អាហារូបត្ថម្ភ ដើម្បី​សុខុមាលភាព និង​ការលូតលាស់​របស់​ប្រជាពលរដ្ឋ ជាពិសេស​កុមារ​ក្រោម​អាយុ5ឆ្នាំ និង​ការគ្រប់គ្រង​ប្រព័ន្ធធារាសាស្ត្រ​កសិកម្ម​ឱ្យមាន​ចីរភាព និង​និរន្តរភាព។

ក្នុងជំនួប​នេះដែរ​ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បាន​ថ្លែង​សាទរ​ដល់​ធនាគារពិភពលោក​ដែល​បាន​ជួយ​គាំទ្រ​យ៉ាង​ពេញទំហឹង​លើ​គ្រប់​គម្រោង​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម។ ទាក់ទង​នឹង​សកម្មភាព​គម្រោង​រយៈពេល5ឆ្នាំ​ដែល​បានលើកឡើង​ខាងលើ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​ស្នើ​សុំឱ្យ​ធនាគារពិភពលោក​គិតគូរ​ពិចារណា​ចំណុចសំខាន់ៗមួយចំនួនទៀត​ដូចជាៈ

1.គួរ​មានការ​សិក្សា​ស្រាវជ្រាវ​បច្ចេកទេសថ្មីៗធ្វើយ៉ាងណា​ជំរុញ​ផលិតភាព​ផលិតកម្ម​ឱ្យ​សមស្រប​តាម​តម្រូវការ​ទីផ្សារ។

2.លើកកម្ពស់​ផលិតកម្ម​សត្វ សុខភាព​សត្វ និង​សុខភាព​សាធារណៈ​តាមរយៈ​ការបង្កើន​ប្រសិទ្ធភាព​លើ​ការគ្រប់គ្រង​អនាម័យ​សត្វ និង​ផលិតផល​មាន​ដើមកំណើត​ពីស​ត្វ។

3.សិក្សា​ពី​លទ្ធភាព​លើ​ការផ្តល់​ឥណទាន​ដល់​ប្រជាកសិករ និង​វិស័យ​ឯកជន​ដែលមាន​លទ្ធភាព​ធ្វើការ​កែច្នៃ​កសិផល និង​ជំរុញ​ការអនុវត្ត​ការធ្វើ​អនាម័យ និង​ភូតគ្រាម​អនាម័យ​ជា​អាទិភាព។

4.ជំរុញ​ការងារ​គ្រប់គ្រង​ប្រព័ន្ធធារាសាស្ត្រ​កសិកម្ម និង​ការប្រើប្រាស់​ទឹក​ឱ្យមាន​ប្រសិទ្ធភាព។

តាមរយៈ​គម្រោង​របស់​ធនាគារពិភពលោក​ខាងលើ គេ​រំពឹងថា គម្រោង​លើកកម្ពស់​បន្លែ​ផ្លែឈើ​សរីរាង្គ​នេះ​នឹង​ដំណើរការ​ទៅដោយ​ជោគជ័យ​ក្នុងពេលឆាប់ៗក្នុង​គោលបំណង​ជួយ​លើកកម្ពស់​សុខភាព​មនុ​ស្ស​នៅ​ទូទាំង​ពិភពលោក ពិសេស​គឺ​ពលរដ្ឋ​ខ្មែរ​តែម្តង​ឱ្យ​ចៀស​ផុតពី​ការប្រើប្រាស់​បន្លែ​ផ្លែឈើ​ដែលមាន​សារធាតុ​គីមី៕

Leave a Reply

Your email address will not be published. Required fields are marked *