ថ្មីៗនេះ របាយការណ៍ពីអ្នកវិភាគ នៅទីភ្នាក់ងារព័ត៌មាន CNBC បានបង្ហាញថា នៅក្នុង ឆ្នាំ2020 Apple រកចំណូលបានច្រើនជាង 64ពាន់លានដុល្លារ ពី App Store ទីផ្សារកម្មវិធីរបស់ខ្លួន។
ទោះយ៉ាងណា ចំណូលក្នុង ឆ្នាំ2020 ជាចំនួនកើនឡើង ដ៏សន្ធឹកសន្ធាប់មួយ ដ្បិតក្នុង ឆ្នាំ2018 គឺរកបានតែ 48.5លានដុល្លារ និងមានកំណើនត្រឹមតែ 3.1% ប៉ុណ្ណោះ បើធៀបទៅនឹង ឆ្នាំ2019។ ចំណូលនេះមានការកើនឡើងដល់ទៅ 28% បើប្រៀបធៀបទៅ ឆ្នាំ2019 ដែលរកបានត្រឹម 50ពាន់លានដុល្លារប៉ុណ្ណោះ។
អ្នកវិភាគដដែលនោះ បានបន្ថែមថា ការលក់កម្មវិធីនៅលើ App Store មានសម្ទុះកើនឡើង ខណៈមានការរាតត្បាតនៃ ជំងឺកូវីដ-19 ដោយមនុស្សចាប់ផ្ដើមសម្រាកនៅផ្ទះ មានពេលវេលាច្រើន និងចំណាយលុយទៅលើកម្មវិធីផ្សេងៗ ដែលលេចធ្លោជាងគេជា ផលិតផលហ្គេម។
App Store គឺជាទីផ្សារកម្មវិធីរបស់ Apple បង្កើតឡើងតាំងពី ឆ្នាំ2008 បន្ទាប់ពី iPhone ដំបូងបានប្រកាសចេញ។ នៅឆ្នាំនោះផងដែរ ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់អាមេរិកខាងលើ បានចំណាយថវិកាប្រមាណ 200ពាន់លានដុល្លារ ទៅលើអ្នកអភិវឌ្ឍន៍កម្មវិធី ដើម្បីផលិតកម្មវិធីគាំទ្រលើប្រព័ន្ធប្រតិបត្តិការ iOS របស់ខ្លួន៕