បន្ទាប់ពីលោកប្រធានាធិបតី Donald Trump ត្រូវបានផ្អាកពីការប្រើប្រាស់គណនី Twitter និង Facebook ក្រោយការលុកលុយវិមានកាពីតូល ហ៊ីលល៍ ដ៏សាហាវដោយអ្នកគាំទ្ររបស់លោក ដែលប្រដាប់ដោយអាវុធ និងហានិភ័យនៃការញុះញង់ឱ្យមានអំពើហិង្សារួចមក កាលពីថ្ងៃចន្ទ ប្រជាជនប្រហែល 545,000នាក់នៅសហរដ្ឋអាមេរិក បានទាញយកកម្មវិធី Telegram នៅចន្លោះថ្ងៃពុធ (ទី6មករា) និងថ្ងៃអាទិត្យ(ទី10មករា) ដែលមានចំនួនជិត 3ដង បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីសប្តាហ៍មុនហ្នឹង។
អ្នកប្រើប្រាស់ WhatsApp ជាច្រើនលាននាក់ ក៏បានធ្វើការបោះបង់ចោលកម្មវិធីផ្ញើសារមួយនេះ មុនការអាប់ឌែត គោលការណ៍ថ្មី ដែលបង្ខំឱ្យអ្នកប្រើប្រាស់ចែករំលែកព័ត៌មាន របស់ពួកគេជាមួយ Facebook។ ការអាប់ឌែតថ្មី របស់ WhatsApp ដែលនឹងមកដល់នៅថ្ងៃទី8 ខែកុម្ភៈខាងមុខនេះ នឹងប៉ះពាល់ដល់អ្នកប្រើប្រាស់ទាំងអស់ ដែលមិនមែនរស់នៅក្នុងតំបន់អឺរ៉ុប និងចក្រភពអង់គ្លេស ដែលតំបន់ 2នេះ មានច្បាប់តឹងរ៉ឹងការពារព័ត៌មានរបស់អ្នកប្រើប្រាស់។
អ្នកប្រើប្រាស់នៅក្រៅពីតំបន់ទាំង 2ខាងលើ នឹងតម្រូវផ្ដល់សិទ្ធសម្រាប់ឱ្យ Facebook ចូលយកព័ត៌មានរបស់ពួកគេ មានរួមបញ្ចូលលេខទូរស័ព្ទ និងព័ត៌មានអំពីការទំនាក់ទំនងរបស់ពួកគេ ជាមួយអ្នកដទៃ។ ទាល់តែព្រមផ្ដល់សិទ្ធិ ទើបពួកគេអាចបន្តប្រើប្រាស់ WhatsApp បានតទៅទៀត។ ការទាមទារនេះ នឹងត្រូវអនុវត្តលើគ្រប់អ្នកប្រើប្រាស់ទាំងអស់ ទោះបីជាពួកគេមិនមានគណនី Facebook ក្ដី។
ពេល WhatsApp ប្រកាសអំពីផែនការ នៃការផ្លាស់ប្ដូរនេះភ្លាម បានធ្វើឱ្យ Telegram មានកំណើនចំនួនទាញយកជិត 1.7លានដងភ្លាមៗ ហើយកម្មវិធី Signal (ជាកម្មវិធីផ្ញើសារដែលលោក Elon Musk ណែនាំឱ្យប្រើប្រាស់) មានកំណើនចំនួនទាញយក 1.2លានដង។
ដោយឡែកចំនួនទាញយកកម្មវិធី WhatsApp ក្នុងរយៈពេល 7ថ្ងៃដំបូង នៃឆ្នាំ2021 មានការធ្លាក់ចុះចំនួន 13% មកនៅត្រឹម 10.3លានដង ប្រសិនបើធៀបនឹងអំឡុងពេល 7ថ្ងៃមុន។ ការសម្រេចចិត្តរបស់ WhatsApp នាពេលនេះ គឺខុសគ្នាទាំងស្រុង ប្រៀបនឹងពេលដែល Facebook ទើបទិញ WhatsApp ដំបូងក្នុងឆ្នាំ2014 ក្នុងទំហំទឹកប្រាក់ 19ពាន់លានដុល្លារ។
ពេលនោះ WhatsApp បានធានាថា ទិន្នន័យរបស់អ្នកប្រើប្រាស់ នឹងបន្តនៅជាឯកជន ហើយមិនចែករំលែកជាមួយ Facebook នោះទេ។ ការផ្លាស់ប្ដូរគោលការណ៍នេះ បានចាប់ផ្ដើមលេចចេញដំបូងកាលពីឆ្នាំ2016 ពេលដែល WhatsApp ចាប់ផ្ដើមចែករំលែកទិន្នន័យជាមួយ Facebook ជាលក្ខណៈ Default ដែលពេលនោះអ្នកប្រើប្រាស់ អាចមានសិទ្ធបិទមិនឱ្យមានការចែករំលែកបាន។
នៅថ្ងៃទី8 ខែកុម្ភៈខាងមុខនេះ អ្នកប្រើប្រាស់ WhatsApp នឹងមិនមានជម្រើសអ្វីឡើយ គឺត្រូវតែទទួលយកការផ្លាស់ប្ដូរ ដែលតម្រូវឱ្យមានការចែករំលែកទិន្នន័យរបស់ខ្លួនជាមួយ Facebook ប្រសិនបើពួកគេចង់ប្រើប្រាស់ WhatsApp ជាបន្ត៕