ភ្នំពេញៈ រយៈពេល7ខែដើមឆ្នាំនេះ ចំនួនរោងចក្របិទទ្វារបានកើនលើសចំនួនរោងចក្រដែលបានបើកថ្មីនៅកម្ពុជា នេះជាសញ្ញាមួយបង្ហាញថា សុខភាពក្នុងវិស័យមួយនេះមិនល្អប្រសើរនោះទេ។
លោក តោ ដារ៉ារិទ្ធ មន្ត្រីការងារ និងច្បាប់នៃសមាគមរោងចក្រកាត់ដេរកម្ពុជាបានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី22 សីហានេះថា គិតត្រឹមដំណាច់ខែកក្កដាកន្លងមកនេះរោងចក្រកាត់ដេរចំនួន49បានបិទទ្វារ និងមានរោងចក្រថ្មីចំនួនតែ18ប៉ុណ្ណោះដែលបានបើកដំណើរការ។ តួលេខនេះយើងនិយាយតែក្នុងក្របខ័ណ្ឌរោងចក្រដែលជាសមាជិកសមាគមកាត់ដេរកម្ពុជាប៉ុណ្ណោះ។
លោកបន្តថា សមាគមរោងចក្រកាត់ដេរបច្ចុប្បន្នមានសមាជិកចំនួន588 ក្នុងនោះរោងចក្រផលិតស្បែកជើង និងកាបូបមានចំនួន488 រោងចក្រផលិតស្បែកជើងចំនួន57 និងរោងចក្រផលិត តែមិននាំចេញមានចំនួន43រោងចក្រ។
លោកបន្តថា “វាជាសញ្ញាមិនសូវល្អឡើយសម្រាប់វិស័យនេះព្រោះតួលេខបិទមានចំនួនច្រើនជាងតួលេខរោងចក្របើកថ្មី។
អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរកម្ពុជាលោកបណ្ឌិត កាំង ម៉ូនីកា បានថ្លែងថា ចំនួនរោងចក្របិទច្រើនជាងបើកនេះ និងការដំឡើងប្រាក់ឈ្នួលនិយោជិតជាសញ្ញាមួយគួរឲ្យបារម្ភហើយ ប៉ុន្តែយើងកំពុងរង់ចាំមើលគោលនយោបាយរបស់រដ្ឋាភិបាលពាក់ព័ន្ធវិស័យកាត់ដេរ និងស្បែកជើងរយៈពេល8ឆ្នាំថា តើរដ្ឋាភិបាលអាចជួយអ្វីខ្លះសម្រាប់វិស័យនេះ។
រដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសមាគមរោងចក្រកាត់ដេរកម្ពុជា ភាគីនិយោជក និងតំណាងសហជីពនានាកំពុងព្រាងគោលនយោបាយក្នុងវិស័យវាយនភណ្ឌដើម្បីអភិវឌ្ឍវិស័យនេះឲ្យមាននិរន្តរភាព និងមានភាពសុខដុមរមនារវាងភាគីនិយោជក និងនិយោជិត៕