ផ្នែកបច្ចេកទេសនៃក្រុមហ៊ុនអាកាសចរណ៍មួយរបស់វៀតណាម បាននាំគ្នាដោះកៅអីទាំងអស់នៅក្នុងយន្តហោះមួយគ្រឿងដើម្បីស្វែងរកចិញ្ចៀនពេជ្រមួយវង់ដែលមានតម្លៃខ្ពស់ ក្រោយពីអ្នកដំណើរម្នាក់បានជ្រុះនៅក្នុងកាប៊ីនសម្រាប់អ្នកជំនួញ។
កាលពីថ្ងៃទី 12 មករា តំណាងក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines បានបញ្ជាក់ថា ក្រុមហ៊ុននេះ កាលពីថ្ងៃទី 11 មករា បានប្រគល់ជូនចិញ្ចៀនពេជ្រមួយវង់ដែលបានជ្រុះបាត់នៅក្នុងយន្តហោះនៃក្រុមហ៊ុននេះកាលពីថ្ងៃទី 8 មករា នៅក្នុងជើងហោះហើរក្នុងស្រុក ទៅឱ្យអ្នកដំណើររបស់ខ្លួនវិញហើយ។
អតិថិជនដែលបានធ្វើដំណើរតាមជើងហោះហើរប្រភេទពាណិជ្ជកម្ម បានហោះពីទីក្រុងហូជីមិញ ទៅកាន់រដ្ឋធានីហាណូយនៃប្រទេសវៀតណាម កាលពីថ្ងៃទី 8 ខែមករា និងបានចុះចតនៅវេលាម៉ោង 15 និង 10 នាទី។ ក្នុងពេលយន្តហោះត្រៀមចុះចត ស្ត្រីជាអ្នកដំណើរម្នាក់ក៏បានជ្រុះបាត់ចិញ្ចៀនពេជ្រមួយវង់នៅក្នុងយន្តហោះនេះ។
តំណាងរបស់ក្រុមហ៊ុន Vietnam Airlines បានឱ្យដឹងថា ផ្នែកបច្ចេកទេសរបស់ខ្លួន ក្រោយមកក៏បានដោះកៅអីទាំងអស់ដែលមាននៅលើយន្តហោះ ដើម្បីស្វែងរកចិញ្ចៀន។ ប៉ុន្តែ មិនបានរកឃើញនោះទេ ដោយសារវាមានទំហំតូចពេក។ ផ្នែកបច្ចេកទេសក៏បានរាយការណ៍ហេតុការណ៍នេះដល់អង្គភាពពាក់ព័ន្ធដើម្បីបន្តរុករក។
បន្ទាប់មក យន្តហោះនេះក៏បានហោះត្រលប់មកកាន់ទីក្រុងហូជីមិញវិញ នៅវេលាម៉ោង 18 ថ្ងៃទី 8 មករា ជាមួយនឹងលេខសម្គាល់ជើងហោះហើរ VN275។
ក្រោយមក សំណាងល្អក៏បានកើតឡើងចំពោះក្រុមបុគ្គលិកនៅលើយន្តហោះនេះ នៅពេលដែលអ្នកបម្រើបានរកឃើញចិញ្ចៀនពេជ្រក្នុងពេលពិនិត្យមើលក្នុងកាប៊ីនអ្នកដំណើរ។ ពួកគេក៏បានប្រគល់មកឱ្យអង្គភាព Lost & Found នៅព្រលានយន្តហោះ Tan Son Nhat នាទីក្រុងហូជីមិញ ហើយវាក៏ត្រូវបានប្រគល់ជូនម្ចាស់ដើមនៅរសៀលថ្ងៃទី 11មករា៕
ប្រភព៖ DNTT