កាលពីថ្ងៃទី 10 មករាកន្លងទៅ រាជបុត្រារបស់ប្រទេសអារ៉ាប៊ីសាអូឌីត ព្រះនាម Mohammed bin Salman បានប្រកាសបង្ហាញផែនការកសាងទីក្រុងមួយដែលមិនមានសកម្មភាពបញ្ចេញឧស្ម័នកាបោន ដែលស្ថិតក្នុងគម្រោងលំដាប់យក្ស NEOM។
អារ៉ាប៊ីសាអូឌីត ដែលជាប្រទេសនាំចេញប្រេងលំដាប់កំពូលរបស់ពិភពលោក បានប្រកាសអំពីគម្រោងបើកដំណើរការទីក្រុងធម្មជាតិ «គ្មានរថយន្ត គ្មានផ្លូវក្នុងក្រុង និងគ្មានសកម្មភាពបញ្ចេញឧស្ម័នពុលកាបោន» នៅក្នុងមហាគម្រោង NEOM។ NEOM ដែលមានតម្លៃ 500 ពាន់លានដុល្លារអាមេរិក ត្រូវបានកសាងតាមបណ្ដោយឆ្នេរសមុទ្រក្រហមនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងបំណងធ្វើពិធិធកម្មខឿនសេដ្ឋកិច្ចជាតិ។
នៅលើកញ្ចក់ទូរទស្សន៍ជាតិអារ៉ាប៊ីសាអូឌីត រាជបុត្រា Mohammed bin Salman ឱ្យដឹងថា ទីក្រុងថ្មីនេះមានឈ្មោះថា The Line។ ក្នុងទីក្រុងឆ្លាតវៃ The Line ដែលមានបណ្ដោយ 170 គីឡូម៉ែត្រនេះ មនុស្ស 1 លាននាក់អាចស្នាក់នៅបាន និងធានាថា មិនមានរថយន្ត មិនមានផ្លូវសម្រាប់រថយន្ត និងមិនបញ្ចេញឧស្ម័នកាបោន។
ទីក្រុងនេះនឹងមានសេវាកម្មនានាដូចជាសាលារៀន មជ្ឈមណ្ឌលសុខភាព និងទីលានធម្មជាតិ ក៏ដូចជាប្រព័ន្ធដឹកជញ្ជូនសាធារណៈល្បឿនលឿនជាមួយនឹងការធ្វើដំណើរមិនលើសពី 20 នាទី។ បញ្ញាសិប្បនិម្មិតនឹងដើរតួនាទីសំខាន់ក្នុងទីក្រុងនេះ។ សកម្មភាពរបស់ទីក្រុងនេះនឹងដំណើរការដោយថាមពលស្អាត 100% នាំមកនូវបរិស្ថានស្អាត បរិសុទ្ធ និងស្ថិរភាពយូរអង្វែងសម្រាប់ប្រជាជន។
ការសាងសង់ទីក្រុងនេះនឹងត្រូវបានធ្វើឡើងចាប់ពីត្រីមាសទីមួយនៃឆ្នាំ 2021 នេះ ជាមួយនឹងជំនួយរបស់មូលនិធិវិនិយោគសាធារណៈរបស់អារ៉ាប៊ីសាអូឌីត។ តាមផែនការ គម្រោងនេះនឹងបង្កើតការងារចំនួន 380,000 មុខតំណែង និងរួមចំណែក 180 ពាន់លានរីយ៉ាល់ (48 ពាន់លានដុល្លារអាមេរិក) ទៅក្នុង GDP របស់ប្រទេសនេះក្នុងឆ្នាំ 2030។
នេះគឺជាផែនការសាងសង់ធំដំបូងនៅក្នុងគម្រោងយក្ស NEOM រាប់ចាប់ពីគម្រោងនេះត្រូវបានរាជបុត្រា bin Salman ប្រកាសកសាងកាលពីឆ្នាំ 2017 ដោយចាត់ទុកដូចជាសសរទ្រូងក្នុងគម្រោងចក្ខុវិស័យឆ្នាំ 2030 ដើម្បីកាត់បន្ថយការពឹងផ្អែករបស់អារ៉ាប៊ីសាអូឌីត ទៅលើប្រភពចំណូលពីប្រេង៕
ប្រភព៖ Economic Times