ដោយការរស់នៅបែបប្រក្រតីរបស់មនុស្សយើងដូចសព្វថ្ងៃនេះ ប្រហែលជាមិនងាយធ្លាក់ចូលទៅក្នុងស្ថានការណ៍ដែលអាសន្ន ឬអាក្រក់ប៉ុន្មានឡើយ តែតើលោកអ្នកនឹងប្រាកដក្នុងចិត្តយ៉ាងណាបានទៅថា ក្នុងមួយជីវិតនេះលោកអ្នកនឹងមិនជួបហេតុការណ៍អាសន្ន ឬអាក្រក់ណាមួយនោះ? ដូច្នេះបើលោកអ្នកស្គាល់ពីវិធីដោះខ្លួនឱ្យរួចផុតពីស្ថានការអាសន្នទាំងនោះបាន ជីវិតរបស់លោកអ្នកនឹងកាន់តែមានសុវត្ថិភាពច្រើនឡើងមិនខាន។ ខាងក្រោមនេះគឺជាវិធីដោះខ្លួនឱ្យរួចពីស្ថានការណ៍គ្រោះថ្នាក់ផ្សេងៗដែលលោកអ្នកអាចនឹងជួបប្រទះនៅថ្ងៃណាមួយក៏អាចថាបានដែរ។
1 – វិធីបង្កាត់ភ្លើងពីថ្មទូរស័ព្ទដៃ
ក្នុងអំឡុងពេលដែលលោកអ្នកត្រូវវង្វេងផ្លូវ និងស្ថិតនៅកន្លែងណាមួយដែលឆ្ងាយពីមនុស្សម្នា និងទូរស័ព្ទរបស់លោកអ្នកក៏អស់ថ្មមិនអាចធ្វើអ្វីបានទៀត តែវាក៏មិនបានគ្មានប្រយោជន៍ទាល់តែសោះនោះដែរ ព្រោះថ្មបាត់តេរីនៅក្នុងទូរស័ព្ទដៃ ឬថេបប្លេតរបស់លោកអ្នកគឺជាថ្មបាត់តេរី “លិធៀមអៃអន់” ដែលអាចយកមកបង្កាត់ភ្លើងបាន ដោយនៅក្នុងកម្មវិធី Man VS Wild របស់ ប៊ែរ៍ ហ្គ្រីល ធ្លាប់បានណែនាំពីវិធីបង្កាត់ភ្លើងដោយថ្មទូរស័ព្ទនេះរួចមកហើយ គឺប្រើកាំបិតចាក់យឺតៗទៅក្នុងថ្មបាត់តេរីនោះ សារធាតុគីមីដែលនៅខាងក្នុងនឹងបញ្ចេញប្រតិកម្មកើតចេញជាអណ្តាតភ្លើងឡើង និងអ្វីដែលសំខាន់នោះគឺ លោកអ្នកគួរត្រៀមឱស ឬវត្ថុសម្រាប់បំពក់ភ្លើងទុកជាស្រេចឱ្យហើយ។
2 – ការគេចខ្លួនឱ្យរួចពីខ្សែទឹកហូរកួចបញ្ច្រាស់ (Rip Current)
ខ្សែទឹកកួចបញ្ច្រាស់ ឬ Rip Current ជាលក្ខណៈរបស់ទឹករលកដែលបោកមកលើច្រាំង ហើយហូរកួចទៅសមុទ្រវិញតាមប្រឡោះផ្ទាំងថ្ម ដែលនេះគឺជាឃាតករលាក់មុខដែលសម្លាប់ជីវិតមនុស្សអស់ជាច្រើនមកហើយ ព្រោះពេលដែលលោកអ្នកត្រូវទឹករលកកួចចេញពីច្រាំងទៅហើយ នឹងគ្មានផ្លូវហែលត្រឡប់មករកច្រាំងវិញបានឡើយ ដូច្នេះវិធីដោះខ្លួនឱ្យរួចពីស្ថានការណ៍បែបនេះគឺ យើងមិនត្រូវហែលត្រឡប់មករកច្រាំងវិញបែបត្រង់ៗតាមសញ្ជាតិញាណរបស់យើងឡើយ តែចូរយើងហែលចេញទៅខាងស្ដាំ ឬខាងឆ្វេងជាមុនសិន ដើម្បីគេចវាងពីផ្ទាំងថ្មដែលធ្វើឱ្យកើតខ្សែទឹកហូរកួចបញ្ច្រាស់នោះ។
3 – រត់គេចពីសត្វក្រពើដេញត្របាក់
បើចៃដន្យលោកអ្នកទៅវាក់អ៊ើនឹងសត្វក្រពើបែបតទល់មុខគ្នានោះ ការរត់គេចពីវាទៅមុខត្រង់ៗ គឺជាកំហុសឆ្គងមួយ ព្រោះវាអាចរត់លឿនជាងលោកអ្នក ដូច្នេះ ការរត់ទៅឆ្វេងផងទៅស្តាំផង ឬរត់បែបបត់បែនឆ្វេងស្តាំនឹងធ្វើសត្វក្រពើដែលមានជើងខ្លីៗនោះនឹងមានបញ្ហាពេលបត់ និងរត់តាមលោកអ្នកមិនទាន់ និងដែលសំខាន់ គឺពេលលោកអ្នករត់រួចផុតពីខ្សែភ្នែករបស់វាហើយ នឹងធ្វើឱ្យលោកអ្នកមានឱកាសរស់ជីវិតច្រើន។
4 – ច្បាប់របស់លេខ 3 សម្រាប់ជីវិត
ច្បាប់ពាក់ព័ន្ធនឹងលេខ 3 ដែលមានសម្ព័ន្ធជាមួយនឹងការដោះខ្លួនឱ្យរួចជីវិតរបស់មនុស្សយើងគឺ ជាមធ្យមបើមនុស្សយើងគ្មានខ្យល់អាកាសដកដង្ហើម 3 នាទី នឹងអាចសន្លប់បាត់ស្មារតី បើគ្មានទឹកបរិភោគ 3 ថ្ងៃ រាងកាយនឹងចាប់ផ្តើមខ្វះជាតិទឹក និងបើគ្មានអាហារបរិភោគ 3 សប្តាហ៍ នឹងហុចផលអាក្រក់ដល់រាងកាយ និងពិតប្រាកដណាស់ បើសិនជាយូរជាងរយៈពេលនេះ វានឹងហុចផលឱ្យមនុស្សយើងស្លាប់បាត់បង់ជីវិតជាមិនខាន។
5 – បើមានវត្ថុអ្វីមួយមុតជាប់នៅនឹងរបួស
មនុស្សជាច្រើនជឿថា ការដែលត្រូវវត្ថុមុតស្រួច ឬកម្ទេចកែវមុតជាប់នៅក្នុងមុខរបួស រឿងដែលយើងគួរធ្វើមុនគេបំផុតគឺ ការយកវត្ថុនោះ ឬកម្ទេចកែវទាំងនោះចេញពីមុខរបួស តែនៅក្នុងស្ថានភាពពិតវិញ លោកអ្នកមិនគួរដក ឬយកកម្ទេចកែវ ឬវត្ថុអ្វីដែលមុតជាប់នៅលើមុខរបួសនោះចេញដោយខ្លួនឯងឡើយ ព្រោះនៅពេលណាដែលលោកអ្នកដក ឬយកវាចេញ ឈាមនឹងចាប់ផ្តើមហូរចេញមកឥតឈប់ឡើយ ហើយលោកអ្នកក៏មិនអាចបញ្ឈប់ឈាមដែលហូរចេញមកច្រើននោះដោយខ្លួនឯងបានដែរ។ រឿងដែលត្រូវធ្វើគឺ នៅឱ្យស្ងៀម ដើម្បីរង់ចាំគេនាំទៅមន្ទីរពេទ្យគឺជាការប្រសើរបំផុត៕
ស្រាវជ្រាវដោយ តាវ៉ែនតា