បច្ចុប្បន្ន ឈ្មោះ Bill Gates, Warren Buffett, Jeff Bezos និង Elon Musk ជាដើម ជាបុគ្គលធ្លាប់នាំមុខគេនៅក្នុងបញ្ជីចំណាត់ថ្នាក់អ្នកមានជាងគេរបស់ទស្សនាវដ្ដី Forbes ឬ Bloomberg (ឬទាំងពីរតែម្ដង) ដែលត្រូវមហាជនស្គាល់ច្រើន ប៉ុន្តែ គេហាក់ដូចកម្របានឮឈ្មោះ Yoshiaki Tsutsumi ដែលធ្លាប់ជាអ្នកមានផុតលេខកាលពីប៉ុន្មានទសវត្សរ៍មុន។
ជាមួយនឹងទ្រព្យដែលមានតម្លៃសរុបជិត 20 ពាន់លានដុល្លារអាមេរិក អ្នកជំនួញជនជាតិជប៉ុន Yoshiaki Tsutsumi គឺជាបុគ្គលដំបូងគេដែលត្រូវបាន Forbes លើកជាមហាសេដ្ឋីដែលមានទ្រព្យច្រើនជាងគេបង្អស់ក្នុងពិភពលោកកាលពីឆ្នាំ 1987។ បន្ទាប់មក លោក Yoshiaki Tsutsumi ក៏បានបន្តគ្រប់គ្រងតំណែងនេះរហូតដល់ឆ្នាំ 1990 និងឆ្នាំ 1993-1994។ ជាសរុប លោក Yoshiaki Tsutsumi ធ្លាប់បានស្ថិតនៅលើកំពូលតារាងចំណាត់ថ្នាក់អ្នកមានជាងគេរបស់ទស្សនាវដ្ដី Forbes ដល់ទៅ 6 លើក។
លោក Yoshiaki Tsutsumi កើនឆ្នាំ 1934 នៅក្នុងគ្រួសារអ្នកមានស្ដុកស្ដម្ភមួយនៅជប៉ុន។ ឪពុករបស់លោក Yoshiaki Tsutsumi គឺជាជីតារបស់ក្រុមគ្រួសារមួយក្នុងចំណោមត្រកូលនានាដែលមានឥទ្ធិពលខ្លាំងក្លាបំផុតក្នុងសង្គមជប៉ុននាសម័យទំនើប។ លោក Yoshiaki Tsutsumi កាលនោះគឺជាប្រធានក្រុមហ៊ុន Seibu ដែលជាក្រុមហ៊ុនមានអំណាចបំផុតក្នុងវិស័យផ្លូវដែក សណ្ឋាគារ និងអចលនទ្រព្យ នៅប្រទេសជប៉ុន។
អាយុ 30 ឆ្នាំ លោក Yasujiro បានទទួលមរតក និងគ្រប់គ្រងក្រុមហ៊ុន ក្រោយមរណភាពរបស់ស្ថាបនិកដែលជាឪពុករបស់ខ្លួន។ ក្រោយពីបានឡើងកាន់កាប់ លោកTsutsumi ក៏បានបន្តដឹកនាំក្រុមហ៊ុន Seibu ប្រកបដោយការរីកចម្រើន។ Tsutsumi បានទិញសណ្ឋាគារជាច្រើនកន្លែង តំបន់លេងស្គីលើទឹកកក ទីលានវាយកូនគោលជាដើម និងបានធ្វើឱ្យក្រុមហ៊ុនអចលនទ្រព្យរបស់ខ្លួនក្លាយជាក្រុមហ៊ុនមេធំដ៏សម្បើមមួយក្នុងពិភពលោក។
ហេតុអ្វីពេលនេះ មិនមានអ្នកណារំលឹកដល់ឈ្មោះ Tsutsumi ទៀត?
Tsutsumi ធ្លាប់មានអ្វីៗគ្រប់យ៉ាង និងធ្លាប់ស្ថិតនៅលើចំណុចកំពូលនៃក្ដីសង្ឃឹម។ ប៉ុន្តែ គួរឱ្យស្ដាយ ជីវិតបន្ទាប់មករបស់លោក បែរជាមិនទទួលបានលទ្ធផលល្អទៅវិញ។ វិបត្តិអចលនទ្រព្យនៅជប៉ុនបានដួលកើតឡើងចន្លោះឆ្នាំ 1986 ដល់ 1991 បណ្ដាលឱ្យសេដ្ឋកិច្ចជាតិត្រូវដាំក្បាលចុះ។ បញ្ហានេះបានធ្វើឱ្យ Seibu ធ្លាក់ទៅក្នុងវិបត្តិយ៉ាងធ្ងន់ធ្ងរ។ ប៉ុន្តែ នៅមានកត្តាផ្សេងមួយទៀតដែលនាំឱ្យ Seibu ត្រូវដួលរលំទាំងស្រុង នោះគឺចំណាត់ការរបស់រដ្ឋាភិបាលជប៉ុន។
ក្នុងឆ្នាំ 2004 ជប៉ុនបានបង្កើតស្ដង់ដាគណនេយ្យថ្មី និងគ្រប់គ្រងលើបណ្ដាក្រុមហ៊ុនយ៉ាងតឹងរ៉ឹង។ Seibu បានក្លាយជាគោលដៅរបស់រដ្ឋាភិបាល និងត្រូវបានរកឃើញកំហុសយ៉ាងច្រើន។ ចុងក្រោយ ពួកគេក៏ត្រូវបង្ខំចិត្តលុបចោលការបោះផ្សាយលក់មូលបត្រនៅក្នុងផ្សារហ៊ុន Tokyo។
នេះគឺជាកាលៈទេសៈដ៏មហាសែនអាក្រក់នៅក្នុងជីវិតរបស់លោក Yoshiaki Tsutsumi ក៏ដូចជាសមាជិករបស់ត្រកូល Tsutsumi។ ឆ្នាំ 2005 លោក Yoshiaki Tsutsumi ត្រូវបានចាប់ខ្លួនក្រោមបទចោទថាបានធ្វើការជួញដូរក្រៅច្បាប់ និងក្លែងឯកសារ។ លោក Yoshiaki Tsutsumi ត្រូវពិន័យ 50,000 ដុល្លារអាមេរិក និងជាប់ពន្ធនាគារ 4 ឆ្នាំ។
ប៉ុន្តែ ភាពអាម៉ាស់របស់លោក មិនមែនជាការដែលត្រូវពិន័យ និងជាប់ពន្ធនាគារនោះទេ តែគឺជាការបាត់បង់ «អាណាចក្រ» Seibu។ នៅពេល Seibu ជួបរឿងអាស្រូវ លោក Yoshiaki Tsutsumi ក៏ត្រូវចាកចេញពីតំណែងនានាដែលលោកកំពុងកាន់កាប់នៅក្នុងក្រុមហ៊ុននេះ។ «ទ្រព្យសម្បត្តិរាប់ពាន់លានដុល្លាររបស់លោក ត្រូវបាត់បង់ទាំងស្រុងក្នុងរយៈពេលដ៏ខ្លីជាទីបំផុត» នេះបើតាមសារព័ត៌មាន Business Insider។
បច្ចុប្បន្ន លោក Tsutsumi មានវ័យ 86 ចូល 87 ឆ្នាំហើយ។ ដូច្នេះ ពិតជាពិបាកខ្លាំងណាស់ក្នុងការដែលលោកអាចសាងកេរ្តិ៍ឈ្មោះជាថ្មី៕
ប្រភព៖ BI