ក្នុងព្រឹត្តិការណ៍ CES 2021 ជាព្រឹត្តិការណ៍ដាក់តាំងពិព័រណ៍បច្ចេកវិទ្យាដ៏ធំ នាដើមឆ្នាំ2021 នេះ ក្រុមហ៊ុនទាំងអស់ ដែលមានឈ្មោះចូលរួម បានបញ្ចេញ Prototype (គំរូ) ផលិតផលរបស់ខ្លួន ក៏ដូចជាដាក់បង្ហាញផលិតផលរបស់ពួកគេ ជាបណ្តើរៗហើយដែរ។
ជាក់ស្ដែងក្រុមហ៊ុន Lenovo ដែលល្បីល្បាញខាងផលិតគ្រឿងអេឡិចត្រូនិកយូរឆ្នាំមកហើយនោះ ក៏បានបង្ហាញឱ្យឃើញពី វ៉ែនតាឆ្លាតវៃ ThinkReality A3 ដែលក្នុងនោះ វាមាន 2ជម្រើស ទៅតាមប្រភេទអ្នកប្រើប្រាស់ ដែលសុទ្ធតែមានសមត្ថភាព 3D visualizations និង AR-guided ដូចគ្នា។
Lenovo ក៏បានបញ្ជាក់ដែរថា គោលដៅនៃការផលិតវ៉ែនតាឆ្លាតវៃខាងលើនេះ មិនមែនសម្រាប់លក់ឱ្យអតិថិជនទូទៅនោះទេ ផ្ទុយទៅវិញគឺ គោលដៅសម្រាប់សហគ្រាស។
លក្ខណសម្បត្តិវ៉ែនតា AR ទាំង ២ម៉ូដែល ស្ទើរតែដូចគ្នាទាំងស្រុង គ្រាន់តែថា វាទាំង2 ត្រូវបានធ្វើឡើង ដើម្បីតម្រូវទៅតាមករណី នៃការប្រើប្រាស់ផ្សេងគ្នា។
សម្រាប់ម៉ូដែល ThinkReality A3 បំពាក់មកជាមួយនឹងឈីប Snapdragon XR1 សម្រាប់វ៉ែនតាឆ្លាតវៃ និង 1ទៀត ម៉ូដែលThinkReality A3 PC Edition ដែលត្រូវបានបង្កើតឡើង សម្រាប់ឱ្យវាភ្ជាប់ជាមួយនឹង PC តែម្ដង ដើម្បីធ្វើការប្រើប្រាស់វា ឱ្យអាចធ្វើការបង្ហាញកម្មវិធីនៅលើ Windows បាន5 នៅលើផ្ទៃបង្ហាញនិម្មិតនៃវ៉ែនតានោះ។
ថាមពលថ្ម របស់វា អាស្រ័យទៅលើឧបករណ៍ ដែលនឹងតភ្ជាប់មកជាមួយប៉ុណ្ណោះ ដោយធ្វើបែបនេះ នឹងជួយឱ្យវា កាន់តែស្រាលងាយស្រួលពាក់ ប៉ុន្តែអ្នកប្រើត្រូវការភ្ជាប់វាដោយប្រើខ្សែ USB-C 3.1 ទៅកាន់ឧបករណ៍ដែលភ្ជាប់ជាមួយនោះ។
សូមជម្រាបជូនដែរថា Lenovo មិនទាន់បញ្ជាក់ពីតម្លៃរបស់ ThinkReality A3 ទាំង 2ម៉ូដែលខាងលើនៅឡើយទេ ប៉ុន្តែត្រូវបានគេរំពឹងថា វ៉ែនតាឆ្លាតវៃនោះ នឹងបង្ហាញខ្លួន នៅអំឡុងពាក់កណ្ដាលឆ្នាំ2021 ខាងមុខនេះ៕