តារាស្រី យួន យុង អ៊ី ឬ Anita Yuen វ័យ 45 ឆ្នាំ បានចេញមុខបកស្រាយពីជម្លោះដែលធ្លាប់មានជាមួយកំពូលតារាសម្ដែងលោក Jackie Chan ឬ ឈិន ឡុង នៅក្នុងបណ្ដាញទំនាក់ទំនងសង្គម Weibo របស់នាងថា នាងធ្លាប់មានបញ្ហាជាមួយកំពូលតារាសម្ដែងហុងកុងរូបនេះ នៅអំឡុងពេលថតខ្សែភាពយន្ដមួយ ដែលបានសម្ដែងរួមគ្នា កាលពី 22 ឆ្នាំមុន ហើយក៏ធ្លាប់សម្របសម្រួលគ្នាដែរ តែនៅតែទើសចិត្តរៀងខ្លួន និងមិនបាននិយាយរកគ្នារហូតមក។
យោងតាមការចេញផ្សាយរបស់សារព័ត៌មានចិន បានឲ្យដឹងថា ថ្មីៗនេះ នាង យួន យុង និងឈិន ឡុង បានជួបគ្នាដោយចៃដន ហើយក៏បានឆ្លៀតឱកាសនោះ បកស្រាយពីជម្លោះរវាងគ្នា ដោយនាងបាននិយាយថា នាងមានកំហុសឆ្គងយ៉ាងខ្លាំង តែឈិនឡុងបានប្រាប់នាងថា លោកពិតជាចងចាំរឿងរ៉ាវទាំងអស់នោះមិនបានឡើយ ទើបនាងសូមគាត់ថតរូបជាមួយគ្នា ដើម្បីបង្ហោះនៅក្នុងបណ្ដាញសង្គម Weibo របស់នាងឱ្យអ្នកគាំទ្រយើងបានឃើញ។
គួរបញ្ជាក់ផងដែរថា ចំពោះបញ្ហាដែលបានកើតឡើងកាលពី 22ឆ្នាំមុននោះ តារាស្រីរូបនេះបានពោលថា « មានសារព័ត៌មានជាច្រើនបានចេញផ្សាយថា លោក ឈិន ឡុង មានកំហឹងចំពោះនាងខ្ញុំ ក៏ប៉ុន្ដែគាត់បានប្រាប់មកខ្ញុំវិញថា ប្រសិននាងខ្ញុំមិនបាននិយាយរឿងនេះទេ គាត់ក៏មិនចាំហេតុការណ៍ដែលបានកើតឡើងនោះដែរ គាត់ភ្លេចអស់បាត់ទៅហើយ តែវាជាកំហុសមួយរបស់ខ្ញុំដូចគ្នាដែលបានធ្វើឱ្យគាត់ខឹងខ្លាំង តែនៅពេលនេះគ្រប់យ៉ាងវាបានបញ្ចប់អស់ទៅហើយ គួរតែគិតពីអ្វីដែលប្រសើឡើងវិញ »៕