មហាសេដ្ឋី Elon Musk ដែលជា CEO របស់ក្រុមហ៊ុន Tesla និងជា CEO របស់ SpaceX ទើបតែបានបង្កើតកំណត់ត្រាថ្មីប្រកបដោយភាពមិនធម្មតា។
យោងតាមទិន្នន័យរបស់ Bloomberg អគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla លោក Elon Musk បច្ចុប្បន្នមានទ្រព្យនៅក្នុងដៃដែលមានតម្លៃ 194.8 ពាន់លានដុល្លារអាមេរិក ច្រើនជាង 9.5 ពាន់លានដុល្លារបើធៀបជាមួយនឹងលោក Jeff Bezos ដែលជាអគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Amazon និងជាអ្នកដែលធ្លាប់បានកាន់កាប់តំណែងអ្នកមានជាងគេលំដាប់ទីមួយក្នុងពិភពលោក ចាប់ពីខែតុលា ឆ្នាំ 2017។
នេះត្រូវបានគេចាត់ទុកថាជាបរិបទ «មិនធម្មតា» សម្រាប់លោក Elon Musk និងជាប្រការមួយដែលជួយឱ្យជោគជ័យរបស់មហាសេដ្ឋីរូបនេះ អូសបន្លាយបន្តទៅមុខទៀត។ ក្នុងឆ្នាំ 2020 មូលបត្ររបស់ Tesla បានកើនឡើងជាង 740% ដែលក្នុងកម្រិតនេះ ក្រុមអ្នកដែលឈប់ជឿជាក់លើ Tesla បានខាតបង់ជាង 38 ពាន់លានដុល្លារ ដោយសារបានលក់មូលបត្ររបស់ពួកគេ។
បច្ចុប្បន្ន Tesla គឺជាក្រុមហ៊ុនដែលមានតម្លៃទុនខ្ពស់ជាងគេបង្អស់បើធៀបនឹងក្រុមហ៊ុនផលិតរថយន្តដទៃ។ កាលពីឆ្នាំ 2020 Tesla បានប្រគល់រថយន្តជូនដល់ដៃអតិថិជនចំនួន 499,550 គ្រឿង ក្នុងនោះមាន 180,570 គ្រឿងត្រូវបានលក់ក្នុងត្រីមាសទីបួន។
កំណើនមិនឈប់ឈរនៃមូលបត្ររបស់ Tesla បាននិងកំពុងនាំមកនូវផលប្រយោជន៍យ៉ាងច្រើនដល់មហាសេដ្ឋីអាមេរិកាំងដើមកំណើតអាហ្វ្រិកខាងត្បូងរូបនេះ។ ព្រោះថា ក្រៅពីកាន់កាប់មូលបត្រ 20% លោក Musk ក៏កំពុងកាន់កាប់ប្រាក់ចំណេញប្រមាណ 40 ពាន់លានដុល្លារដែលបានមកពីសិទ្ធិជ្រើសរើសមូលបត្រដែលជារង្វាន់របស់ក្រុមហ៊ុនសម្រាប់រូបលោក។ តួលេខមូលបត្រទាំងនេះបានមកពីខ្ទង់រង្វាន់ចំនួនពីរនៅឆ្នាំ 2021 និងឆ្នាំ 2018 ហើយនេះគឺជាខ្ទង់រង្វាន់ដែលធំមិនធ្លាប់បានឃើញពីមុនមកសម្រាប់ CEO ម្នាក់ និងក្រុមប្រឹក្សាភិបាលក្រុមហ៊ុន។
ក្រុមអ្នកវិភាគអះអាងថា Elon Musk ប្រៀបដូចជាកូន Nicola Tesla ដែលជាអ្នកប្រាជ្ញជនជាតិអាមេរិកាំងដើមកំណើតស៊ែប៊ី ដែលបានរកឃើញអគ្គិសនីចរន្តឆ្លាស់ Alternating Current (AC) រួមនឹងប័ណ្ណប៉ាតង់ចំនួន 300 និងរបកគំឃើញជាច្រើនផ្សេងទៀត។ លោក Musk គឺជាមនុស្សម្នាក់ដែលហាក់មានអំណាចដ៏អាថ៌កំបាំងដែលមិនទាន់មានអ្នកណាដឹង។ មហាសេដ្ឋីរូបនេះមានការច្នៃប្រឌិតឥតដែនកំណត់របស់ NicolaTesla ឬ Leonardo da Vinci។
មនុស្សមួយចំនួនបានចាត់ទុកលោក Elon Musk ដូចទៅនឹងមនុស្សដែលមានចក្ខុវិស័យកម្រិតកំពូល។ ចំណែកអ្នកខ្លះថា លោកជាមនុស្សបោកប្រាស់ កំពូលអ្នកអង់អាច និងប្រកបដោយគ្រោះថ្នាក់។ ប៉ុន្តែ អ្នកជំនួញ វិស្វករ សប្បុរសជន និងជាកំពូលអ្នកចូលចិត្តធ្វើឱ្យគេរងរបួសផ្លូវចិត្តដោយសម្ដីរូបនេះ គឺពិតជា «ពូជកម្រ» របស់មនុស្សនៅក្នុងសហស្សវត្សរ៍ទី 21៕