ក្រុមហ៊ុនបណ្ដាញទូរស័ព្ទចល័ត Smart កាលពីម្សិលមិញបានធ្វើការសម្ពោធដាក់ឱ្យប្រើប្រាស់នូវបច្ចេកវិទ្យា 4.5G មុខគេបង្អស់នៅកម្ពុជា ដែលក្រុមហ៊ុនមួយនេះនិយាយថា បច្ចេកវិទ្យាថ្មីនេះនឹងធ្វើឱ្យល្បឿនអ៊ីនធើណិតរបស់ខ្លួនមានល្បឿនលឿនជាងមុនរហូតដល់ 8 ដងបើប្រៀបធៀបនឹងប្រព័ន្ធចាស់។
លោក ថូម៉ាសហ៊ុន នាយកប្រតិបត្តិនៃក្រុមហ៊ុន Smart បានឱ្យដឹងថា បច្ចេកវិទ្យាថ្មីដែលខ្លួនទើបធ្វើការសម្ពោធដាក់ឱ្យប្រើប្រាស់នេះមានឈ្មោះថា 4.5G វាជាបច្ចេកវិទ្យាថ្មីដំបូងបង្អស់នៅកម្ពុជា អាចបង្កើនប្រសិទ្ធភាពបណ្តាញទូរស័ព្ទដែលនឹងផ្តល់ជូនអតិថិជន Smart នូវអ៊ីនធើណិតល្បឿនលឿនជាងមុន រួមផ្សំជាមួយបទពិសោធ និងការកម្សាន្តផ្សេងទៀតដែលផ្តល់ជូនដោយ Smart នៅលើសេវា 4G+ និង 4.5G ។ លោកថា៖ «បច្ចេកវិទ្យាថ្មីនេះ វាលឿនជាង 4G ធម្មតារហូតដល់ 8 ដង ក្នុងល្បឿនអតិបរមា 1Gbps»។
លោកបន្ដថា បច្ចុប្បន្ន Smart មានស្ថានីយបណ្តាញ 2G និង 3G ចំនួន 2300 កន្លែង និងស្ថានីយបណ្តាញ 4G LTE ចំនួន 1800 កន្លែងនៅទូទាំង 25 រាជធានី-ខេត្ត។ ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Smart ក្នុងការផ្តល់បណ្តាញអ៊ិនធើណិតចល័តលឿន និងធំបំផុតនៅកម្ពុជាអាចមើលឃើញយ៉ាងច្បាស់តាមរយៈការបង្កើនការវិនិយោគរបស់ខ្លួនជារៀងរាល់ឆ្នាំដើម្បីពង្រីកបណ្តាញ និងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនដែលស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាដែលចង់សម្រេចឱ្យបានការគ្របដណ្តប់ទូរស័ព្ទចល័ត100% នៅទីក្រុង និង70 % នៅទីជនបទត្រឹមឆ្នាំ 2020។
លោកបន្ថែមទៀតថា នៅឆ្នាំ 2017 នេះ Smart បានបោះទុនវិនិយោគចំនួន80លានដុល្លារដើម្បីពង្រីក និងកែលម្អបណ្តាញដើម្បីផ្តល់ជូនសេវាអ៊ីនធើណិត និងសេវាកម្មបែបឌីជីថលនានាបន្ថែមទៀត។ បន្ទាប់ពីបានក្លាយជាប្រតិបត្តិករដំបូងបង្អស់ដែលនាំយក 4G LTE និង 4G + មកកម្ពុជា ឥឡូវនេះ Smart បាននាំមកនូវ 4.5G ដល់កម្ពុជាទៀតហើយ ឯ5G ក៏នឹងគង់តែនាំមកដែរមិនខាន។
ក្រុមហ៊ុនកំពុងតែសិក្សាពីលទ្ធភាពបច្ចេកវិទ្យា 5G ដែលរួមមានបច្ចេកវិទ្យា Massive MIMO ដើម្បីធានាថា ខ្លួនបានត្រៀមរួចរាល់សម្រាប់ពេលដែលបទដ្ឋាន និងបច្ចេកវិទ្យានេះបានមកដល់។ 5G នឹងនាំមកនូវល្បឿនជាច្រើន Gbps សមត្ថភាពបណ្តាញធំទូលាយភាពយឺតយ៉ាវទាប និងសមត្ថភាពតភ្ជាប់ភ្លាមៗទៅនឹងឧបករណ៍ក្នុងពេលដំណាលគ្នា ដែលវានឹងអាចចាប់ផ្តើមដំណើរការនៅឆ្នាំ 2020៕