លោក Donald Trump បានថ្កោលទោសអំពើហិង្សា និងសន្យាថានឹងប្រគល់អំណាចដោយរលូនដល់រដ្ឋបាលលោក Biden នៅក្នុងការធ្វើសេចក្ដីថ្លែងការណ៍ជាសាធារណៈដំបូង ក្រោយពីមានអំពើហិង្សានៅសភា។
«យើងទើបតែបានឆ្លងកាត់ការបោះឆ្នោតប្រកបដោយភាពតានតឹង។ ប៉ុន្តែ ពេលនេះ ក្បាលដែលកំពុងក្ដៅ ត្រូវការត្រជាក់មកវិញ និងកែលម្អអស្ថិរភាព» លោក Trump ថ្លែងដូច្នេះនៅក្នុងវីដេអូមួយដែលត្រូវបានបង្ហោះនៅលើទំព័រ Twitter កាលពីយប់ថ្ងៃទី 7 មករា (ព្រឹកថ្ងៃទី 8 មករា នៅភ្នំពេញ)។
នេះគឺជាសេចក្ដីថ្លែងការណ៍ដំបូងរបស់ប្រធានាធិបតីអាមេរិក ក្រោយពីមានក្រុមអ្នកគាំទ្ររាប់រយនាក់របស់លោក បាននាំគ្នាសម្រុកចូលវិមានសភា នាំឱ្យមានភាពវឹកវរកើតឡើង។
លោក Trump ថ្លែងថា៖ «រដ្ឋាភិបាលថ្មីមួយនឹងស្បថចូលកាន់អំណាចនៅថ្ងៃទី 20 មករា។ អាទិភាពរបស់ខ្ញុំពេលនេះគឺការងាកទៅធានាដល់ការប្រគល់អំណាចប្រកបដោយភាពរលូន។ នេះជាដំណាក់កាលដែលត្រូវអំពាវនាវឱ្យមានការផ្សះផ្សាជាតិ»។
សេចក្ដីថ្លែងការណ៍នេះ ត្រូវបានគេជឿថា ជាការទទួលស្គាល់ដំបូងរបស់លោក Trump ចំពោះបរាជ័យក្នុងការបោះឆ្នោត។ លោក Trump ក៏បាននិយាយថា រយៈពេល 4 ឆ្នាំនៃការកាន់អំណាចគឺជា «កិត្តិយសនៃជីវិតរបស់ខ្ញុំ»។ យោងតាមសារព័ត៌មានអាមេរិក សំឡេងរបស់លោក Trump បានប្ដូរផ្លាស់ទាំងស្រុងក្នុងរយៈពេល 24 ម៉ោងកន្លងទៅនេះ។
«ក្រុមបាតុករដែលបានរំលោភចូលភ្នំ Capitol ធ្វើឱ្យល្អក់កករដល់ទីឋាននៃខឿនប្រជាធិបតេយ្យអាមេរិក។ ក្រុមអ្នកដែលបានចូលរួមប្រើអំពើហិង្សា និងបំផ្លិចបំផ្លាញ មិនតំណាងឱ្យប្រទេសជាតិយើងឡើយ។ ក្រុមអ្នកបំពានច្បាប់ នឹងត្រូវតែទទួលទោស» លោក Trump បញ្ជាក់យ៉ាងដូច្នេះ។
ក្រោយពីសភាអាមេរិកាំងបានទទួលស្គាល់ជ័យជំនះរបស់លោក Joe Biden លោក Trump តាមរយៈជំនួយការ ក៏បានឱ្យដឹងថា លោកនឹង «ប្រគល់អំណាចដោយរលូន» ទៅឱ្យរដ្ឋាភិបាលថ្មី៕
ប្រភព៖ AFP, Hill