ខ្សែប្រយុទ្ធ Diego Costa ត្រូវបានប្រាប់ដោយក្លិប Atletico Madrid ឲ្យបង្កើតសន្តិភាពជាមួយនឹងក្លិប Chelsea នៅមុនពេលពួកគេនឹងធ្វើការពិចារណាទៅលើការទិញយករូបគេត្រឡប់ចូលក្លិបវិញ។ វាមានន័យថា ខ្សែប្រយុទ្ធរបស់ក្រុមតោខៀវរូបនេះ បច្ចុប្បន្នកំពុងតែស្ថិតក្រោមសម្ពាធកាន់តែធំក្នុងការវិលទៅកាន់ប្រទេសអង់គ្លេសវិញ ខណៈដែលការដោះស្រាយលើបញ្ហារបស់រូបគេកំពុងតែក្លាយជាដុំពពកខ្មៅនៅដើមរដូវកាលនេះ។
ក្លិបទាំងពីរ ពិតជាចង់បង្កើតឲ្យមានការព្រមព្រៀងគ្នាមួយ បើទោះបីពួកគេមិនចុះសម្រុងនឹងគ្នាទៅលើតម្លៃខ្លួនក៏ដោយ។ ក្លិប Chelsea បានស្នើសុំតម្លៃខ្លួន50លានផោន (ស្មើនឹង64.5លានដុល្លារអាមេរិក) ប៉ុន្តែ Atletico ត្រៀមផ្តល់តម្លៃខ្លួនត្រឹមតែពាក់កណ្តាលនៃតម្លៃស្នើសុំនោះប៉ុណ្ណោះ។ ខ្សែប្រយុទ្ធអន្តរជាតិអេស្ប៉ាញរូបនេះបានអវត្តមានអស់រយៈពេល5សប្តាហ៍មកហើយ ក្រោយពីមានជម្លោះជាមួយនឹងលោកគ្រូបង្វឹក Antonio Conte។ ស្របពេលជាមួយគ្នានេះ វាមានសញ្ញាតិចតួចណាស់ដែលអ្នកទាំងពីរអាចស្រុះស្រួលគ្នាវិញនោះ។ Costa វ័យ29ឆ្នាំ បាននិយាយថា រូបគេចង់លេងឲ្យតែអតីតក្លិបរបស់គេនៅលើទឹកដីអេស្ប៉ាញប៉ុណ្ណោះ ប្រសិនបើរូបគេគ្មានអនាគតជាមួយនឹង Chelsea ដែលជាម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League។ ប៉ុន្តែ បញ្ហាជម្លោះនៅរដូវក្តៅនេះ កំពុងតែស្ថិតក្នុងភាពស្រពេចស្រពិល ខណៈដែលកីឡាកររូបនេះបានបដិសេធក្នុងការវិលទៅកាន់ការហ្វឹកហាត់នៅអង់គ្លេស ស្របតាមការទាមទាររបស់ក្លិប Chelsea។
Costa បានចោទប្រកាន់ថា រូបគេត្រូវបានចាត់ទុកដូចជា «ជនឧក្រិដ្ឋម្នាក់» អ៊ីចឹង ហើយថា រូបគេដូចជាសំរាមអ៊ីចឹង ក្រោយពីលោក Conte បានផ្ញើសារប្រាប់រូបគេថា រូបគេលែងមានអនាគតនៅក្នុងក្លិប Chelsea ហើយ។ Chelsea អាចនឹងធ្វើការពិន័យទៅលើប្រាក់បៀវត្សរ៍របស់គេរាល់ពេល2សប្តាហ៍ម្តង នៅពេលដែលរូបគេអវត្តមានដោយគ្មានការអនុញ្ញាត៕
ប្រភពពី៖ The Sun